ទំនុកតម្កើង 72:1-19

ទំនុកតម្កើង 72:1-19 គខប

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​ព្រះ‌រាជា ចេះ​វិនិច្ឆ័យ​ដូច​ព្រះអង្គ ហើយ​សូម​ឲ្យ​ព្រះ‌រាជ‌បុត្រ​របស់​ព្រះ‌រាជា បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត ដូច​ព្រះអង្គ​ដែរ! ដើម្បី​ឲ្យ​ព្រះ‌រាជា​អាច​គ្រប់‌គ្រង ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដោយ​សុចរិត ហើយ​គ្រប់‌គ្រង​ជន​ក្រីក្រ​ដោយ​យុត្តិធម៌។ សូម​ឲ្យ​ភ្នំ​ទាំង‌ឡាយ​ផ្ដល់​នូវ​ភោគ‌ផល ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជា‌រាស្ត្រ ព្រម​ទាំង​នាំ​ឲ្យ​ពួក​គេ​ស្គាល់ សេចក្ដី​សុចរិត​ដែរ។ សូម​ព្រះ‌រាជា​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ សូម​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​កម្សត់​ទុគ៌ត ហើយ​កម្ទេច​អស់​អ្នក​ដែល​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ ដរាប​ណា​នៅ​មាន​ព្រះ‌អាទិត្យ​រះ មាន​ព្រះ‌ច័ន្ទ​បញ្ចេញ​រស្មី សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ សូម​ទ្រង់​ផ្ដល់​ព្រះ‌ពរ​ដល់​ប្រជា‌រាស្ត្រ ដូច​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​ស្រែ​ចម្ការ និង​ដូច​ជា​ភ្លៀង​បង្អុរ​ចុះ​មក​ស្រោច​ស្រព​ផែនដី។ សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើង ក្នុង​រជ្ជកាល​របស់​ព្រះ‌ករុណា ហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទ សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​មាន​យ៉ាង​បរិបូណ៌។ សូម​ឲ្យ​រាជ្យ​របស់​ព្រះ‌ករុណា​លាត​សន្ធឹង ពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយ និង​លាត​សន្ធឹង​ពី​ទន្លេ​អឺប្រាត​នេះ រហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។ ប្រជា‌ជន​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណា ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា ត្រូវ​បរា‌ជ័យ ងើប​មុខ​មិន​រួច ។ ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​តើស៊ីស និង​នៅ​កោះ​នានា នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌ករុណា ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបា ក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ថ្វាយ​ដែរ។ ស្ដេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណា ហើយ​ប្រជា‌ជាតិ​ទាំង​អស់ នឹង​នាំ​គ្នា​បម្រើ​ព្រះ‌ករុណា។ ព្រះ‌ករុណា​រំដោះ​ជន​ក្រីក្រ នៅ​ពេល​គេ​ស្រែក​អង្វរ​ព្រះ‌ករុណា ហើយ​ព្រះ‌ករុណា​រំដោះ​ជន​ទុគ៌ត ដែល​គ្មាន​ទី​ពឹង។ ព្រះ‌ករុណា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ព្រះ‌ករុណា​សង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។ ព្រះ‌ករុណា​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត ពី​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​ឃោរ‌ឃៅ ចំពោះ​ព្រះ‌ករុណា ជីវិត​របស់​ពួក​គេ​មាន​តម្លៃ​ណាស់។ សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ! គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ថ្វាយ​ព្រះ‌ករុណា គេ​នឹង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ព្រះ‌រាជា ឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃ គេ​នឹង​ថ្វាយ​ព្រះ‌ពរ​ដល់​ព្រះ‌រាជា។ នៅ​ក្នុង​ស្រុក សូម​ឲ្យ​មាន​ស្រូវ​យ៉ាង​បរិបូណ៌ នៅ​តាម​កំពូល​ភ្នំ សូម​ឲ្យ​មាន​ភោគ‌ផល​ច្រើន ដូច​នៅ​ស្រុក​លីបង់ ហើយ​នៅ​ក្នុង​ទីក្រុង សូម​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើង ដូច​ស្មៅ​នៅ​តាម​ទី​វាល។ សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌នាម ល្បី‌ល្បាញ​រហូត​ត​ទៅ គឺ​សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌ករុណា នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដូច​ព្រះ‌អាទិត្យ។ សូម​ឲ្យ​មនុស្ស‌ម្នា​យក​ព្រះ‌នាម​ព្រះ‌ករុណា ទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា ព្រះ‌រាជា​ប្រកប​ដោយ​ព្រះ‌ពរ! សូម​លើក​តម្កើង​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​មាន​តែ​ព្រះអង្គ​ទេ ដែល​សម្តែង​ការ​អស្ចារ្យ​ទាំង​នេះ! សូម​លើក​តម្កើង​ព្រះ‌នាម​ដ៏​រុងរឿង របស់​ព្រះអង្គ​រហូត​ត​ទៅ! សូម​ឲ្យ​ផែនដី​ទាំង​មូល​បាន​ពោរ‌ពេញ ទៅ​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ! អាម៉ែន! អាម៉ែន!

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ