ទំនុកតម្កើង 18:1-24
ទ្រង់មានរាជឱង្ការថា៖ ឱព្រះអម្ចាស់អើយ ទូលបង្គំស្រឡាញ់ព្រះអង្គ ព្រោះព្រះអង្គជាកម្លាំងរបស់ទូលបង្គំ! ព្រះអម្ចាស់ជាថ្មដាការពារទូលបង្គំ ជាបន្ទាយដ៏រឹងមាំរបស់ទូលបង្គំ ជាព្រះដែលជួយរំដោះទូលបង្គំ ព្រះអង្គជាព្រះនៃទូលបង្គំ ជាថ្មដាសម្រាប់ទូលបង្គំពឹងជ្រក ព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។ ពេលខ្ញុំស្រែករកព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងព្រះអម្ចាស់!។ សេចក្ដីស្លាប់រួបរឹតខ្ញុំ រីឯសេចក្ដីវិនាសអន្តរាយ ធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។ សេចក្ដីស្លាប់នៅព័ទ្ធជុំវិញខ្ញុំ ដូចជាសំណាញ់ដែលគេបោះមកលើខ្ញុំ។ នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកព្រះអម្ចាស់ ខ្ញុំស្រែកហៅរកព្រះរបស់ខ្ញុំ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ទ្រង់ព្រះសណ្ដាប់ឮសំឡេងខ្ញុំ ហើយស្នូរសម្រែករបស់ខ្ញុំបានឮទៅដល់ ព្រះកាណ៌របស់ព្រះអង្គ។ ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រ ភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វា ហើយកក្រើក ដោយសារព្រះអង្គទ្រង់ព្រះពិរោធ។ មានផ្សែងហុយចេញមកពីព្រះនាសារបស់ព្រះអង្គ ព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមក ហើយក៏មានរងើកភ្លើងខ្ទាតចេញមក ពីព្រះឱស្ឋរបស់ព្រះអង្គដែរ។ ព្រះអង្គបានផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមក ដោយមានពពកយ៉ាងក្រាស់ នៅពីក្រោមព្រះបាទាផង។ ព្រះអង្គយាងគង់លើចេរូប៊ីន* ហើយហោះមក ព្រះអង្គគង់នៅលើវាយោ ដូចគង់នៅលើស្លាបបក្សី។ ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួន ហើយយកពពកខ្មៅក្រាស់ពេញទៅដោយទឹក ធ្វើជាព្រះពន្លា។ មានផ្លេកបន្ទោរចេញមកពីពពក ភ្លឺនៅខាងមុខព្រះអង្គ ហើយមានព្រឹល និងរងើកភ្លើងធ្លាក់ចុះមក។ ព្រះអម្ចាស់ធ្វើឲ្យមានស្នូរផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀង ។ ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គទៅលើខ្មាំងសត្រូវ ដើម្បីកម្ចាត់កម្ចាយពួកគេ។ ព្រះអង្គបាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។ ឱព្រះអម្ចាស់អើយ ព្រះបន្ទូលគំរាមរបស់ព្រះអង្គ និងខ្យល់ព្យុះ ដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គ បានធ្វើឲ្យបាតសមុទ្រលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។ ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចផុតពី ខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ ព្រមទាំងអស់អ្នកដែលមានកម្លាំង ខ្លាំងជាងខ្ញុំផង។ នៅពេលខ្ញុំមានទុក្ខវេទនា អ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំ ក៏ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាបង្អែករបស់ខ្ញុំ។ ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។ ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គតបស្នងមកខ្ញុំវិញ ស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ហើយខ្ញុំមិនបានឃ្លាតចេញពីព្រះរបស់ខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។ ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មាន របស់ព្រះអង្គ ខ្ញុំមិនបានបំពានលើបញ្ញត្តិ របស់ព្រះអង្គទេ។ ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មង ហើយខ្ញុំបានប្រយ័ត្នខ្លួន មិនឲ្យមានកំហុសឡើយ។ ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំ ស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្ត ព្រោះព្រះអង្គឈ្វេងយល់ថា ខ្ញុំប្រព្រឹត្តអំពើបរិសុទ្ធ។
ទំនុកតម្កើង 18:1-24