ទំនុកតម្កើង 147:12-20

ទំនុកតម្កើង 147:12-20 គខប

ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់! ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​តម្កើង​ព្រះ​របស់​អ្នក! ដ្បិត​ព្រះអង្គ​ការពារ និង​ពង្រឹង​អ្នក​ឲ្យ​មាន​សន្តិ‌សុខ ព្រះអង្គ​នឹង​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដែល​រស់​នៅ​ក្នុង​ទីក្រុង។ ព្រះអង្គ​ប្រទាន​ឲ្យ​ទឹក​ដី​អ្នក​មាន​សន្តិ‌ភាព ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​មាន​ស្រូវ​ដ៏​ល្អៗ យ៉ាង​បរិបូណ៌ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា​ទៅ​ផែនដី ហើយ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្សព្វ‌ផ្សាយ ទៅ​យ៉ាង​រហ័ស ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​កក​ធ្លាក់​ចុះ​មក​ដូច​សំឡី ព្រះអង្គ​ធ្វើ​ឲ្យ​មាន​សន្សើម ត្រជាក់​ធ្លាក់​ចុះ​មក​យ៉ាង​សក្បុស ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​ចុះ​មក​ទាំង​ដុំៗ តើ​នរណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស​ត្រជាក់ ដែល​ព្រះអង្គ​បាន​បង្កើត​មក​នេះ? ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល នោះ​ទឹក​កក និង​ព្រឹល​ក៏​រលាយ​ទៅ​ជា​ទឹក ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក ហើយ​ទឹក​នោះ​ក៏​ហូរ​ទៅ។ ព្រះអង្គ​សម្តែង​ឲ្យ​ពូជ‌ពង្ស របស់​លោក​យ៉ាកុប​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​ច្បាប់ និង​វិន័យ​របស់​ព្រះអង្គ ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះអង្គ​ពុំ​បាន​ប្រោស​ប្រទាន​ដូច្នេះ ចំពោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ទេ ពួក​គេ​ពុំ​ស្គាល់​វិន័យ​របស់​ព្រះអង្គ​ឡើយ។ ហាលេ‌លូយ៉ា!។