ទំនុកតម្កើង 64

64
ព្រះ‌អម្ចាស់​ដាក់​ទោស​មនុស្ស​ពោល​ពាក្យ​ទុច្ចរិត
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទំនួញ
របស់​ទូលបង្គំ!
ទូលបង្គំ​ភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់
សូម​ការពារ​ជីវិត​ទូលបង្គំ​ផង!។
2សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ផុត
ពី​ការ​ឃុប‌ឃិត​របស់​មនុស្ស​អាក្រក់
និង​ឲ្យ​ទូលបង្គំ​បាន​រួច​ផុត
ពី​កណ្ដាប់​ដៃ​របស់​ពួក​មនុស្ស​ពាល។
3គេ​ប្រើ​ពាក្យ​សម្ដី ដូច​ដាវ​ដ៏​មុត
ពួក​គេ​ចោល​ពាក្យ​សម្ដី ដូច​គេ​ចោល​លំពែង។
4ពួក​គេ​លួច​ប្រហារ​មនុស្ស​ទៀង​ត្រង់
គឺ​គេ​ប្រហារ​មិន​ឲ្យ​ដឹង​ខ្លួន
ហើយ​ពួក​គេ​មិន​ខ្លាច​ក្រែង​អ្វី​ឡើយ។
5ពួក​គេ​និយាយ​លើក​ទឹក​ចិត្ត​គ្នា
ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់
ពួក​គេ​គិត​គ្នា​ពី​ការ​លប​ដាក់​អន្ទាក់
ចាំ​ចាប់​អ្នក​ដទៃ ទាំង​ពោល​ថា
«គ្មាន​នរណា​ឃើញ​ទេ!»។
6គេ​នាំ​គ្នា​បង្ក​អំពើ​ទុច្ចរិត ទាំង​ពោល​ថា៖
«ឥឡូវ​នេះ យើង​រៀបចំ​ផែន​ការ
របស់​យើង​យ៉ាង​ល្អ​រួច​រាល់​ហើយ!»។
គ្មាន​នរណា​អាច​យល់​គំនិត​អប្រិយ
នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​មនុស្ស​បាន​ទេ!
7ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​ប្រហារ​ពួក​គេ
ដោយ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុន
ពួក​គេ​ក៏​របួស​ដួល។
8ពាក្យ​សម្ដី​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​វិនាស
អស់​អ្នក​ដែល​ឃើញ​ពួក​គេ នឹង​នាំ​គ្នា​គ្រវី​ក្បាល។
9មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង
គេ​ប្រកាស​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ
គេ​យល់​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ។
10សូម​ឲ្យ​មនុស្ស​សុចរិត​មាន​អំណរ​សប្បាយ
ដោយ‌សារ​ព្រះ‌អម្ចាស់
ហើយ​នាំ​គ្នា​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ
សូម​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់
លើក​តម្កើង​ព្រះអង្គ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 64: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល