ទំនុកតម្កើង 45:1-17

ទំនុកតម្កើង 45:1-17 គខប

ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញ ទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ ខ្ញុំ​តែង​បទ​ចម្រៀង​នេះ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ ។ សូម​ឲ្យ​សម្ដី​ខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​រូប​ដ៏​ចំណាន។ ក្នុង​ចំណោម​បុរស​ទាំង​អស់ មាន​តែ​ព្រះអង្គ​ទេ​ដែល​រូប​សម្បត្តិ​ល្អ​ជាង​គេ ព្រះអង្គ​មាន​សំនួន‌វោហារ​ដ៏​ពូកែ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ ប្រទាន​ពរ​ដល់​ព្រះអង្គ​រហូត​ត​ទៅ។ ឱ​វីរ‌បុរស​ដ៏​មាន​ឫទ្ធិ​អើយ សូម​ពាក់​ព្រះ‌ខ័នរាជ្យ​ដ៏​រុងរឿង និង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​របស់​ព្រះអង្គ​ទៅ។ សូម​ព្រះអង្គ​យាង​គង់​លើ​ព្រះ‌រាជ‌រថ ប្រកប​ដោយ​សិរី‌រុងរឿង ដើម្បី​ច្បាំង​ការពារ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត​ទៀង​ត្រង់ សូម​ទ្រង់​ទទួល​មហា​ជោគ‌ជ័យ ដោយ​ព្រះ‌បារមី​របស់​ព្រះអង្គ។ សូម​ឲ្យ​ព្រួញ​ដ៏​មុត​របស់​ព្រះអង្គ បាន​បាញ់​ទម្លុះ​ដើម​ទ្រូង​របស់​ពួក​សត្រូវ សូម​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌រាជា។ បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌ ព្រះអង្គ​តែងតែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ ហេតុ​នេះ​ហើយ​បាន​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​ព្រះអង្គ​ជ្រើស​រើស​ព្រះអង្គ ពី​ក្នុង​ចំណោម​មិត្ត‌ភក្ដិ​របស់​ព្រះអង្គ ហើយ​ប្រទាន​ឲ្យ​ព្រះអង្គ មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប ដោយ​ចាក់​ប្រេង​អភិសេក​ព្រះអង្គ។ ព្រះ‌ភូសា​របស់​ព្រះអង្គ​ក្រអូប​ទៅ​ដោយ ក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹមចន្ទន៍‌ក្រស្នា មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ថ្វាយ​ព្រះអង្គ នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។ ស្រី​ស្នំ​របស់​ព្រះអង្គ​សុទ្ធ​តែ​ជា​បុត្រី របស់​ស្ដេច​នគរ​នានា ហើយ​ព្រះ‌មហា‌ក្សត្រិ‌យានី​ទ្រង់​គ្រឿង​អលង្ការ ធ្វើ​ពី​មាស​ដ៏​ល្អ​ប្រណីត ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ។ ព្រះអង្គ​ម្ចាស់‌ក្សត្រិយ៍​អើយ សុំ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ ចូរ​កុំ​នឹក​នា​ប្រជា‌រាស្ត្រ និង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌នាង​ទៀត​អី! ដ្បិត​ព្រះ‌មហា‌ក្សត្រ​គាប់​ព្រះ‌ហឫទ័យ នឹង​សម្ផស្ស​របស់​ព្រះ‌នាង​ខ្លាំង​ណាស់ ចូរ​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ​ទៅ ព្រះអង្គ​ជា​ម្ចាស់​របស់​ព្រះ‌នាង​ហើយ។ ប្រជា‌រាស្ត្រ​នៅ​ក្រុង​ទីរ៉ុស​នឹង​នាំ​តង្វាយ មក​ថ្វាយ​ព្រះ‌នាង អ្នក​មាន​ទាំង‌ឡាយ​នឹង​នាំ​គ្នា មក​ផ្គាប់‌ផ្គុន​ព្រះ‌នាង។ ព្រះអង្គ​ម្ចាស់‌ក្សត្រិយ៍​គង់​នៅ​ក្នុង​ព្រះ‌បរម‌រាជ‌វាំង ព្រះ‌នាង​មាន​រូប​ឆោម​លោម​ពណ៌​ស្អាត​ល្អ​ណាស់ ព្រះ‌ភូសា​របស់​ព្រះ‌នាង​លំអ​ទៅ​ដោយ​មាស។ គេ​ដង្ហែ​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រ ទាំង​គ្រង​ព្រះ‌ភូសា​ចម្រុះ​ពណ៌ និង​មាន​ពួក​ភីលៀង​ហែ‌ហម​ពី​ក្រោយ ចូល​ទៅ​គាល់​ព្រះ‌រាជា​ផង។ ពួក​នាង​ចូល​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌រាជា ដោយ​មាន​បណ្ដា‌ជន​បន្លឺ​សំឡេង​អបអរ‌សាទរ យ៉ាង​សប្បាយ។ បពិត្រ​ព្រះ‌រាជា សូម​ឲ្យ​ព្រះ‌រាជ‌បុត្រ ព្រះអង្គ​បាន​ឡើង​គ្រង​រាជ្យ ត​ពី​ព្រះ‌អយ្យ‌កោ​របស់​ព្រះអង្គ។ ព្រះអង្គ​នឹង​តែង‌តាំង​ព្រះ‌បុត្រា របស់​ព្រះអង្គ​ឲ្យ​គ្រប់‌គ្រង​ទួ‌ទាំង​នគរ។ ទូលបង្គំ​នឹង​ថ្លា‌ថ្លែង​រំឭក​ពី​ព្រះ‌នាម របស់​ព្រះអង្គ​រហូត​ត​ទៅ ហើយ​ប្រជា‌រាស្ត្រ​នានា​ក៏​នឹង​នាំ​គ្នា​លើក​តម្កើង ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។