ទំនុកតម្កើង 112:1-10

ទំនុកតម្កើង 112:1-10 គខប

ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ពេញ​ចិត្ត​នឹង​គោរព​តាម ព្រះ‌បញ្ជា​របស់​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ! ពូជ‌ពង្ស​របស់​គេ​នឹង​មាន​អំណាច​នៅ​ក្នុង​ស្រុក ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ពរ ដល់​មនុស្ស​ទៀង​ត្រង់។ នៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ នឹង​មាន​ទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្ដម្ភ សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ ក្នុង​ទី​ងងឹត មាន​ពន្លឺ​លេច​ឡើង បំភ្លឺ​មនុស្ស​ទៀង​ត្រង់ ដែល​មាន​ចិត្ត​ប្រណី​សន្ដោស អាណិត​មេត្តា និង​សុចរិត។ អ្នក​ណា​មាន​ចិត្ត​ទូលាយ ហើយ​យក​របស់​ខ្លួន​ឲ្យ​គេ​ខ្ចី ព្រម​ទាំង​រក​ស៊ី​ដោយ​ទៀង​ត្រង់ អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រពៃ​ហើយ។ មនុស្ស​ល្អ​នឹង​បាន​សុខ​ជានិច្ច គេ​នឹង​រំឭក​កេរ្តិ៍​ឈ្មោះ​គាត់​រហូត​ត​ទៅ។ គាត់​នឹង​មិន​ខ្លាច​នរណា​និយាយ​អាក្រក់ ពី​គាត់​សោះ​ឡើយ គាត់​មាន​ចិត្ត​រឹង‌ប៉ឹង ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ទាំង​ស្រុង។ គាត់​មាន​ចិត្ត​នឹង‌ន ឥត​ភ័យ​ខ្លាច​អ្វី​ទាំង​អស់ រហូត​ទាល់​តែ​បាន​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។ គាត់​តែង​ចែក​ទាន​ឲ្យ​អ្នក​ក្រ​ដោយ​ចិត្ត​ទូលាយ សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​គាត់​ចម្រើន​កម្លាំង​កាន់​តែ​រុងរឿង​ឡើងៗ។ ពេល​មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ ក៏​មាន​ចិត្ត​ទោមនស្ស គេ​សង្កៀត​ធ្មេញ ហើយ​រលាយ​សូន្យ​ទៅ មនុស្ស​អាក្រក់ ពុំ​ដែល​បាន​សម្រេច​ដូច​បំណង​ឡើយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ