ទំនុកតម្កើង 86

86
សូម​ថែ‌រក្សា​ជីវិត​ទូលបង្គំ​ផង!
ពាក្យ​អធិស្ឋាន​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ
ហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង
ដ្បិត​ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត!
2សូម​រក្សា​ការពារ​ជីវិត​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ
ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
សូម​សង្គ្រោះ​អ្នក​បម្រើ​របស់​ព្រះអង្គ
ដែល​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​នេះ​ផង!
3ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ
ដ្បិត​ទូលបង្គំ​ស្រែក​អង្វរ​រក​ព្រះអង្គ​ពេញ​មួយ​ថ្ងៃ។
4សូម​ប្រោស​អ្នក​បម្រើ​របស់​ព្រះអង្គ
ឲ្យ​មាន​អំណរ​សប្បាយ
ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអង្គ
5ឱ​ព្រះ‌អម្ចាស់​អើយ
មាន​តែ​ព្រះអង្គ​ទេ
ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស
និង​ចេះ​អត់‌ឱន​ឲ្យ​យើង​ខ្ញុំ
ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លុប
ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ព្រះអង្គ។
6ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ
សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់
នឹង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ​ផង។
7នៅ​ថ្ងៃ​មាន​អាសន្ន ទូលបង្គំ​អង្វរ​រក​ព្រះអង្គ
ដ្បិត​ព្រះអង្គ​ឆ្លើយ​តប​មក​ទូលបង្គំ។
8ឱ​ព្រះ‌អម្ចាស់​អើយ
ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ
គ្មាន​ព្រះ​ណា​ដូច​ព្រះអង្គ​ទេ
ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ
ដូច​ព្រះអង្គ​ឡើយ។
9 ព្រះ‌អម្ចាស់​អើយ
ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​បង្កើត​មក
នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ
ហើយ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌នាម​ព្រះអង្គ។
10ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម
ព្រះអង្គ​ធ្វើ​ការ​អស្ចារ្យ
មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌ជាម្ចាស់។
11 ព្រះ‌អម្ចាស់​អើយ
សូម​បង្រៀន​ទូលបង្គំ
ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ
ទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ
សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់
គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះអង្គ។
12ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​លើក​តម្កើង​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត
ទូលបង្គំ​នឹង​លើក​តម្កើង​សិរី‌រុងរឿង
ព្រះ‌នាម​របស់​ព្រះអង្គ​រហូត​ត​ទៅ
13ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ចំពោះ​ទូលបង្គំ​ខ្លាំង​ណាស់
ព្រះអង្គ​បាន​រំដោះ​ជីវិត​ទូលបង្គំ
ឲ្យ​រួច​ផុត​ពី​មច្ចុរាជ។
14ឱ​ព្រះ‌ជាម្ចាស់​អើយ
មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ
មនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ទូលបង្គំ
អ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ព្រះអង្គ​ទេ។
15 ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ
ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស
ព្រះអង្គ​អត់‌ធ្មត់
ហើយ​ពោរ‌ពេញ​ទៅ​ដោយ
មេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។
16សូម​បែរ​មក​ទត​មើល​ទូលបង្គំ
សូម​ប្រណី​សន្ដោស​ទូលបង្គំ
សូម​ប្រទាន​កម្លាំង​មក​ទូលបង្គំ
ហើយ​សង្គ្រោះ​ទូលបង្គំ
ដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះអង្គ​ផង!។
17សូម​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ
ចំពោះ​ទូលបង្គំ
ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ
ឃើញ ហើយ​ត្រូវ​អាម៉ាស់។
ឱ​ព្រះ‌អម្ចាស់​អើយ
មាន​តែ​ព្រះអង្គ​ទេ​ដែល​ជួយ​សង្គ្រោះ
និង​សម្រាល​ទុក្ខ​ទូលបង្គំ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 86: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល