ទំនុកតម្កើង 20
20
ពាក្យទូលអង្វរសុំជ័យជម្នះ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។
1សូមព្រះអម្ចាស់ឆ្លើយតបនឹងព្រះរាជា
នៅថ្ងៃដែលស្ដេចមានអាសន្ន
សូមព្រះនាមព្រះរបស់លោកយ៉ាកុប
ការពារព្រះរាជា!។
2សូមព្រះអង្គជួយព្រះរាជា
ពីព្រះវិហាររបស់ព្រះអង្គ
សូមព្រះអង្គគាំទ្រព្រះរាជាពីភ្នំស៊ីយ៉ូន!។
3សូមឲ្យព្រះអង្គនឹកឃើញតង្វាយ
ទាំងប៉ុន្មានរបស់ព្រះរាជា
ហើយសូមឲ្យព្រះអង្គគាប់ព្រះហឫទ័យ
នឹងយញ្ញបូជាដែលស្ដេចយកមកថ្វាយ!។
- សម្រាក
4សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជា
តាមតែទ្រង់ប្រាថ្នា និងធ្វើឲ្យគម្រោងការ
របស់ព្រះរាជាបានសម្រេចទាំងអស់!។
5យើងនឹងស្រែកហ៊ោដោយអំណរ
ព្រោះតែស្ដេចមានជ័យជម្នះ
យើងនឹងលើកទង់ជ័យឡើង
ក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។
សូមព្រះអម្ចាស់សម្រេចតាមសេចក្ដីទាំងប៉ុន្មាន
ដែលព្រះរាជាទូលសូម។
6ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់សង្គ្រោះ
ព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក
ព្រះអង្គឆ្លើយតបនឹងព្រះរាជា
ពីទីសក្ការៈរបស់ព្រះអង្គនៅស្ថានបរមសុខ
គឺព្រះអង្គប្រទានឲ្យព្រះរាជាមានជ័យជម្នះ
ដោយសារឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ ។
7អ្នកខ្លះពឹងផ្អែកលើរទេះចម្បាំងរបស់ខ្លួន
អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន
រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់
ជាព្រះរបស់យើង។
8អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ
រីឯយើងវិញ
យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។
9 ព្រះអម្ចាស់អើយ
សូមសង្គ្រោះព្រះរាជាផង!
ពេលយើងខ្ញុំអង្វររកព្រះអង្គ
សូមឆ្លើយតបមកយើងខ្ញុំវិញផង!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 20: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.