ទំនុកតម្កើង 107:1-9

ទំនុកតម្កើង 107:1-9 គខប

ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​មាន ព្រះ‌ហឫទ័យ​សប្បុរស ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ គួរ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អម្ចាស់ បាន​រំដោះ​មក ពោល​សេចក្ដី​នេះ គឺ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​រំដោះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​នាំ​ពី​ប្រទេស​នានា​មក​វិញ គឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិច ពី​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។ អ្នក​ខ្លះ​វង្វេង​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង រក​ស្រុក​ភូមិ​ស្នាក់​អាស្រ័យ​នៅ​ពុំ​បាន​ឡើយ។ ពួក​គេ​ឃ្លាន​អាហារ ស្រេក​ទឹក ហើយ​បាត់​បង់​ទឹក​ចិត្ត។ ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​រំដោះ​ពួក​គេ ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ ព្រះអង្គ​ដឹក​នាំ​គេ​តម្រង់​ទៅ​ក្រុង​មួយ ដែល​គេ​អាច​ស្នាក់​អាស្រ័យ​នៅ​បាន។ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក! ដ្បិត​ព្រះអង្គ​បាន​ប្រទាន​ទឹក​ឲ្យ​អ្នក​ដែល​ស្រេក ហើយ​ប្រទាន​អាហារ​បរិបូណ៌ ដល់​អស់​អ្នក​ដែល​ឃ្លាន។