ទំនុកតម្កើង 104:14-27

ទំនុកតម្កើង 104:14-27 គខប

ព្រះអង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​ជា​ចំណី​សត្វ ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង សម្រាប់​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​មាន​អាហារ​បរិភោគ មាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​ឲ្យ​សប្បាយ​ចិត្ត មាន​ប្រេង​សម្រាប់​លាប​មុខ​ឲ្យ​បាន​ស្រស់​ស្អាត ព្រម​ទាំង​ម្ហូប​អាហារ​បរិភោគ​ឲ្យ​មាន​កម្លាំង។ សូម្បី​តែ​ដើម​ឈើ​ដែល​ព្រះ‌អម្ចាស់​បាន​ដាំ គឺ​ដូច​ជា​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ ក៏​មាន​ទឹក​គ្រប់​គ្រាន់​ដែរ។ បក្សា‌បក្សី​នាំ​គ្នា​ធ្វើ​សំបុក នៅ​លើ​ដើម​ឈើ​ទាំង​នោះ ហើយ​សត្វ​កុក​នាំ​គ្នា​ធ្វើ​ទ្រនំ នៅ​លើ​ដើម​ឈើ​ទាល។ រីឯ​ភ្នំ​ខ្ពស់ៗ​ជា​ជម្រក​របស់​ពពែ​ភ្នំ ហើយ​ថ្ម‌ដា​នានា​ជា​ទី​ស្នាក់​អាស្រ័យ​របស់​ទន្សាយ។ ព្រះអង្គ​បាន​បង្កើត​ព្រះ‌ច័ន្ទ ដើម្បី​កំណត់​ពេល​វេលា ហើយ​ព្រះ‌អាទិត្យ​ក៏​ស្គាល់​ពេល ដែល​ត្រូវ​លិច​ទៅ​វិញ​ដែរ។ ព្រះអង្គ​នាំ​ភាព​ងងឹត​ចូល​មក រាត្រី​កាល​ក៏​មក​ដល់ ពេល​នោះ សត្វ​ព្រៃ​ចាប់​ផ្ដើម​សកម្ម‌ភាព​របស់​វា សត្វ​សិង្ហ​ស្ទាវ​គ្រហឹម​រក​រំពា វា​ទាម‌ទារ​ចំណី​ពី​ព្រះ‌ជាម្ចាស់។ ពេល​ព្រះ‌អាទិត្យ​រះ​ឡើង វា​នាំ​គ្នា​ដក​ខ្លួន​ថយ ទៅ​ដេក​ក្នុង​រូង​របស់​វា​វិញ។ ពេល​នោះ មនុស្ស‌ម្នា​ចាក​ចេញ​ពី​ផ្ទះ ដើម្បី​បំពេញ​ការ‌ងារ​រៀងៗ​ខ្លួន គេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។ ឱ​ព្រះ‌អម្ចាស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​មាន​ច្រើន​ឥត​គណនា ព្រះអង្គ​ធ្វើ​ការ​ទាំង​អស់​នោះ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ផែនដី​មាន​ពោរ‌ពេញ​ទៅ​ដោយ​អ្វីៗ សព្វ​សារ‌ពើ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។ មើល៍‌ហ្ន៎! សមុទ្រ​ធំ‌ធេង​ដាច់​កន្ទុយ​ភ្នែក នៅ​ក្នុង​នោះ​មាន​មច្ឆា‌ជាតិ​គ្រប់​យ៉ាង ទាំង​ធំ ទាំង​តូច គ្មាន​នរណា​អាច​រាប់​អស់​ឡើយ។ នាវា​ទាំង‌ឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ ហើយ​នាគ​ដែល​ព្រះអង្គ​បង្កើត ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។ សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដើម្បី​ទទួល​ចំណី​អាហារ​តាម​ពេល​កំណត់។