ទំនុកតម្កើង 84:1-12

ទំនុកតម្កើង 84:1-12 គខប

ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់ របស់​ព្រះអង្គ​ណាស់! ទូលបង្គំ​អន្ទះ‌អន្ទែង​ប្រាថ្នា​ចង់​ចូល ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់​ពន់​ពេក​ក្រៃ ទូលបង្គំ​បន្លឺ​សំឡេង​តម្កើង ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត។ ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ! សូម្បី​តែ​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ ក៏​រក​បាន​កន្លែង​ធ្វើ​សំបុក​ដាក់​កូន​ចៅ​វា នៅ​ជិត​អាសនៈ​របស់​ព្រះអង្គ​ដែរ។ មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ គេ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​រៀង​ទៅ!។ - សម្រាក អ្នក​ណា​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​មក​ពី​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ! ដ្បិត​គេ​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​ព្រះ‌ដំណាក់ របស់​ព្រះអង្គ​ដោយ​ចិត្ត​ស្មោះ‌សរ។ នៅ​ពេល​ពួក​គេ​ដើរ​កាត់​ជ្រោះ​រីង‌ស្ងួត ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទី​នោះ​ប្រែ​ទៅ​ជា​ប្រភព​ទឹក ហើយ​ភ្លៀង​នៅ​ដើម​រដូវ​ក៏​ធ្លាក់​មក ជា​ព្រះ‌ពរ​លើ​កន្លែង​នោះ​ដែរ។ ពួក​គេ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជានិច្ច នៅ​ពេល​ពួក​គេ​កាន់​តែ​ខិត​ចូល​ជិត​ព្រះ‌ជាម្ចាស់ នៅ​លើ​ភ្នំ​ស៊ីយ៉ូន។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ! ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ​ផង!។ - សម្រាក ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជា​ខែល​ការពារ​យើង​ខ្ញុំ សូម​ទ្រង់​ព្រះ​សន្ដោស​ទត​មក​ព្រះ‌រាជា ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក!។ មួយ​ថ្ងៃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត ហេតុ​នេះ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ឈរ​នៅ មាត់​ទ្វារ​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ ជា​ជាង​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ពន្លឺ​ថ្ងៃ និង​ជា​ខែល​ការពារ​យើង ព្រះ‌អម្ចាស់​ប្រណី​សន្ដោស និង​ប្រទាន​ឲ្យ​យើង​បាន​រុងរឿង ព្រះអង្គ​តែងតែ​ប្រទាន​សុភមង្គល​ឲ្យ​អស់​អ្នក ដែល​រស់​នៅ ដោយ​គ្មាន​សៅ‌ហ្មង។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ អ្នក​ណា​ទុក​ចិត្ត​លើ​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។