ទំនុកតម្កើង 107:1-9
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមាន ព្រះហឫទ័យសប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ គួរឲ្យអស់អ្នកដែលព្រះអម្ចាស់ បានរំដោះមក ពោលសេចក្ដីនេះ គឺអស់អ្នកដែលព្រះអង្គបានរំដោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយនាំពីប្រទេសនានាមកវិញ គឺពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង និងទិសខាងត្បូង។ អ្នកខ្លះវង្វេងនៅក្នុងវាលរហោស្ថានដ៏ហួតហែង រកស្រុកភូមិស្នាក់អាស្រ័យនៅពុំបានឡើយ។ ពួកគេឃ្លានអាហារ ស្រេកទឹក ហើយបាត់បង់ទឹកចិត្ត។ ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏រំដោះពួកគេ ឲ្យរួចផុតពីការភ័យបារម្ភ ព្រះអង្គដឹកនាំគេតម្រង់ទៅក្រុងមួយ ដែលគេអាចស្នាក់អាស្រ័យនៅបាន។ អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក! ដ្បិតព្រះអង្គបានប្រទានទឹកឲ្យអ្នកដែលស្រេក ហើយប្រទានអាហារបរិបូណ៌ ដល់អស់អ្នកដែលឃ្លាន។
ទំនុកតម្កើង 107:1-9