ឱព្រះជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតមានមនុស្សលើកគ្នាវាយប្រហារទូលបង្គំ គេលើកគ្នាមកប្រយុទ្ធ និងបៀតបៀនទូលបង្គំជារៀងរាល់ថ្ងៃ។ ជារៀងរាល់ថ្ងៃ បច្ចាមិត្តរបស់ទូលបង្គំ នាំគ្នាដេញវាយប្រហារទូលបង្គំ ពួកគេវាយឫកខ្ពស់ ហើយគេមានគ្នាច្រើន មកប្រយុទ្ធនឹងទូលបង្គំ។ ឱព្រះជាម្ចាស់អើយ! នៅថ្ងៃទូលបង្គំភ័យខ្លាច ទូលបង្គំផ្ញើជីវិតលើព្រះអង្គ។ ខ្ញុំសរសើរតម្កើងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ តើមនុស្សដែលតែងតែស្លាប់ អាចធ្វើអ្វីខ្ញុំកើត? ជារៀងរាល់ថ្ងៃ ពួកគេជេរប្រមាថ ធ្វើឲ្យខ្ញុំឈឺចុកចាប់ គេតែងប៉ុនប៉ងធ្វើបាបខ្ញុំជានិច្ច។ គេឃុបឃិតគ្នាចាំឃ្លាំមើល និងតាមដានខ្ញុំ ដើម្បីរកឱកាសសម្លាប់ខ្ញុំ។ ឱព្រះជាម្ចាស់អើយ! សូមដាក់ទោសពួកគេ តាមអំពើអាក្រក់ ដែលពួកគេប្រព្រឹត្ត សូមទ្រង់សម្តែងព្រះពិរោធ បង្ក្រាបប្រជាជនទាំងនោះ។ ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំរងទុក្ខយ៉ាងណា សូមត្រងទឹកភ្នែកទូលបង្គំទុក ព្រះអង្គបានរាប់តំណក់ទឹកភ្នែក ទាំងនោះក្នុងបញ្ជីស្រាប់ហើយ។ នៅថ្ងៃដែលខ្ញុំស្រែករកព្រះអង្គ ខ្មាំងសត្រូវរបស់ខ្ញុំមុខជាដកខ្លួនថយ ខ្ញុំដឹងច្បាស់ថាព្រះជាម្ចាស់ទ្រង់គង់នៅខាងខ្ញុំ។ ខ្ញុំសរសើរតម្កើងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ខ្ញុំសរសើរតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ តើមនុស្សដែលតែងតែស្លាប់ អាចធ្វើអ្វីខ្ញុំបាន? ឱព្រះជាម្ចាស់អើយ! ទូលបង្គំត្រូវតែថ្វាយតង្វាយ តាមពាក្យដែលទូលបង្គំបានបន់ស្រន់ព្រះអង្គ ទូលបង្គំនឹងថ្វាយយញ្ញបូជាអរព្រះគុណព្រះអង្គ។ ដ្បិតព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់ ជើងទូលបង្គំនឹងមិនត្រូវជំពប់ដួលឡើយ ហើយខ្ញុំនឹងដើរនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ក្រោមពន្លឺដែលបំភ្លឺមនុស្សលោក។
អាន ទំនុកតម្កើង 56
ស្ដាប់នូវ ទំនុកតម្កើង 56
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 56:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ