ទំនុកតម្កើង 109

109
សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ​ដែល​ទូលបង្គំ
សរសើរ​តម្កើង​អើយ
សូម​កុំ​នៅ​ស្ងៀម​ទៀត​ឡើយ!
2ដ្បិត​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​ល្បិច
នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ទូលបង្គំ
គេ​និយាយ​កុហក​ទាស់​នឹង​ទូលបង្គំ។
3គេ​ពោល​ពាក្យ​សម្អប់​មក​លើ​ទូលបង្គំ
ហើយ​វាយ​ប្រហារ​ទូលបង្គំ
ដោយ​ឥត​មាន​មូល​ហេតុ​អ្វី​ទាល់​តែ​សោះ។
4ទូលបង្គំ​ស្រឡាញ់​ពួក​គេ
ប៉ុន្តែ ពួក​គេ​បែរ​ជា​ចោទ​ប្រកាន់​ទូលបង្គំ
ទូលបង្គំ​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ។
5ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​មក​លើ​ទូលបង្គំ
តប​សង​នឹង​អំពើ​ល្អ ហើយ​សម្តែង​ចិត្ត​ស្អប់
តប​សង​នឹង​សេចក្ដី​ស្រឡាញ់។
6សូម​ដាក់​មនុស្ស​កំណាច​ម្នាក់​ឲ្យ​ត្រួត
ពី​លើ​អ្នក​នោះ ហើយ​ម្នាក់​ទៀត​ឈរ​នៅ​ខាង​ស្ដាំ
ដើម្បី​ចោទ​ប្រកាន់ ។
7សូម​ឲ្យ​អ្នក​នោះ​ទទួល​ទោស​នៅ​ពេល​ជំនុំ‌ជម្រះ
ហើយ​សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​គេ
ក្លាយ​ទៅ​ជា​អំពើ​បាប​ទៅ​វិញ។
8 សូម​កុំ​ឲ្យ​គេ​រស់​បាន​យូរ​ឡើយ
សូម​ឲ្យ​មាន​ម្នាក់​ទៀត​កាន់​តំណែង​ជំនួស។
9សូម​ឲ្យ​កូន​ចៅ​របស់​គេ​ក្លាយ​ទៅ​ជា​ក្មេង​កំព្រា
ហើយ​ប្រពន្ធ​របស់​គេ​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយ!។
10សូម​ឲ្យ​កូន​របស់​អ្នក​នោះ
ក្លាយ​ទៅ​ជា​មនុស្ស​អនាថា​ដើរ​សុំ​ទាន
ហើយ​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​លំ‌នៅ
ដែល​រលំ​បាក់​បែក!
11សូម​ឲ្យ​ម្ចាស់​បំណុល​មក​រឹប​អូស​អ្វីៗ
ដែល​គេ​មាន
ហើយ​ឲ្យ​ជន​បរទេស​មក​ប្លន់​យក​អ្វីៗ
ដែល​គេ​ខំ​ប្រឹង​រក​បាន!
12សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​សម្តែង​ចិត្ត​មេត្តា
ករុណា​ចំពោះ​គេ​ឡើយ
ហើយ​ក៏​កុំ​ឲ្យ​មាន​នរណា​ម្នាក់​អាណិត
អាសូរ​កូន​ចៅ​របស់​គេ​ដែល​នៅ​កំព្រា​ដែរ!
13សូម​ដក​ជីវិត​ពូជ‌ពង្ស​របស់​គេ
ហើយ​លុប​បំបាត់​នាម​ត្រកូល​របស់​គេ
នៅ​ជំនាន់​ក្រោយ!
14សូម​ព្រះ‌អម្ចាស់​ចង​ចាំ​នូវ​កំហុស​ដែល​ដូនតា
របស់​គេ​បាន​ប្រព្រឹត្ត
ហើយ​កុំ​ឲ្យ​ព្រះអង្គ​ភ្លេច​អំពើ​បាប
ដែល​ម្ដាយ​របស់​គេ​បាន​ប្រព្រឹត្ត​ដែរ!
15សូម​ព្រះ‌អម្ចាស់​ចង​ចាំ​នូវ​អំពើ​បាប​របស់​ពួក​គេ​ជានិច្ច
ពេល​ពួក​គេ​ស្លាប់ សូម​ព្រះអង្គ​ធ្វើ
កុំ​ឲ្យ​មាន​នរណា​នឹក‌នា​ដល់​ពួក​គេ​ឡើយ!
16ដ្បិត​ជន​នេះ​ពុំ​បាន​នឹក​សម្តែង​ចិត្ត​មេត្តា‌ករុណា​សោះ
គេ​បាន​ធ្វើ​បាប​មនុស្ស​កម្សត់​ទុគ៌ត
ព្រម​ទាំង​សម្លាប់​អ្នក​ដែល​មាន​ចិត្ត
សោក​សង្រេង​ទៀត​ផង។
17គេ​ចូល​ចិត្ត​ដាក់​បណ្ដាសា
ដូច្នេះ សូម​ឲ្យ​គេ​ត្រូវ​បណ្ដាសា​ចុះ!
គេ​មិន​ពេញ​ចិត្ត​នឹង​ពរ​ទេ ដូច្នេះ
សូម​កុំ​ឲ្យ​មាន​នរណា​ជូន​ពរ​គេ​ឡើយ!
18សូម​ឲ្យ​គេ​យក​បណ្ដាសា​គ្រប​ដណ្ដប់​ពី​លើ​គេ
សូម​ឲ្យ​បណ្ដាសា​ចូល​ទៅ​ក្នុង​ខ្លួន​គេ​ដូច​ទឹក
ហើយ​ចូល​ទៅ​ក្នុង​ឆ្អឹង​គេ​ដូច​ខ្លាញ់!
19សូម​ឲ្យ​បណ្ដាសា​បាន​ដូច​ជា​សម្លៀក‌បំពាក់
បិទ‌បាំង​កាយ​ពួក​គេ
ហើយ​រុំ​ព័ទ្ធ​ខ្លួន​គេ​ជានិច្ច​ដូច​ខ្សែ​ក្រវាត់។
20អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ
និង​អស់​អ្នក​ដែល​និយាយ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំ
សូម​ឲ្យ​គេ​ទទួល​ទោស​ពី​ព្រះ‌អម្ចាស់
បែប​នេះ​ឯង!
21ឱ​ព្រះ‌ជា‌អម្ចាស់​អើយ
សូម​ព្រះអង្គ​មេត្តា
ជួយ​ទូលបង្គំ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះអង្គ
ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ដ៏​លើស‌លុប សូម​រំដោះ​ទូលបង្គំ​ផង!
22ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត
ទូលបង្គំ​របួស​ដួង​ចិត្ត។
23ទូលបង្គំ​កំពុង​តែ​រសាត់​បាត់​ទៅ
ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច
គេ​កម្ចាត់​ទូលបង្គំ​ដូច​កម្ចាត់​សត្វ​ល្អិត។
24ទូលបង្គំ​ទន់​ជង្គង់
ព្រោះ​តែ​តម​អាហារ​យូរ​ពេក
ទូលបង្គំ​ស្គម​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។
25 ពេល​មនុស្ស‌ម្នា​ឃើញ​ទូលបង្គំ
គេ​នាំ​គ្នា​សើច​ចំអក
និង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ។
26ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
សូម​ជួយ​ទូលបង្គំ​ផង!
សូម​សង្គ្រោះ​ទូលបង្គំ
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ!
27សូម​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​ស្គាល់​ថា
ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។
28ទោះ​បី​អ្នក​ទាំង​នោះ​ដាក់​បណ្ដាសា​ទូលបង្គំ
ក៏​ដោយ ក៏​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​ទូលបង្គំ​ដែរ
ប្រសិន​បើ​ពួក​គេ​វាយ​ប្រហារ​ទូលបង្គំ
ពួក​គេ​មុខ​ជា​ត្រូវ​បាក់​មុខ
ហើយ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
នឹង​មាន​អំណរ​សប្បាយ។
29សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ
ត្រូវ​អាម៉ាស់​មុខ សូម​ឲ្យ​សេចក្ដី​អាម៉ាស់
នៅ​ជាប់​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ!
30ខ្ញុំ​នឹង​បន្លឺ​សំឡេង​លើក​តម្កើង​ព្រះ‌អម្ចាស់
ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ក្នុង​ចំណោម
បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ!
31ដ្បិត​ព្រះអង្គ​ការពារ​ជន​កម្សត់​ទុគ៌ត
ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ
របស់​អស់​អ្នក​ដែល​ចង់​ដាក់​ទោស​គេ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 109: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ