ទំនុកតម្កើង 108

108
ខ្ញុំ​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ​ឡើង
បទ​ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។ ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ
ត្រៀម​ចិត្ត​គំនិត​ជា​ស្រេច!
ទូលបង្គំ​នឹង​ច្រៀង
ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង អស់​ពី​ដួង​ចិត្ត!
2ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង!
ខ្ញុំ​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ
3ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​នឹង​លើក​តម្កើង
ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង‌ឡាយ
ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង
ថ្វាយ​ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
4ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ
របស់​ព្រះអង្គ​ខ្ពស់​ដល់​អាកាស‌វេហាស៍។
5ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង
ឧត្តុង្គ‌ឧត្ដម​របស់​ព្រះអង្គ​នៅ​លើ​ផ្ទៃ​មេឃ
ហើយ​សូម​ឲ្យ​សិរី‌រុងរឿង​របស់​ព្រះអង្គ
ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល!
6សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ
សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង
ដើម្បី​ឲ្យ​ប្រជា‌ជន​ជា​ទី​ស្រឡាញ់
របស់​ព្រះអង្គ​បាន​រួច​ជីវិត!
7ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ទីសក្ការៈ
របស់​ព្រះអង្គ​មក​ថា:
«យើង​នឹង​យក​ជ័យ‌ជម្នះ
យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម
យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូត
ចែក​ប្រជា‌រាស្ដ្រ​របស់​យើង។
8កាឡាត​ជា​ទឹក​ដី​របស់​យើង
ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ
អេប្រាអ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង
ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។
9ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើង
យើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុម
ដើម្បី​បញ្ជាក់​ថា​យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ។
យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាម
ប្រឆាំង​នឹង​ស្រុក​ភីលីស្ទីន!»។
10តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទីក្រុង
ដ៏​រឹង‌មាំ​បាន?
តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ស្រុក​អេដុម?
11ឱ​ព្រះ‌ជាម្ចាស់​អើយ!
មាន​តែ​ព្រះអង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ
ប៉ុន្តែ ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ
ព្រះអង្គ​ឈប់​យាង​ទៅ​ជា​មួយ​កង‌ទ័ព
យើង​ខ្ញុំ​ទៀត​ហើយ។
12សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​ប្រឆាំង​តទល់
នឹង​ពួក​សត្រូវ​ផង
ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោក
ឥត​ប្រយោជន៍​អ្វី​សោះ។
13បើ​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង
នោះ​យើង​នឹង​មាន​ជ័យ‌ជម្នះ
ដ្បិត​ព្រះអង្គ​នឹង​បង្ក្រាប​បច្ចា‌មិត្ត
របស់​យើង​ឲ្យ​រាប។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 108: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ