ទំនុកតម្កើង 50:7-15

ទំនុកតម្កើង 50:7-15 គខប

«អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង​និយាយ! អ៊ីស្រា‌អែល​អើយ យើង​នឹង​ព្រមាន​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ យើង​មិន​បន្ទោស​អ្នក​រាល់​គ្នា​អំពី​យញ្ញ‌បូជា និង​តង្វាយ​ដុត​ដែល​អ្នក​រាល់​គ្នា​តែងតែ យក​មក​ថ្វាយ​យើង​ជា​ប្រក្រតី​នោះ​ទេ។ យើង​មិន​ត្រូវ​ការ​គោ​បា​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា ឬ​ក៏​ពពែ​ឈ្មោល​ពី​ក្រោល​របស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់​យើង ហើយ​សត្វ​រាប់​ម៉ឺន​រាប់​សែន​ក្បាល ដែល​រស់​នៅ​តាម​ភ្នំ ក៏​ជា​របស់​យើង។ យើង​ស្គាល់​បក្សា‌បក្សី​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​តាម​ភ្នំ ហើយ​សត្វ​ទាំង‌ឡាយ​ដែល​រស់​នៅ​តាម​ស្រែ​ចម្ការ ក៏​ជា​របស់​យើង​ដែរ។ ប្រសិន​បើ​យើង​ឃ្លាន យើង​នឹង​មិន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង ពិភព​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង ។ តើ​យើង​ដែល​បរិភោគ​សាច់​គោ​បា​ឬ? តើ​យើង​ដែល​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ? តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះ‌ជាម្ចាស់ គឺ​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា ចំពោះ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុងរឿង​របស់​យើង។