ទំនុកតម្កើង 109
109
សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំត្រូវអាម៉ាស់មុខ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុកតម្កើង របស់ស្ដេចដាវីឌ។
1ឱព្រះដែលទូលបង្គំ
សរសើរតម្កើងអើយ
សូមកុំនៅស្ងៀមទៀតឡើយ!
2ដ្បិតមនុស្សអាក្រក់ និងមនុស្សមានល្បិច
នាំគ្នាពោលពាក្យប្រឆាំងនឹងទូលបង្គំ
គេនិយាយកុហកទាស់នឹងទូលបង្គំ។
3គេពោលពាក្យសម្អប់មកលើទូលបង្គំ
ហើយវាយប្រហារទូលបង្គំ
ដោយឥតមានមូលហេតុអ្វីទាល់តែសោះ។
4ទូលបង្គំស្រឡាញ់ពួកគេ
ប៉ុន្តែ ពួកគេបែរជាចោទប្រកាន់ទូលបង្គំ
ទូលបង្គំបានអធិស្ឋានឲ្យពួកគេ។
5ពួកគេប្រព្រឹត្តអំពើអាក្រក់មកលើទូលបង្គំ
តបសងនឹងអំពើល្អ ហើយសម្តែងចិត្តស្អប់
តបសងនឹងសេចក្ដីស្រឡាញ់។
6សូមដាក់មនុស្សកំណាចម្នាក់ឲ្យត្រួត
ពីលើអ្នកនោះ ហើយម្នាក់ទៀតឈរនៅខាងស្ដាំ
ដើម្បីចោទប្រកាន់ ។
7សូមឲ្យអ្នកនោះទទួលទោសនៅពេលជំនុំជម្រះ
ហើយសូមឲ្យពាក្យអធិស្ឋានរបស់គេ
ក្លាយទៅជាអំពើបាបទៅវិញ។
8 សូមកុំឲ្យគេរស់បានយូរឡើយ
សូមឲ្យមានម្នាក់ទៀតកាន់តំណែងជំនួស។
9សូមឲ្យកូនចៅរបស់គេក្លាយទៅជាក្មេងកំព្រា
ហើយប្រពន្ធរបស់គេក្លាយទៅជាស្ត្រីមេម៉ាយ!។
10សូមឲ្យកូនរបស់អ្នកនោះ
ក្លាយទៅជាមនុស្សអនាថាដើរសុំទាន
ហើយត្រូវគេដេញចេញពីទីលំនៅ
ដែលរលំបាក់បែក!
11សូមឲ្យម្ចាស់បំណុលមករឹបអូសអ្វីៗ
ដែលគេមាន
ហើយឲ្យជនបរទេសមកប្លន់យកអ្វីៗ
ដែលគេខំប្រឹងរកបាន!
12សូមកុំឲ្យមាននរណាម្នាក់សម្តែងចិត្តមេត្តា
ករុណាចំពោះគេឡើយ
ហើយក៏កុំឲ្យមាននរណាម្នាក់អាណិត
អាសូរកូនចៅរបស់គេដែលនៅកំព្រាដែរ!
13សូមដកជីវិតពូជពង្សរបស់គេ
ហើយលុបបំបាត់នាមត្រកូលរបស់គេ
នៅជំនាន់ក្រោយ!
14សូមព្រះអម្ចាស់ចងចាំនូវកំហុសដែលដូនតា
របស់គេបានប្រព្រឹត្ត
ហើយកុំឲ្យព្រះអង្គភ្លេចអំពើបាប
ដែលម្ដាយរបស់គេបានប្រព្រឹត្តដែរ!
15សូមព្រះអម្ចាស់ចងចាំនូវអំពើបាបរបស់ពួកគេជានិច្ច
ពេលពួកគេស្លាប់ សូមព្រះអង្គធ្វើ
កុំឲ្យមាននរណានឹកនាដល់ពួកគេឡើយ!
16ដ្បិតជននេះពុំបាននឹកសម្តែងចិត្តមេត្តាករុណាសោះ
គេបានធ្វើបាបមនុស្សកម្សត់ទុគ៌ត
ព្រមទាំងសម្លាប់អ្នកដែលមានចិត្ត
សោកសង្រេងទៀតផង។
17គេចូលចិត្តដាក់បណ្ដាសា
ដូច្នេះ សូមឲ្យគេត្រូវបណ្ដាសាចុះ!
គេមិនពេញចិត្តនឹងពរទេ ដូច្នេះ
សូមកុំឲ្យមាននរណាជូនពរគេឡើយ!
18សូមឲ្យគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេ
សូមឲ្យបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹក
ហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់!
19សូមឲ្យបណ្ដាសាបានដូចជាសម្លៀកបំពាក់
បិទបាំងកាយពួកគេ
ហើយរុំព័ទ្ធខ្លួនគេជានិច្ចដូចខ្សែក្រវាត់។
20អស់អ្នកដែលចោទប្រកាន់ខ្ញុំ
និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ
សូមឲ្យគេទទួលទោសពីព្រះអម្ចាស់
បែបនេះឯង!
21ឱព្រះជាអម្ចាស់អើយ
សូមព្រះអង្គមេត្តា
ជួយទូលបង្គំដោយយល់ដល់ព្រះនាមព្រះអង្គ
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
ដ៏លើសលុប សូមរំដោះទូលបង្គំផង!
22ទូលបង្គំជាមនុស្សកម្សត់ទុគ៌ត
ទូលបង្គំរបួសដួងចិត្ត។
23ទូលបង្គំកំពុងតែរសាត់បាត់ទៅ
ដូចជាស្រមោលនៅពេលល្ងាច
គេកម្ចាត់ទូលបង្គំដូចកម្ចាត់សត្វល្អិត។
24ទូលបង្គំទន់ជង្គង់
ព្រោះតែតមអាហារយូរពេក
ទូលបង្គំស្គមនៅសល់តែស្បែក និងឆ្អឹង។
25 ពេលមនុស្សម្នាឃើញទូលបង្គំ
គេនាំគ្នាសើចចំអក
និងគ្រវីក្បាលដាក់ទូលបង្គំ។
26ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
សូមជួយទូលបង្គំផង!
សូមសង្គ្រោះទូលបង្គំ
ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ!
27សូមឲ្យអ្នកទាំងនោះទទួលស្គាល់ថា
ព្រះអង្គបានសង្គ្រោះទូលបង្គំ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
28ទោះបីអ្នកទាំងនោះដាក់បណ្ដាសាទូលបង្គំ
ក៏ដោយ ក៏ព្រះអង្គប្រទានពរឲ្យទូលបង្គំដែរ
ប្រសិនបើពួកគេវាយប្រហារទូលបង្គំ
ពួកគេមុខជាត្រូវបាក់មុខ
ហើយទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ
នឹងមានអំណរសប្បាយ។
29សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំ
ត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់
នៅជាប់ជាមួយពួកគេរហូតតទៅ!
30ខ្ញុំនឹងបន្លឺសំឡេងលើកតម្កើងព្រះអម្ចាស់
ខ្ញុំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោម
បណ្ដាជនដ៏ច្រើនកុះករ!
31ដ្បិតព្រះអង្គការពារជនកម្សត់ទុគ៌ត
ដើម្បីសង្គ្រោះគេឲ្យរួចផុតពីកណ្ដាប់ដៃ
របស់អស់អ្នកដែលចង់ដាក់ទោសគេ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 109: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.