ទំនុកតម្កើង 111:1-10

ទំនុកតម្កើង 111:1-10 គខប

ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​ចិត្ត នៅ​ក្នុង​អង្គ​ប្រជុំ​របស់​មនុស្ស​ទៀង​ត្រង់។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ឧត្ដុង្គ‌ឧត្ដម ហើយ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ស្នា​ព្រះ‌ហស្ដ​នេះ នាំ​គ្នា​ស្វែង​យល់។ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ប្រកប​ទៅ​ដោយ រស្មី​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច សេចក្ដី​សុចរិត​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង នឹក​ដល់​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ព្រះ‌អម្ចាស់​តែងតែ​ប្រណី‌សន្ដោស ហើយ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត​អាសូរ។ ព្រះអង្គ​ប្រទាន​អាហារ​ឲ្យ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រះអង្គ​តែង​នឹក​ដល់​សម្ពន្ធ‌មេត្រី របស់​ព្រះអង្គ​ជានិច្ច។ ព្រះអង្គ​សម្តែង​ឫទ្ធា‌នុភាព ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ឃើញ តាម​រយៈ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ គឺ​ប្រគល់​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា ឲ្យ​ពួក​គេ។ ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​ពិត និង​ប្រាកដ​ប្រជា ព្រះ‌ឱវាទ​របស់​ព្រះអង្គ គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង។ ព្រះ‌បញ្ជា​ទាំង​នោះ​នៅ​ស្ថិត‌ស្ថេរ​រហូត ព្រោះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល ដោយ​សេចក្ដី​ពិត និង​ត្រឹម​ត្រូវ។ ព្រះអង្គ​បាន​រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ឲ្យ​មាន​សេរី‌ភាព ព្រះអង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​រហូត​ត​ទៅ ព្រះ‌នាម​របស់​ព្រះអង្គ​ជា​ព្រះ‌នាម​ដ៏វិសុទ្ធ គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង។ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ប្រភព​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ប្រាជ្ញា​នេះ តែងតែ​ដឹង​ខុស​ត្រូវ។ សូម​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​ទៅ!