ពេលព្រះជាម្ចាស់ក្រោកឡើង ខ្មាំងសត្រូវរបស់ព្រះអង្គបាក់ទ័ព ហើយអស់អ្នកដែលស្អប់ព្រះអង្គ នឹងនាំគ្នារត់ចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គ។ ព្រះអង្គនឹងធ្វើឲ្យពួកគេ រលាយសូន្យទៅដូចជាផ្សែង ហើយមនុស្សអាក្រក់នឹងរលាយសូន្យ បាត់ពីព្រះភ័ក្ត្រព្រះអង្គ ដូចក្រមួនត្រូវថ្ងៃ ។ រីឯមនុស្សសុចរិតវិញនឹងបានរីករាយ គេនឹងអរសប្បាយឥតឧបមា នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គេមានអំណរសប្បាយយ៉ាងខ្លាំង។ ចូរច្រៀងតម្កើងព្រះជាម្ចាស់ ចូរស្មូត្រទំនុកតម្កើង ព្រះនាមព្រះអង្គ! ចូរត្រួសត្រាយផ្លូវថ្វាយព្រះអង្គ ដែលជិះសេះកាត់អាកាសវេហាស៍! ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។ ចូរនាំគ្នាអរសប្បាយឥតឧបមា នៅចំពោះព្រះភ័ក្ត្រព្រះអង្គ! ព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះដំណាក់ដ៏វិសុទ្ធ* ព្រះអង្គជាឪពុករបស់ក្មេងកំព្រា ព្រះអង្គរកយុត្តិធម៌ឲ្យស្ត្រីមេម៉ាយ។ ព្រះជាម្ចាស់ប្រទានគ្រួសារ ឲ្យមនុស្សឯកោ ព្រះអង្គនាំអ្នកជាប់ឃុំឃាំង ឲ្យមានសេរីភាពពេញទី រីឯជនបះបោរវិញ គេនឹងទៅរស់នៅក្នុងទីហួតហែង។ បពិត្រព្រះជាម្ចាស់ ពេលព្រះអង្គនាំមុខប្រជារាស្ដ្ររបស់ព្រះអង្គ ពេលព្រះអង្គយាងនៅវាលរហោស្ថាន - សម្រាក ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង ចុះមកយ៉ាងខ្លាំងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល ដូចគ្រានៅភ្នំស៊ីណៃដែរ។ ឱព្រះជាម្ចាស់អើយ! ព្រះអង្គបានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំ មកលើទឹកដីដ៏ហួតហែងរបស់ព្រះអង្គ ដើម្បីឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ បានរស់រានឡើងវិញ។ ប្រជារាស្ត្ររបស់ព្រះអង្គបានតាំងទីលំនៅ លើទឹកដីនោះ ដោយព្រះអង្គសម្តែងព្រះហឫទ័យសប្បុរស ចំពោះពួកគេដែលជាជនកម្សត់ទុគ៌ត។
អាន ទំនុកតម្កើង 68
ស្ដាប់នូវ ទំនុកតម្កើង 68
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 68:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ