ទំនុកតម្កើង 30:1-12

ទំនុកតម្កើង 30:1-12 គខប

ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ជួយ​ស្រោច​ស្រង់​ទូលបង្គំ ព្រះអង្គ​ពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ យក​រឿង​ទូលបង្គំ​ទៅ​លេង​សើច​ឡើយ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​បាន​ស្រែក​អង្វរ​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យ​បាន​ជា។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ស្រង់​ព្រលឹង​ទូលបង្គំ ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ទូលបង្គំ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មច្ចុរាជ តែ​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យ​រស់​ឡើង​វិញ។ អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​អើយ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះ‌អម្ចាស់! ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ! ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​តែ​មួយ​ស្របក់ តែ​ព្រះអង្គ​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។ ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើង យើង​នឹង​អរ​សប្បាយ​វិញ។ នៅ​ពេល​ទូលបង្គំ​បាន​សុខ‌សាន្ត ទូលបង្គំ​ពោល​ថា ទូលបង្គំ​នឹង​មិន​ត្រូវ​រលំ​ឡើយ!។ ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះអង្គ​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រឹង‌ប៉ឹង​ដូច​ភ្នំ តែ​ប្រសិន​បើ​ព្រះអង្គ​មិន​គង់​ជា​មួយ​ទូលបង្គំ​ទេ​នោះ ទូលបង្គំ​នឹង​ភ័យ​ខ្លាច​ក្រៃ‌លែង។ ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ទូលបង្គំ​ទទូច​អង្វរ​ព្រះ‌អម្ចាស់។ បើ​ព្រះអង្គ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់ តើ​បាន​ប្រយោជន៍​អ្វី? បើ​ព្រះអង្គ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ ក្នុង​រណ្ដៅ​មច្ចុរាជ តើ​បាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​ស្លាប់​អាច​សរសើរ​ព្រះអង្គ​កើត​ឬ? តើ​គេ​អាច​ថ្លែង​ពី​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ របស់​ព្រះអង្គ​កើត​ឬ? ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​មេត្តា​ស្ដាប់​ពាក្យ​ទូលបង្គំ! ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ផង!។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ការ​សោក​សង្រេង របស់​ទូលបង្គំ​ប្រែ​ទៅ​ជា​អំណរ​សប្បាយ ព្រះអង្គ​បាន​យក​សម្លៀក‌បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​ប្រទាន​សម្លៀក‌បំពាក់ សម្រាប់​ពិធី​បុណ្យ​ឲ្យ​ទូលបង្គំ​វិញ។ ដូច្នេះ ទូលបង្គំ​នៅ​ស្ងៀម​មិន​បាន​ឡើយ ទូលបង្គំ​ស្មូត្រ​ទំនុកតម្កើង ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​ទៅ។