កូនអើយ ចូរនាំគ្នាស្ដាប់ពាក្យទូន្មានរបស់ឪពុក ចូរប្រុងស្មារតី នោះកូននឹងបានយល់អំពីការចេះដឹង ដ្បិតឪពុកបង្រៀនកូនអំពីគោលគំនិតដ៏ល្អ កុំបោះបង់ចោលដំបូន្មានរបស់ឪពុកឡើយ។ ពីដើម ឪពុកធ្លាប់ស្ដាប់ជីតារបស់ឯង ហើយឪពុកក៏ជាកូនសំណព្វរបស់ជីដូនឯងដែរ។ ជីតាឯងបានបង្រៀនឪពុកថា៖ «ចូរកូនចងចាំពាក្យរបស់ឪពុកទុកក្នុងចិត្ត ចូរប្រតិបត្តិតាមដំបូន្មានរបស់ឪពុក នោះកូននឹងមានជីវិត។ ចូររកប្រាជ្ញា និងការចេះដឹងឲ្យបាន។ មិនត្រូវបំភ្លេច ឬងាកចេញពីពាក្យរបស់ឪពុកឡើយ។ កុំបោះបង់ប្រាជ្ញាឲ្យសោះ នោះប្រាជ្ញានឹងការពារកូន ចូរស្រឡាញ់ប្រាជ្ញា នោះប្រាជ្ញានឹងថែរក្សាកូន។ រីឯប្រភពនៃប្រាជ្ញាចាប់ផ្ដើមដូចតទៅ: គឺត្រូវរកប្រាជ្ញាឲ្យបាន ហើយចំណាយអ្វីៗទាំងអស់ដែលកូនមាន ដើម្បីរកឲ្យបានការចេះដឹង។ ចូរឱបរឹតប្រាជ្ញាឲ្យជាប់ក្នុងដួងចិត្ត នោះប្រាជ្ញានឹងលើកតម្កើងកូនឡើងយ៉ាងថ្លៃថ្នូរ។ ប្រាជ្ញានឹងផ្ដល់ឲ្យកូនបានរុងរឿង គឺប្រៀបដូចជាមកុដ និងជាគ្រឿងអលង្ការដ៏ថ្លៃបំផុត សម្រាប់កូន»។ កូនអើយ ចូរស្ដាប់ពាក្យរបស់ឪពុក នោះកូននឹងមានអាយុវែង។ ឪពុកបានណែនាំកូនឲ្យស្គាល់របៀបរស់នៅប្រកបដោយប្រាជ្ញា និងបានអប់រំកូនឲ្យដើរតាមមាគ៌ាទៀងត្រង់។ បើកូនប្រកាន់យកមាគ៌ានេះ នឹងគ្មានឧបសគ្គអ្វីមករារាំងកូនឲ្យជំពប់ដួលឡើយ។ ចូរកាន់តាមដំបូន្មានឪពុក ដោយឥតលះបង់ចោលឡើយ ចូរថែរក្សាឲ្យជាប់ ដ្បិតដំបូន្មាននេះជាជីវិតរបស់កូន។ មិនត្រូវចូលរួមក្នុងផ្លូវរបស់មនុស្សពាលឡើយ ហើយក៏មិនត្រូវយកតម្រាប់តាមមនុស្សអាក្រក់ដែរ។ ចូរចៀសវាងដើរតាមផ្លូវនោះ ត្រូវដើរវាងឲ្យឆ្ងាយ។ អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ ដ្បិតគេចិញ្ចឹមជីវិតដោយសារអំពើទុច្ចរិត ហើយគេផឹកស្រាដែលបានមកដោយសារអំពើឃោរឃៅ។ មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកម្ដៅ។ រីឯផ្លូវរបស់ជនពាលវិញ ប្រៀបបាននឹងភាពងងឹតអន្ធការ គឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើឲ្យខ្លួនជំពប់ដួលនោះឃើញឡើយ។ កូនអើយ ចូរផ្ទៀងត្រចៀក ចូរត្រងត្រាប់ស្ដាប់ពាក្យទូន្មាន និងឱវាទរបស់ឪពុក។ កុំបំភ្លេចពាក្យឪពុក គឺត្រូវរក្សាទុកឲ្យជាប់នៅក្នុងដួងចិត្តជានិច្ច។ ដ្បិតឱវាទនេះនឹងផ្ដល់ជីវិត និងសុខភាពដល់អស់អ្នកដែលសុខចិត្តទទួល។ ចូរកូនថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។ ចូរទប់មាត់កុំឲ្យពោលពាក្យអាស្រូវឡើយ ហើយក៏កុំគ្រលាស់អណ្ដាតពោលពាក្យមួលបង្កាច់គេដែរ។ ចូរសម្តែងឲ្យមនុស្សលោកឃើញទឹកចិត្តស្មោះត្រង់របស់កូន គឺកុំមើលទៅនរណាដោយចិត្តវៀចវេរឡើយ។ ចូររៀបចំផ្លូវដែលកូនត្រូវដើរឲ្យត្រង់ គឺធ្វើយ៉ាងណាឲ្យផ្លូវនោះបានត្រឹមត្រូវ កុំងាកស្ដាំ ងាកឆ្វេង ហើយចៀសឲ្យឆ្ងាយពីផ្លូវអាក្រក់។
អាន សុភាសិត 4
ស្ដាប់នូវ សុភាសិត 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 4:1-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ