ទំនុកតម្កើង 30

30
ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យ​ជា
ទំនុកតម្កើង ។ បទ​សម្រាប់​ច្រៀង​នៅ​ពេល​សម្ពោធ​ព្រះ‌វិហារ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌អម្ចាស់​អើយ!
ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ
ព្រោះ​ព្រះអង្គ​បាន​ជួយ​ស្រោច​ស្រង់​ទូលបង្គំ
ព្រះអង្គ​ពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ
យក​រឿង​ទូលបង្គំ​ទៅ​លេង​សើច​ឡើយ។
2ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ!
ទូលបង្គំ​បាន​ស្រែក​អង្វរ​ព្រះអង្គ
ហើយ​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យ​បាន​ជា។
3ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​បាន​ស្រង់​ព្រលឹង​ទូលបង្គំ
ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់
ទូលបង្គំ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មច្ចុរាជ
តែ​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យ​រស់​ឡើង​វិញ។
4អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ
របស់​ព្រះអង្គ​អើយ
ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះ‌អម្ចាស់!
ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ!
5ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​តែ​មួយ​ស្របក់
តែ​ព្រះអង្គ​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។
ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើង
យើង​នឹង​អរ​សប្បាយ​វិញ។
6នៅ​ពេល​ទូលបង្គំ​បាន​សុខ‌សាន្ត ទូលបង្គំ​ពោល​ថា
ទូលបង្គំ​នឹង​មិន​ត្រូវ​រលំ​ឡើយ!។
7ឱ​ព្រះ‌អម្ចាស់​អើយ!
ព្រះអង្គ​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រឹង‌ប៉ឹង​ដូច​ភ្នំ
តែ​ប្រសិន​បើ​ព្រះអង្គ​មិន​គង់​ជា​មួយ​ទូលបង្គំ​ទេ​នោះ
ទូលបង្គំ​នឹង​ភ័យ​ខ្លាច​ក្រៃ‌លែង។
8ឱ​ព្រះ‌អម្ចាស់​អើយ!
ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ
ទូលបង្គំ​ទទូច​អង្វរ​ព្រះ‌អម្ចាស់
9បើ​ព្រះអង្គ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់
តើ​បាន​ប្រយោជន៍​អ្វី?
បើ​ព្រះអង្គ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ
ក្នុង​រណ្ដៅ​មច្ចុរាជ តើ​បាន​ប្រយោជន៍​អ្វី?
តើ​មនុស្ស​ស្លាប់​អាច​សរសើរ​ព្រះអង្គ​កើត​ឬ?
តើ​គេ​អាច​ថ្លែង​ពី​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់
របស់​ព្រះអង្គ​កើត​ឬ?
10ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រោស​មេត្តា​ស្ដាប់​ពាក្យ​ទូលបង្គំ!
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ផង!។
11ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ការ​សោក​សង្រេង
របស់​ទូលបង្គំ​ប្រែ​ទៅ​ជា​អំណរ​សប្បាយ
ព្រះអង្គ​បាន​យក​សម្លៀក‌បំពាក់​កាន់​ទុក្ខ​ចេញ
ហើយ​ប្រទាន​សម្លៀក‌បំពាក់
សម្រាប់​ពិធី​បុណ្យ​ឲ្យ​ទូលបង្គំ​វិញ។
12ដូច្នេះ ទូលបង្គំ​នៅ​ស្ងៀម​មិន​បាន​ឡើយ
ទូលបង្គំ​ស្មូត្រ​ទំនុកតម្កើង
ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​ទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 30: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ