ទំនុកតម្កើង 36
36
យើងខ្ញុំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ ជាអ្នកបម្រើព្រះអម្ចាស់។
1 ខ្ញុំនឹកឃើញពាក្យរបស់ជនពាល
ដែលនិយាយក្នុងពេលបះបោរថា
មិនបាច់គោរពកោតខ្លាចព្រះជាម្ចាស់ទេ ។
2គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក
រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុស
គួរឲ្យស្អប់នោះឡើយ។
3គេពោលសុទ្ធតែពាក្យកុហកបោកប្រាស់
គឺគេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។
4សូម្បីតែនៅពេលដេក
ក៏គេគិតពីគម្រោងការធ្វើអំពើអាក្រក់ដែរ
គេមានះដើរនៅក្នុងផ្លូវមិនល្អ
គឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។
5ឱព្រះអម្ចាស់អើយ!
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ខ្ពស់រហូតដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
ខ្ពស់ដល់អាកាសវេហាស៍។
6ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ
មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត
ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។
ឱព្រះអម្ចាស់អើយ
ព្រះអង្គសង្គ្រោះទាំងមនុស្សលោក
ទាំងសត្វតិរច្ឆាន!។
7ឱព្រះជាម្ចាស់អើយ ព្រះហឫទ័យមេត្តាករុណា
របស់ព្រះអង្គ មានតម្លៃដ៏លើសលុបបំផុត!
មនុស្សលោកមកជ្រកកោនក្រោមម្លប់ព្រះបារមី
របស់ព្រះអង្គ
ដូចកូនសត្វជ្រកកោនក្រោមស្លាបមេវា ។
8ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌
ឲ្យមនុស្សលោកនៅក្នុង
ព្រះដំណាក់របស់ព្រះអង្គ
ហើយព្រះអង្គប្រទានឲ្យគេមាន
អំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។
9ដ្បិតព្រះអង្គជាប្រភពនៃជីវិត
ហើយយើងខ្ញុំមើលឃើញពន្លឺ
ដោយសារពន្លឺរបស់ព្រះអង្គ។
10សូមសម្តែងព្រះហឫទ័យមេត្តាករុណា
ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត
ហើយសម្តែងព្រះហឫទ័យសុចរិត
ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។
11សូមកុំឲ្យមនុស្សព្រហើនកោងកាច
មកវាយប្រហារទូលបង្គំបានឡើយ
ហើយក៏កុំឲ្យមនុស្សពាល
មកបណ្តេញទូលបង្គំបានដែរ!
12មនុស្សប្រព្រឹត្តអំពើទុច្ចរិត
នឹងត្រូវបរាជ័យនៅទីនេះ ពួកគេត្រូវដួល
ហើយងើបឡើងវិញពុំរួចឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 36: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.