ទំនុកតម្កើង 119:17-32

ទំនុកតម្កើង 119:17-32 គខប

សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត ហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ សូម​បើក​ភ្នែក​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ មើល​ឃើញ​ភាព​ថ្លៃ‌ថ្នូរ ដ៏​អស្ចារ្យ​នៃ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្ន លើ​ផែនដី​នេះ​ប៉ុណ្ណោះ សូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះអង្គ នឹង​ទូលបង្គំ​ឡើយ។ ចិត្ត​ទូលបង្គំ​តែងតែ​ផ្តោត​ទៅ​រក​វិន័យ​ផ្សេងៗ ដែល​ព្រះអង្គ​បង្គាប់​មក​ជានិច្ច។ ព្រះអង្គ​គំរាម​កំហែង​មនុស្ស​អួត‌បំប៉ោង ដែល​ជា​ជន​ត្រូវ​បណ្ដាសា វង្វេង​ចេញ​ឆ្ងាយ​ពី​បទ‌បញ្ជា​របស់​ព្រះអង្គ។ សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ទូលបង្គំ កុំ​ឲ្យ​មាន​នរណា​មើល‌ងាយ​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​កាន់​តាម​ដំបូន្មាន របស់​ព្រះអង្គ​ហើយ។ ទោះ​បី​ពួក​មេ​ដឹក​នាំ​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ទូលបង្គំ​ក៏​ដោយ ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ នៅ​តែ​សញ្ជឹង​គិត​ពី​ច្បាប់​របស់​ព្រះអង្គ​ជានិច្ច។ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ​ណាស់ ដំបូន្មាន​ព្រះអង្គ​ជួយ​ជា​គំនិត​ដល់​ទូលបង្គំ។ ទូលបង្គំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រស់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។ ទូលបង្គំ​រៀប​រាប់​អំពី​ដំណើរ​ជីវិត​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ!។ សូម​ជួយ​ទូលបង្គំ​ឲ្យ​យល់​អំពី​អត្ថ‌ន័យ នៃ​ព្រះ‌ឱវាទ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សម្តែង!។ ទូលបង្គំ​មាន​ទុក្ខ​សោក​សង្រេង សូម​លើក​ទឹក​ចិត្ត​ទូលបង្គំ​ឡើង​វិញ ដូច​ព្រះអង្គ​បាន​សន្យា។ សូម​នាំ​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គង ហើយ​ជួយ​ឲ្យ​ទូលបង្គំ​ប្រតិបត្តិ​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ! ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះអង្គ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​វិន័យ ដែល​ព្រះអង្គ​បង្គាប់​មក។ ទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ ព្រះ‌អម្ចាស់​អើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ! ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ដើរ តាម​បទ‌បញ្ជា​នៃ​បញ្ញត្តិ​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ភ្លឺ​ស្វាង។