ឱព្រះអម្ចាស់អើយ ព្រះអង្គសុចរិត វិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ! ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិត និងត្រឹមត្រូវបំផុត។ ទូលបង្គំក្ដៅក្រហាយយ៉ាងខ្លាំង ដោយឃើញបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះបន្ទូលសន្យារបស់ព្រះអង្គ សម្រេចជាក់ស្តែងហើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។ ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង តែទូលបង្គំមិនភ្លេចព្រះឱវាទរបស់ព្រះអង្គឡើយ។ សេចក្ដីសុចរិតរបស់ព្រះអង្គនៅ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។ ទូលបង្គំកើតទុក្ខអន្ទះអន្ទែងជាខ្លាំង តែបទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានអំណរ។ ដំបូន្មានរបស់ព្រះអង្គសុចរិតជានិច្ច សូមប្រទានប្រាជ្ញាមកទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិត! ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឲ្យទូលបង្គំ ប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ! ទូលបង្គំអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឲ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មាន របស់ព្រះអង្គ! ទូលបង្គំស្រែកអង្វរព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យា របស់ព្រះអង្គមួយយប់ទល់ភ្លឺ។ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំឲ្យរស់នៅ តាមវិន័យរបស់ព្រះអង្គ។ អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះឃ្លាតចេញឆ្ងាយ ពីក្រឹត្យវិន័យរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ព្រះអង្គនៅជិតទូលបង្គំ បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ តាំងពីយូរយារណាស់មកហើយ ទូលបង្គំបានដឹងថា ព្រះអង្គប្រទានដំបូន្មានរបស់ព្រះអង្គមក ដើម្បីឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ សូមរំដោះទូលបង្គំផង! ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយរំដោះទូលបង្គំឲ្យមានសេរីភាពផង សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែមានព្រះហឫទ័យអាណិតមេត្តាជានិច្ច សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ តាមវិន័យដែលព្រះអង្គបានបង្គាប់មក។ អស់អ្នកដែលបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើនណាស់ តែទូលបង្គំមិនងាកចេញពីដំបូន្មាន របស់ព្រះអង្គឡើយ។ ពេលទូលបង្គំឃើញមនុស្សក្បត់ ទូលបង្គំទាស់ចិត្តខ្លាំងណាស់ ដ្បិតពួកគេមិនប្រព្រឹត្តតាមព្រះបន្ទូល របស់ព្រះអង្គទេ។ ឱព្រះអម្ចាស់អើយ សូមជ្រាបថា ទូលបង្គំស្រឡាញ់ព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយវិន័យទាំងប៉ុន្មានដែលព្រះអង្គសម្រេច ដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។ ពួកមេដឹកនាំបៀតបៀនទូលបង្គំ ដោយឥតមូលហេតុ ក៏ប៉ុន្តែ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ដែលធ្វើឲ្យទូលបង្គំភ័យខ្លាច!។ ទូលបង្គំរីករាយនឹងព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចជាគេរកឃើញកំណប់ ដ៏មានតម្លៃលើសលុបដែរ។ ទូលបង្គំស្អប់ខ្ពើមការកុហកណាស់ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដង ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។ អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ នឹងបានសុខក្សេមក្សាន្ត គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។ ឱព្រះអម្ចាស់អើយ ទូលបង្គំសង្ឃឹមរង់ចាំព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ។ ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ ហើយទូលបង្គំស្រឡាញ់ដំបូន្មាននេះណាស់។ ទូលបង្គំប្រព្រឹត្តតាមព្រះឱវាទ និងដំបូន្មានរបស់ព្រះអង្គ ដ្បិតអ្វីៗដែលទូលបង្គំធ្វើ ព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។ សូមឲ្យសម្រែករបស់ទូលបង្គំបានឮ ទៅដល់ព្រះអង្គ សូមប្រទានប្រាជ្ញាមកទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ សូមឲ្យពាក្យទទូចអង្វររបស់ទូលបង្គំ បានឮទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។ ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងព្រះអង្គ ឥតឈប់ឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ ឲ្យស្គាល់ច្បាប់របស់ព្រះអង្គ។ ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើង ព្រះបន្ទូលសន្យារបស់ព្រះអង្គ ដ្បិតបទបញ្ជាទាំងប៉ុន្មានរបស់ ព្រះអង្គសុទ្ធតែសុចរិត។ សូមសម្តែងព្រះបារមីសង្គ្រោះទូលបង្គំ ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមព្រះឱវាទ របស់ព្រះអង្គហើយ។ ឱព្រះអម្ចាស់អើយ ទូលបង្គំប្រាថ្នាចង់ឃើញព្រះអង្គ សង្គ្រោះទូលបង្គំណាស់ ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គជាខ្លាំង។ សូមឲ្យទូលបង្គំរស់រានមានជីវិត ដើម្បីសរសើរតម្កើងព្រះអង្គ! សូមឲ្យព្រះបន្ទូលរបស់ព្រះអង្គ ជួយលើកទឹកចិត្តទូលបង្គំ។ ទូលបង្គំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេង សូមយាងមករកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គផង! ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ!
អាន ទំនុកតម្កើង 119
ស្ដាប់នូវ ទំនុកតម្កើង 119
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 119:137-176
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ