ទំនុកតម្កើង 86:11-17

ទំនុកតម្កើង 86:11-17 គខប

ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ទូលបង្គំ ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ ទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់ គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​លើក​តម្កើង​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត ទូលបង្គំ​នឹង​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌នាម​របស់​ព្រះអង្គ​រហូត​ត​ទៅ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ចំពោះ​ទូលបង្គំ​ខ្លាំង​ណាស់ ព្រះអង្គ​បាន​រំដោះ​ជីវិត​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​មច្ចុរាជ។ ឱ​ព្រះ‌ជាម្ចាស់​អើយ មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ មនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ទូលបង្គំ អ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ព្រះអង្គ​ទេ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ មេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។ សូម​បែរ​មក​ទត​មើល​ទូលបង្គំ សូម​ប្រណី​សន្ដោស​ទូលបង្គំ សូម​ប្រទាន​កម្លាំង​មក​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ ដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះអង្គ​ផង!។ សូម​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ ចំពោះ​ទូលបង្គំ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ ឃើញ ហើយ​ត្រូវ​អាម៉ាស់។ ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ​ដែល​ជួយ​សង្គ្រោះ និង​សម្រាល​ទុក្ខ​ទូលបង្គំ។