ទំនុកតម្កើង 116:1-19

ទំនុកតម្កើង 116:1-19 គខប

ខ្ញុំ​ស្រឡាញ់​ព្រះ‌អម្ចាស់ ដ្បិត​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង ដែល​ខ្ញុំ​ទទូច​អង្វរ ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ខ្ញុំ អស់​មួយ​ជីវិត ខ្ញុំ​នឹង​អង្វរ​ព្រះអង្គ។ មច្ចុរាជ​បាន​រួប‌រឹត​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​អន្ទះ‌អន្ទែង​ភ័យ​ខ្លាច​ស្លាប់ ខ្ញុំ​រង​ទុក្ខ​លំបាក ហើយ​ឈឺ​ចុក​ចាប់​ពន់​ប្រមាណ។ ពេល​នោះ ខ្ញុំ​បាន​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា៖ ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​សង្គ្រោះ​ជីវិត​ទូលបង្គំ​ផង! ព្រះ‌អម្ចាស់​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​សុចរិត ព្រះ​របស់​យើង​ប្រកប​ដោយ​ព្រះ‌ហឫទ័យ អាណិត​មេត្តា។ ព្រះ‌អម្ចាស់​ជួយ​ការពារ​មនុស្ស​ទន់‌ទាប ពេល​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។ ខ្ញុំ​នឹង​លែង​ខ្វល់​ខ្វាយ​អ្វី​ទៀត​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ បាន​សុខ‌សាន្ត។ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់ ព្រះអង្គ​ជូត​ទឹក​ភ្នែក​ខ្ញុំ ហើយ​ការពារ​ខ្ញុំ​មិន​ឲ្យ​ជំពប់​ដួល​ឡើយ។ ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពិភព​មនុស្ស​លោក​នេះ។ ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែល ទោះ​បី​ខ្ញុំ​ពោល​ថា ខ្ញុំ​ជា​មនុស្ស​វេទនា។ ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្ស ណា​ម្នាក់​បាន​ឡើយ ។ តើ​ខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នង នឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​សម្តែង​មក​លើ​រូប​ខ្ញុំ? ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះ‌អម្ចាស់ ដែល​បាន​រំដោះ​ខ្ញុំ ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។ ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​ណាស់ នៅ​ពេល​ប្រជា‌ជន​ដ៏វិសុទ្ធ​ណា​ម្នាក់​ស្លាប់។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ជា​អ្នក​បម្រើរបស់​ព្រះអង្គ ដូច​ម្ដាយ​របស់​ទូលបង្គំ​ដែរ ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់។ ទូលបង្គំ​សូម​ថ្វាយ​យញ្ញ‌បូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះអង្គ ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។ ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះអង្គ គឺ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។ ហាលេ‌លូយ៉ា!