ទំនុកតម្កើង 69:13-18

ទំនុកតម្កើង 69:13-18 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ឥឡូវ​នេះ ជា​ពេល​ដែល​គាប់​ព្រះ‌ហឫទ័យ ព្រះអង្គ​ហើយ ឱ​ព្រះ‌ជាម្ចាស់​អើយ ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង ព្រះអង្គ​ពិត​ជា​សង្គ្រោះ​ទូលបង្គំ​មិន​ខាន សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង!។ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ភក់​ជ្រាំ​នេះ កុំ​ឲ្យ​ទូលបង្គំ​ផុង​ខ្លួន​ទៀត​ឡើយ! សូម​ឲ្យ​ទូលបង្គំ​បាន​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ សូម​យក​ទូលបង្គំ​ចេញ​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង! សូម​កុំ​ឲ្យ​ចរន្ត​ទឹក​នេះ អាច​ហូរ​នាំ​យក​ទូលបង្គំ​ទៅ​បាន​ឡើយ សូម​កុំ​ឲ្យ​ទឹក​ដ៏​ជ្រៅ​នេះ កួច​យក​ទូលបង្គំ​ឲ្យ​លិច​លង់ ហើយ​ក៏​សូម​កុំ​ឲ្យ​អណ្ដូង​នេះ ឃុំ ទូលបង្គំ​ទុក​បាន​ដែរ! ព្រះ‌អម្ចាស់​អើយ ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស និង​មេត្តា​ករុណា សូម​ឆ្លើយ​តប​មក​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ធំ‌ធេង សូម​ងាក​មក​ទត​មើល​ទូលបង្គំ​ផង! សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ឡើយ សូម​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន! សូម​យាង​មក​ជិត​ទូលបង្គំ ហើយ​លោះ​ជីវិត​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​ខ្មាំង​សត្រូវ​ផង!