ឱព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ ដូច្នេះ សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខ! សូមកុំឲ្យខ្មាំងសត្រូវអាចមានជ័យជម្នះ លើទូលបង្គំឡើយ!។ អស់អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងមិនត្រូវខកចិត្តទេ គឺមានតែពួកអ្នកឆាប់ក្បត់ព្រះអង្គប៉ុណ្ណោះ ដែលត្រូវខកចិត្ត។ ឱព្រះអម្ចាស់អើយ! សូមណែនាំទូលបង្គំឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ សូមបង្រៀនទូលបង្គំអំពីផ្លូវរបស់ព្រះអង្គផង សូមអប់រំទូលបង្គំឲ្យរស់នៅ ស្របតាមសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមលើព្រះអង្គជារៀងរាល់ថ្ងៃ។ ឱព្រះអម្ចាស់អើយ! សូមកុំភ្លេចថា តាំងពីដើមរៀងមក ព្រះអង្គតែងតែសម្តែងព្រះហឫទ័យអាណិតអាសូរ និងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំជានិច្ច។ សូមបំភ្លេចអំពើបាប និងកំហុស ដែលទូលបង្គំធ្លាប់ប្រព្រឹត្ត កាលនៅពីក្មេងនោះទៅ!។ ឱព្រះអម្ចាស់អើយ ទ្រង់តែងមានព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យសប្បុរសជានិច្ច សូមកុំបំភ្លេចទូលបង្គំឡើយ!។ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស និងទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គបង្ហាញ ឲ្យមនុស្សបាបស្គាល់មាគ៌ាដែលគេត្រូវដើរ។ ព្រះអង្គនាំមនុស្សមានចិត្តសុភាព ឲ្យដើរតាមមាគ៌ាដ៏សុចរិត ព្រះអង្គបង្រៀនគេឲ្យស្គាល់ ព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណា និងស្មោះត្រង់ទាំងស្រុង ចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី* និងគោរពដំបូន្មានរបស់ព្រះអង្គ។
អាន ទំនុកតម្កើង 25
ស្ដាប់នូវ ទំនុកតម្កើង 25
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 25:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ