ទំនុកតម្កើង 80:1-19

ទំនុកតម្កើង 80:1-19 គខប

ឱ​ព្រះ‌ជាម្ចាស់​ដែល​ជា​គង្វាល នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​យើង​ខ្ញុំ ព្រះអង្គ​ដឹក​នាំ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប ដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម ឱ​ព្រះអង្គ​ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*​អើយ សូម​សម្តែង​ព្រះ‌បារមី​ដ៏​រុងរឿង​របស់​ព្រះអង្គ សូម​សម្តែង​ព្រះ‌ចេស្ដា​ឲ្យ​កុល‌សម្ព័ន្ធ អេប្រាអ៊ីម បេន‌យ៉ាមីន និង​ម៉ាណា‌សេ​ឃើញ សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង! ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះ‌ហឫទ័យ សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត! ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ តើ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ មិន​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ប្រជា‌រាស្ត្រ​ព្រះអង្គ ដល់​កាល​ណា​ទៀត? ព្រះអង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​សោក​សង្រេង ឥត​ស្រាក‌ស្រាន្ត ឲ្យ​យើង​ខ្ញុំ​យំ​ខ្សោះ​ទឹក​ភ្នែក។ ព្រះអង្គ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ជិត​ខាង​ឈ្លោះ​គ្នា ដណ្ដើម​យក​ទឹក​ដី​យើង​ខ្ញុំ ហើយ​ខ្មាំង​សត្រូវ​ចំអក​ឡក‌ឡឺយ​ឲ្យ​យើង​ខ្ញុំ។ ឱ​ព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ ព្រះ‌ហឫទ័យ​សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត! ព្រះអង្គ​បាន​គាស់​ទំពាំង‌បាយជូរ​មួយ​ដើម ពី​ស្រុក​អេស៊ីប​មក ព្រះអង្គ​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដី ហើយ​យក​ទំពាំង‌បាយជូរ​នេះ​មក​ដាំ​ជំនួស។ ព្រះអង្គ​ឆ្ការ​ដី​កន្លែង​នោះ​យ៉ាង​ស្អាត ដើម​ទំពាំង‌បាយជូរ​ក៏​ចាក់​ឫស ហើយ​ដុះ​ពាស‌ពេញ​នៅ​ក្នុង​ស្រុក ម្លប់​ទំពាំង‌បាយជូរ​គ្រប​ដណ្តប់​ទៅ​លើ​ភ្នំ​នានា ហើយ​មែក​របស់​វា​គ្រប ពី​លើ​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ។ ដើម​ទំពាំង‌បាយជូរ​បែក​មែក​រហូត​ទៅ​ដល់​សមុទ្រ ហើយ​មាន​ពន្លក​លាស់​ចេញ​មក រហូត​ទៅ​ដល់​ទន្លេ​អឺប្រាត។ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​រំលំ​របង​ចម្ការ ទំពាំង‌បាយជូរ​នេះ បណ្ដាល​ឲ្យ​អស់​អ្នក​ធ្វើ​ដំណើរ កាត់​តាម​នោះ​នាំ​គ្នា​បេះ​ផ្លែ​ដូច្នេះ? ជ្រូក​ព្រៃ​មក​បំផ្លិច‌បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ ហើយ​សត្វ​នានា​នៅ​ទី​វាល​ក៏​នាំ​គ្នា​ស៊ី​ដើម ទំពាំង‌បាយជូរ​នេះ​ដែរ។ ឱ​ព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​យាង​មក​វិញ! សូម​ទត​មើល​ពី​ស្ថាន​បរម‌សុខ​មក! សូម​យាង​មក​ជួយ​ចម្ការ​ទំពាំង‌បាយជូរ​នេះ​ផង! សូម​ការពារ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ព្រះអង្គ​បាន​ដាំ ដោយ​ព្រះអង្គ​ផ្ទាល់ គឺ​បុត្រ​ដែល​ព្រះអង្គ​បាន​ពង្រឹង​ឲ្យ​មាំ‌មួន​ឡើង! សូម​ឲ្យ​ខ្មាំង​សត្រូវ​ដែល​បាន​ដុត​បំផ្លាញ និង​កាប់​ឆ្ការ​ចម្ការ​ទំពាំង‌បាយជូរ​នេះ ត្រូវ​វិនាស​សូន្យ​ទៅ នៅ​ពេល​ព្រះអង្គ​គំរាម​កំហែង​ពួក​គេ។ សូម​ដាក់​ព្រះ‌ហស្ដ​លើ​មនុស្ស ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ព្រះអង្គ គឺ​លើ​បុត្រ​មនុស្ស​ដែល​ព្រះអង្គ​បាន​ពង្រឹង ឲ្យ​មាំ‌មួន​ឡើង។ យើង​ខ្ញុំ​នឹង​មិន​បែក​ចិត្ត ចេញ​ពី​ព្រះអង្គ​ទៀត​ឡើយ សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ រស់​រាន​មាន​ជីវិត​ឡើង​វិញ​ផង នោះ​យើង​ខ្ញុំ​គោរព​បម្រើ​ព្រះ‌នាម​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះ‌ហឫទ័យ សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!