ទំនុកតម្កើង 119:1-20

ទំនុកតម្កើង 119:1-20 គខប

អ្នក​ណា​មាន​កិរិយា​មារ‌យាទ ល្អ​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។ អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ព្រះអង្គ ហើយ​ស្វែង​រក​ព្រះអង្គ​អស់​ពី​ចិត្ត អ្នក​នោះ​មាន​សុភមង្គល​ហើយ! អ្នក​ទាំង​នោះ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេ គេ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ប្រទាន​ព្រះ‌ឱវាទ​មក ដើម្បី​ឲ្យ យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម។ សូម​ជួយ​ទូលបង្គំ​ឲ្យ​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ ដោយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ។ ដូច្នេះ ពេល​ណា​ទូលបង្គំ​ពិនិត្យ​មើល បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ នោះ​ទូលបង្គំ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ។ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ដោយ​ចិត្ត​ទៀង​ត្រង់ ហើយ​ពិចារណា​មើល​វិន័យ​ដ៏​សុចរិត ដែល​ព្រះអង្គ​បាន​បង្គាប់​មក។ ទូលបង្គំ​ចង់​ប្រតិបត្តិ​តាម ច្បាប់​របស់​ព្រះអង្គ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​សោះ​ឡើយ! តើ​មនុស្ស​កំលោះ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​កិរិយា​មារ‌យាទ​របស់​ខ្លួន បាន​ល្អ​ត្រឹម​ត្រូវ? គឺ​ដោយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ទូលបង្គំ​ស្វែង​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ងាក​ចេញ ពី​បទ‌បញ្ជា​របស់​ព្រះអង្គ​ឡើយ! ទូលបង្គំ​រក្សា​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ សូម​បង្រៀន​ឲ្យ​ទូលបង្គំ ស្គាល់​ច្បាប់​របស់​ព្រះអង្គ! ទូលបង្គំ​រៀប​រាប់​អំពី​វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​មក។ ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​អនុវត្ត​តាម ដំបូន្មាន​របស់​ព្រះអង្គ ដូច​ជា​ទូលបង្គំ​សប្បាយ​ចិត្ត នឹង​មាន​សម្បត្តិ​ដ៏​ស្តុក‌ស្តម្ភ។ ទូលបង្គំ​នឹង​ពិចារណា​ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ ទូលបង្គំ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច។ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ច្បាប់ របស់​ព្រះអង្គ​ខ្លាំង​ណាស់ ទូលបង្គំ​មិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ឡើយ។ សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត ហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ សូម​បើក​ភ្នែក​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ មើល​ឃើញ​ភាព​ថ្លៃ‌ថ្នូរ ដ៏​អស្ចារ្យ​នៃ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្ន លើ​ផែនដី​នេះ​ប៉ុណ្ណោះ សូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះអង្គ នឹង​ទូលបង្គំ​ឡើយ។ ចិត្ត​ទូលបង្គំ​តែងតែ​ផ្តោត​ទៅ​រក​វិន័យ​ផ្សេងៗ ដែល​ព្រះអង្គ​បង្គាប់​មក​ជានិច្ច។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 119:1-20