ទំនុកតម្កើង 116

116
ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់
1ខ្ញុំ​ស្រឡាញ់​ព្រះ‌អម្ចាស់
ដ្បិត​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង
ដែល​ខ្ញុំ​ទទូច​អង្វរ
2ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ខ្ញុំ
អស់​មួយ​ជីវិត ខ្ញុំ​នឹង​អង្វរ​ព្រះអង្គ។
3មច្ចុរាជ​បាន​រួប‌រឹត​ខ្ញុំ
ធ្វើ​ឲ្យ​ខ្ញុំ​អន្ទះ‌អន្ទែង​ភ័យ​ខ្លាច​ស្លាប់
ខ្ញុំ​រង​ទុក្ខ​លំបាក ហើយ​ឈឺ​ចុក​ចាប់​ពន់​ប្រមាណ។
4ពេល​នោះ ខ្ញុំ​បាន​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា៖
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​មេត្តា​សង្គ្រោះ​ជីវិត​ទូលបង្គំ​ផង!
5 ព្រះ‌អម្ចាស់​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​សុចរិត
ព្រះ​របស់​យើង​ប្រកប​ដោយ​ព្រះ‌ហឫទ័យ
អាណិត​មេត្តា។
6 ព្រះ‌អម្ចាស់​ជួយ​ការពារ​មនុស្ស​ទន់‌ទាប
ពេល​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។
7ខ្ញុំ​នឹង​លែង​ខ្វល់​ខ្វាយ​អ្វី​ទៀត​ហើយ
ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ
បាន​សុខ‌សាន្ត។
8ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់
ព្រះអង្គ​ជូត​ទឹក​ភ្នែក​ខ្ញុំ
ហើយ​ការពារ​ខ្ញុំ​មិន​ឲ្យ​ជំពប់​ដួល​ឡើយ។
9ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
ក្នុង​ពិភព​មនុស្ស​លោក​នេះ។
10 ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែល
ទោះ​បី​ខ្ញុំ​ពោល​ថា ខ្ញុំ​ជា​មនុស្ស​វេទនា។
11ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា
យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្ស
ណា​ម្នាក់​បាន​ឡើយ ។
12តើ​ខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នង
នឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អម្ចាស់​បាន​សម្តែង​មក​លើ​រូប​ខ្ញុំ?
13ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះ‌អម្ចាស់
ដែល​បាន​រំដោះ​ខ្ញុំ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
14ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់
តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះអង្គ។
15 ព្រះ‌អម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​ណាស់
នៅ​ពេល​ប្រជា‌ជន​ដ៏វិសុទ្ធ​ណា​ម្នាក់​ស្លាប់។
16ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​ជា​អ្នក​បម្រើរបស់​ព្រះអង្គ
ដូច​ម្ដាយ​របស់​ទូលបង្គំ​ដែរ
ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់។
17ទូលបង្គំ​សូម​ថ្វាយ​យញ្ញ‌បូជា
ដើម្បី​អរ​ព្រះ‌គុណ​ព្រះអង្គ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
18ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់
តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះអង្គ
19គឺ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់
ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។
ហាលេ‌លូយ៉ា!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 116: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ