ទំនុកតម្កើង 118:1-29

ទំនុកតម្កើង 118:1-29 គខប

ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ឡើង​ថា៖ ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! សូម​ឲ្យ​កូន​ចៅ​របស់​លោក​អើរ៉ុន ពោល​ឡើង​ថា៖ ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ព្រះ‌អម្ចាស់​ពោល​ឡើង​ថា៖ ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! នៅ​ពេល​មាន​អាសន្ន ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ក៏​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​សេរី‌ភាព។ ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ តើ​មនុស្ស​លោក​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត? ដោយ​ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ហើយ​ជួយ​ខ្ញុំ ខ្ញុំ​នឹង​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។ ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​មនុស្ស។ ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​អ្នក​ធំ។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ឡោម‌ព័ទ្ធ​ខ្ញុំ តែ​ខ្ញុំ​នឹង​កម្ទេច​ពួក​គេ ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។ ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​គ្រប់​ទិស‌ទី តែ​ខ្ញុំ​នឹង​កម្ទេច​ពួក​គេ ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។ ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ហ្វូង​ឃ្មុំ តែ​ពួក​គេ​នឹង​ឆេះ​អស់​ទៅ​ដូច​ភ្លើង​ឆេះ​បន្លា ខ្ញុំ​នឹង​កម្ទេច​ពួក​គេ ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។ គេ​បាន​ច្រាន​ខ្ញុំ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​ដួល តែ​ព្រះ‌អម្ចាស់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ។ ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។ មនុស្ស​សុចរិត​នឹង​នាំ​គ្នា​ស្រែក​ហ៊ោ នៅ​ក្នុង​ជំរំ​របស់​ខ្លួន ព្រោះ​តែ​មាន​ជ័យ‌ជម្នះ ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកប ដោយ​ឫទ្ធា‌នុភាព! ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកប ដោយ​ឫទ្ធា‌នុភាព។ ខ្ញុំ​នឹង​មាន​ជីវិត ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ខ្ញុំ​នឹង​រៀប​រាប់​អំពី ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់។ មែន​ហើយ ព្រះ‌អម្ចាស់​បាន​វាយ​ប្រដៅ​ខ្ញុំ​យ៉ាង​ខ្លាំង តែ​ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​ខ្ញុំ​ស្លាប់​ឡើយ។ ចូរ​នាំ​គ្នា​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​ចូល​ទៅ​លើក​តម្កើង​ព្រះ‌អម្ចាស់។ នេះ​នែ៎ ទ្វារ​ដែល​នាំ​ចូល​ទៅ​រក​ព្រះ‌អម្ចាស់ មាន​តែ​មនុស្ស​សុចរិត​ទេ ដែល​ចូល​តាម​ទ្វារ​នេះ​បាន។ ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ។ ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។ ព្រះ‌អម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យ យើង​ក៏​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​បង្កើត​មក យើង​នាំ​គ្នា​ត្រេក​អរ​សប្បាយ​រីក‌រាយ​នៅ​ថ្ងៃ​នេះ! ព្រះ‌អម្ចាស់​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ! ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជោគ‌ជ័យ! សូម​លើក​តម្កើង​ព្រះអង្គ​ដែល​យាង​មក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ យើង​សូម​ឲ្យ​ពរ​អ្នក​រាល់​គ្នា ពី​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​ដ៏​ពិត តែ​មួយ​ព្រះអង្គ ព្រះអង្គ​បំភ្លឺ​យើង ចូរ​នាំ​គ្នា​លើក​ធាង​ទន្សែ​ឡើង ហើយ​ហែ​ជា​ក្បួន រហូត​ដល់​ជ្រុង​អាសនៈ​របស់​ព្រះ‌អម្ចាស់! ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ! ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!