ទំនុកតម្កើង 18:1-24

ទំនុកតម្កើង 18:1-24 គខប

ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ជា​កម្លាំង​របស់​ទូលបង្គំ! ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ទូលបង្គំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ទូលបង្គំ ជា​ព្រះ​ដែល​ជួយ​រំដោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្ម‌ដា​សម្រាប់​ទូលបង្គំ​ពឹង​ជ្រក ព្រះអង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ទូលបង្គំ និង​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូលបង្គំ។ ពេល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!។ សេចក្ដី​ស្លាប់​រួប​រឹត​ខ្ញុំ រីឯ​សេចក្ដី​វិនាស​អន្តរាយ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។ សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ ដូច​ជា​សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។ នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ព្រះ‌កាណ៌​របស់​ព្រះអង្គ។ ពេល​នោះ ផែនដី​ក៏​កក្រើក​ញាប់‌ញ័រ ភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា ហើយ​កក្រើក ដោយ‌សារ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។ មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះអង្គ ព្រះអង្គ​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មក ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ​ដែរ។ ព្រះអង្គ​បាន​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​យាង​ចុះ​មក ដោយ​មាន​ពពក​យ៉ាង​ក្រាស់ នៅ​ពី​ក្រោម​ព្រះ‌បាទា​ផង។ ព្រះអង្គ​យាង​គង់​លើ​ចេរូប៊ីន* ហើយ​ហោះ​មក ព្រះអង្គ​គង់​នៅ​លើ​វាយោ ដូច​គង់​នៅ​លើ​ស្លាប​បក្សី។ ព្រះអង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ទៅ​ដោយ​ទឹក ធ្វើ​ជា​ព្រះ‌ពន្លា។ មាន​ផ្លេក​បន្ទោរ​ចេញ​មក​ពី​ពពក ភ្លឺ​នៅ​ខាង​មុខ​ព្រះអង្គ ហើយ​មាន​ព្រឹល និង​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។ ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​មាន​ស្នូរ​ផ្គរ‌លាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង ។ ព្រះអង្គ​បាញ់​ព្រួញ​របស់​ព្រះអង្គ​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កម្ចាត់‌កម្ចាយ​ពួក​គេ។ ព្រះអង្គ​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌បន្ទូល​គំរាម​របស់​ព្រះអង្គ និង​ខ្យល់​ព្យុះ ដែល​បក់​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​លេច​ចេញ​មក ហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។ ព្រះអង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំ ព្រះអង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំង ខ្លាំង​ជាង​ខ្ញុំ​ផង។ នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ។ ព្រះអង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ ព្រះអង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ។ ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះអង្គ​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិ របស់​ព្រះអង្គ​ទេ។ ព្រះអង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង ហើយ​ខ្ញុំ​បាន​ប្រយ័ត្ន​ខ្លួន មិន​ឲ្យ​មាន​កំហុស​ឡើយ។ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំ ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ថា ខ្ញុំ​ប្រព្រឹត្តអំពើ​បរិសុទ្ធ។