ទំនុកតម្កើង 37:24-36

ទំនុកតម្កើង 37:24-36 គខប

ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​កាន់​ដៃ​គេ​ជាប់។ តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​ខ្ញុំ​ចាស់​នេះ ខ្ញុំ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​មិន​ដែល​ឃើញ​កូន​ចៅ របស់​គេ​សុំ​ទាន​ដែរ។ មនុស្ស​សុចរិត​តែងតែ​មាន​ចិត្ត​អាណិត​មេត្តា និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ​ខ្ចី គេ​បាន​ទទួល​កូន​ចៅ​ទុក​ជា​ព្រះ‌ពរ។ ចូរ​ចៀស‌វាង​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ធ្វើ​ដូច្នេះ អ្នក​នឹង​រស់​នៅ​លើ​ទឹក​ដី​នេះ​រហូត​ត​ទៅ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ព្រះអង្គ​ថែ‌រក្សា អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​ជានិច្ច ព្រះអង្គ​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ព្រះអង្គ​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។ មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។ មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មក នូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ដក់​នៅ​ក្នុង​ដួង​ចិត្ត របស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ព្រះអង្គ​ឡើយ។ មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​ចាំ​សម្លាប់​គេ​ផង។ ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​បោះ​បង់​មនុស្ស​សុចរិត ឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស អាក្រក់​ឡើយ ហើយ​ប្រសិន​បើ​គេ​កាត់​ក្ដី​មនុស្ស​សុចរិត ទ្រង់​ក៏​មិន​បណ្ដោយ​ឲ្យ​គេ​ដាក់​ទោស​បាន​ដែរ។ ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ហើយ​កាន់​តាម​មាគ៌ា​របស់​ព្រះអង្គ​ទៅ នោះ​ព្រះអង្គ​នឹង​លើក​កិត្តិយស​អ្នក​ឡើង ឲ្យ​គ្រប់‌គ្រង​ទឹក​ដី​ជា​មត៌ក ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់ ត្រូវ​កាត់‌កាល់​ចោល។ ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការ គេ​រីក​ចម្រើន​ឡើង ដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។ ក្រោយ​មក គេ​រលាយ​បាត់​សូន្យ​ទៅ ខ្ញុំ​ខំ​រក​មើល​គេ តែ​រក​មិន​ឃើញ​សោះ។