ទំនុកតម្កើង 118:15-29

ទំនុកតម្កើង 118:15-29 គខប

មនុស្ស​សុចរិត​នឹង​នាំ​គ្នា​ស្រែក​ហ៊ោ នៅ​ក្នុង​ជំរំ​របស់​ខ្លួន ព្រោះ​តែ​មាន​ជ័យ‌ជម្នះ ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកប ដោយ​ឫទ្ធា‌នុភាព! ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកប ដោយ​ឫទ្ធា‌នុភាព។ ខ្ញុំ​នឹង​មាន​ជីវិត ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ខ្ញុំ​នឹង​រៀប​រាប់​អំពី ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់។ មែន​ហើយ ព្រះ‌អម្ចាស់​បាន​វាយ​ប្រដៅ​ខ្ញុំ​យ៉ាង​ខ្លាំង តែ​ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​ខ្ញុំ​ស្លាប់​ឡើយ។ ចូរ​នាំ​គ្នា​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​ចូល​ទៅ​លើក​តម្កើង​ព្រះ‌អម្ចាស់។ នេះ​នែ៎ ទ្វារ​ដែល​នាំ​ចូល​ទៅ​រក​ព្រះ‌អម្ចាស់ មាន​តែ​មនុស្ស​សុចរិត​ទេ ដែល​ចូល​តាម​ទ្វារ​នេះ​បាន។ ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ។ ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។ ព្រះ‌អម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យ យើង​ក៏​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​បង្កើត​មក យើង​នាំ​គ្នា​ត្រេក​អរ​សប្បាយ​រីក‌រាយ​នៅ​ថ្ងៃ​នេះ! ព្រះ‌អម្ចាស់​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ! ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជោគ‌ជ័យ! សូម​លើក​តម្កើង​ព្រះអង្គ​ដែល​យាង​មក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ យើង​សូម​ឲ្យ​ពរ​អ្នក​រាល់​គ្នា ពី​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​ដ៏​ពិត តែ​មួយ​ព្រះអង្គ ព្រះអង្គ​បំភ្លឺ​យើង ចូរ​នាំ​គ្នា​លើក​ធាង​ទន្សែ​ឡើង ហើយ​ហែ​ជា​ក្បួន រហូត​ដល់​ជ្រុង​អាសនៈ​របស់​ព្រះ‌អម្ចាស់! ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ! ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!