ទំនុកតម្កើង 56:1-13

ទំនុកតម្កើង 56:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ដ្បិត​មនុស្ស​ជាន់​ឈ្លីទូល‌បង្គំ​ហើយ គេ​វាយ​ប្រហារ ហើយ​សង្កត់‌សង្កិន ទូល‌បង្គំ​រាល់​ថ្ងៃ។ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ជាន់​ឈ្លី​ទូល‌បង្គំ​រាល់​ថ្ងៃ ដ្បិត​មាន​មនុស្ស​ជា​ច្រើន​វាយ​ប្រហារ​ទូល‌បង្គំ ទាំង​ចិត្ត​អួត​អាង។ ពេល​ទូល‌បង្គំ​ភ័យ​ខ្លាច ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ ៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ ខ្ញុំ​ទុក​ចិត្ត ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ តើ​សាច់​ឈាម​អាចធ្វើ​អ្វី​ដល់​ខ្ញុំ​បាន? គេ​មួល​បង្កាច់​ពាក្យ​ខ្ញុំ​វាល់​ព្រឹក​វាល់​ល្ងាច អស់​ទាំង​គំនិត​របស់​គេ សុទ្ធ​តែ​ប៉ង​ធ្វើ​អាក្រក់​ដល់​ខ្ញុំ។ គេរក​រឿង​ឈ្លោះប្រកែក គេ​ពួន​ខ្លួន គេ​ឃ្លាំ​មើល​ជំហាន​របស់​ខ្ញុំ ព្រោះ​គេ​រក​ឱកាស​នឹង​សម្លាប់​ខ្ញុំ។ ៙ តើ​គេ​នឹង​គេច​ផុត​ដោយ​អំពើ​អាក្រក់ រប​ស់​គេ​បាន​ឬ? ឱ​ព្រះ​អើយ សូម​ទម្លាក់​ប្រជាជនទាំង​នោះ ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ទៅ។ ព្រះ‌អង្គ​បាន​កត់​ត្រា​ទុក​អស់​ការ​សាត់​អណ្តែត របស់​ទូល‌បង្គំ ក៏​ដាក់​ទឹក​ភ្នែក​ទូល‌បង្គំទុក​ក្នុង​ដប​របស់​ព្រះ‌អង្គ តើ​ទឹក​ភ្នែក​ទាំង​នោះ មិន​នៅ​ក្នុង​បញ្ជី​ព្រះ‌អង្គ​ទេ​ឬ? ពេល​នោះ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​នឹង​ដក​ថយ នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​ដឹងច្បាស់​ថា ព្រះ‌អង្គ​គង់​ខាង​ទូល‌បង្គំ។ ៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌យេហូវ៉ា ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ ខ្ញុំ​ទុក​ចិត្ត ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន? ៙ ឱ​ព្រះ​អើយ ទូល‌បង្គំត្រូវ​តែ​លា​បំណន់ តាម​ពាក្យ​ដែល​ទូល‌បង្គំ​បាន​បន់​ដល់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ថ្វាយ​តង្វាយ​អរ​ព្រះ‌គុណ ដល់​ព្រះ‌អង្គ។ ដ្បិត​ព្រះ‌អង្គ​បាន​រំដោះព្រលឹង​ទូល‌បង្គំ ឲ្យ​រួច​ពី​ស្លាប់ អើ ក៏​បានជួយ​ជើង​ទូល‌បង្គំ​មិនឲ្យ​ដួលដែរ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ដើរ​នៅ​ចំពោះ​ព្រះ ក្នុង​ពន្លឺ​នៃ​ជីវិត។

ទំនុកតម្កើង 56:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង ដ្បិត​មាន​មនុស្ស​លើក​គ្នា​វាយ​ប្រហារ​ទូលបង្គំ គេ​លើក​គ្នា​មក​ប្រយុទ្ធ និងបៀត‌បៀន​ទូលបង្គំ​ជា​រៀង​រាល់​ថ្ងៃ។ ជា​រៀង​រាល់​ថ្ងៃ បច្ចា‌មិត្ត​របស់​ទូលបង្គំ នាំ​គ្នា​ដេញ​វាយ​ប្រហារ​ទូលបង្គំ ពួក​គេ​វាយ​ឫក​ខ្ពស់ ហើយ​គេ​មាន​គ្នា​ច្រើន មក​ប្រយុទ្ធ​នឹង​ទូលបង្គំ។ ឱ​ព្រះ‌ជាម្ចាស់​អើយ! នៅ​ថ្ងៃ​ទូលបង្គំ​ភ័យ​ខ្លាច ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។ ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ អាច​ធ្វើ​អ្វី​ខ្ញុំ​កើត? ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​ជេរ​ប្រមាថ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់ គេ​តែង​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ​ជានិច្ច។ គេ​ឃុប‌ឃិត​គ្នា​ចាំ​ឃ្លាំ​មើល និង​តាម​ដាន​ខ្ញុំ ដើម្បី​រក​ឱកាស​សម្លាប់​ខ្ញុំ។ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់ ដែល​ពួក​គេ​ប្រព្រឹត្ត សូម​ទ្រង់​សម្តែង​ព្រះ‌ពិរោធ បង្ក្រាប​ប្រជា‌ជន​ទាំង​នោះ។ ព្រះអង្គ​ជ្រាប​ច្បាស់​ថា ទូលបង្គំ​រង​ទុក្ខ​យ៉ាង​ណា សូម​ត្រង​ទឹក​ភ្នែក​ទូលបង្គំ​ទុក ព្រះអង្គ​បាន​រាប់​តំណក់​ទឹក​ភ្នែក ទាំង​នោះ​ក្នុង​បញ្ជី​ស្រាប់​ហើយ។ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​មុខ​ជា​ដក​ខ្លួន​ថយ ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះ‌ជាម្ចាស់​ទ្រង់​គង់​នៅ​ខាង​ខ្ញុំ។ ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ អាច​ធ្វើ​អ្វី​ខ្ញុំ​បាន? ឱ​ព្រះ‌ជាម្ចាស់​អើយ! ទូលបង្គំ​ត្រូវ​តែ​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​ទូលបង្គំ​បាន​បន់‌ស្រន់​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ​ព្រះអង្គ។ ដ្បិត​ព្រះអង្គ​បាន​រំដោះទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់ ជើង​ទូលបង្គំ​នឹង​មិន​ត្រូវ​ជំពប់​ដួល​ឡើយ ហើយ​ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ក្រោម​ពន្លឺ​ដែល​បំភ្លឺ​មនុស្ស​លោក។

ទំនុកតម្កើង 56:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​អាណិត​មេត្តា​ដល់​ទូលបង្គំ ដ្បិត​មនុស្ស​ចង់​លេប​បំបាត់​ទូលបង្គំ​ហើយ គេ​សង្កត់‌សង្កិន ដោយ​តស៊ូ​នឹង​ទូលបង្គំ​ជា​ដរាប​រាល់​ថ្ងៃ គឺ​ពួក​ខ្មាំង​សត្រូវ​ចង់​តែ​លេប​បំបាត់​ទូលបង្គំ ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​មាន​គ្នា​ច្រើន​ដែល​តស៊ូ​នឹង​ទូលបង្គំ ដោយ​ចិត្ត​ឆ្មើង‌ឆ្មៃ តែ​វេលា​ណា​ដែល​ទូលបង្គំ​ភ័យ នោះ​ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ នៅ​ក្នុង​ព្រះ (ទូលបង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់) គឺ​សេចក្ដី​ពឹង‌ពាក់​របស់​ទូលបង្គំ នោះ​បាន​ទុក​នៅ​ក្នុង​ព្រះ ទូលបង្គំ​នឹង​មិន​ខ្លាច​ឡើយ តើ​សាច់​ឈាម​នឹង​អាច ធ្វើ​អ្វី​ដល់​ទូលបង្គំ​បាន គេ​មួល‌បង្កាច់​ពាក្យ​ទូលបង្គំ​វាល់​ព្រឹក​វាល់​ល្ងាច អស់​ទាំង​គំនិត​របស់​គេ​សុទ្ធ​តែ​ប៉ង​អាក្រក់​ដល់​ទូលបង្គំ គេ​ប្រជុំ​គ្នា គេ​បំពួន​ខ្លួន គេ​ឃ្លាំ​មើល​អស់​ទាំង​ជំហាន​របស់​ទូលបង្គំ ដោយ​ចាំ​សង្គ្រុប​ចាប់​ជីវិត​ទូលបង្គំ តើ​គេ​នឹង​គេច​រួច ដោយ​អំពើ​អាក្រក់​យ៉ាង​នោះ​ឬ ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​បោះ​ទំលាក់​ពួក​ទាំង​នេះ​ចុះ ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ទ្រង់​រាប់​អស់​ទាំង​ការ​សាត់​អណ្តែត​របស់​ទូលបង្គំ សូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូលបង្គំ ទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់ ទឹក​ភ្នែក​ទាំង​នោះ តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី យ៉ាង​នោះ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​អំពាវ‌នាវ នោះ​ពួក​ខ្មាំង​សត្រូវ​នឹង​ថយ​ចេញ​ទៅ ទូលបង្គំ​ដឹង​ហើយ ដ្បិត​ព្រះ‌ទ្រង់​គង់​នៅ​ខាង​ទូលបង្គំ នៅ​ក្នុង​ព្រះ ទូលបង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់ នៅ​ក្នុង​ព្រះ‌យេហូវ៉ា ទូលបង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់ សេចក្ដី​ពឹង‌ពាក់​របស់​ទូលបង្គំ នោះ​បាន​ទុក​នៅ​ក្នុង​ព្រះ ទូលបង្គំ​នឹង​មិន​ខ្លាច​ឡើយ តើ​មនុស្ស​នឹង​អាច​ធ្វើ​អ្វី​ដល់ ទូលបង្គំ​បាន ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​នៅ​ជាប់​បំណន់​នឹង​ទ្រង់ ទូលបង្គំ​នឹង​ថ្វាយ​ដង្វាយ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​ជួយ​ជីវិត​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់ ក៏​បាន​ជួយ​ជើង​ទូលបង្គំ​ឲ្យ​រួច​ពី​ជំពប់​ដួល​ដែរ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ដើរ​នៅ​ចំពោះ​ព្រះ ក្នុង​ពន្លឺ​នៃ​មនុស្ស​រស់​វិញ។