សុភាសិត 4:1-27

សុភាសិត 4:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ដំបូន្មាន​របស់​ឪពុក ហើយ​ផ្ចង់​ចិត្ត នោះ​ឯង​នឹង​បាន​ស្គាល់​ការ​ចេះ​ដឹង ដ្បិតឪពុក​ឲ្យ​ឱវាទ​ដ៏​ល្អ​ដល់​កូន កុំ​បោះ‌បង់​ចោល​សេចក្ដី​បង្រៀន របស់ឪពុក​ឡើយ។ ដ្បិត​ពី​ដើម​យើង​ជា​កូន​របស់​ឪពុក​យើង​ដែរ គឺ​ជា​កូន​ទន់​ខ្ចី ជា​ទី​ស្រឡាញ់​បណ្ដាច់ ដល់​ម្តាយ​យើង ឪពុក​បាន​បង្រៀន​យើង​ដោយ​ពាក្យ​ថា «ចូរ​ឲ្យ​ចិត្ត​កូន​រក្សា​ទុក អស់​ទាំង​ពាក្យ​របស់​ឪពុក​ចុះ ចូរ​រក្សា​អស់​ទាំង​បណ្ដាំ​របស់​យើង ដើម្បី​ឲ្យ​កូន​បាន​រស់​នៅ ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា ចូរ​ខំ​ឲ្យ​បាន​យោបល់ កុំ​ឲ្យ​ភ្លេច​ឡើយ ក៏​កុំ​ឲ្យ​បែរ​ចេញ​ពី​ពាក្យ ដែល​មាត់​យើង​ពោល​ដែរ។ កុំ​ចោល​ប្រាជ្ញា​ឡើយ នោះ​នឹង​ការ​ពារ​ឯង ចូរ​ស្រឡាញ់​ប្រាជ្ញា​ចុះ នោះ​នឹង​ទំនុក​បម្រុង​ឯង។ ការ​ចាប់​ផ្ដើម​ឲ្យ​មាន​ប្រាជ្ញា គឺ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ អើ​កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង។ ចូរ​តម្កើង​ប្រាជ្ញា​ឲ្យ​ខ្ពស់​ឡើង​នោះ និង​ឲ្យ​ឯង​ខ្ពស់​ឡើង​ដែរ ក៏​នឹង​នាំ​ឲ្យ​ឯង​បាន​កិត្តិ‌សព្ទ ដោយ​ឯង​ឱប​ក្រសោប​ជាប់។ ប្រាជ្ញា​នឹង​បំពាក់​គ្រឿង​ដ៏​វិសេស​លើ​ក្បាល​ឯង ហើយ​នឹង​ឲ្យ​ឯង​ពាក់​សិរី‌ល្អ​ទុក​ជា​មកុដ»។ ចូរ​ស្តាប់ កូន​អើយ ហើយ​ទទួល​ពាក្យ​របស់​យើង​ចុះ នោះ​ឯង​នឹង​បាន​អាយុ​យឺន​យូរ។ យើង​បាន​បង្រៀន​ឯង​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា យើង​បាន​នាំ​ឯង​ទៅ​ក្នុង​អស់​ទាំង​ផ្លូវ​ច្រក នៃ​សេចក្ដី​ទៀង​ត្រង់ កាល​ណា​ឯង​ដើរ​ទៅ នោះ​ជំហាន​ឯង​នឹង​មិន​ទើស​ទាល់ ហើយ​កាល​ណា​ឯង​រត់ នោះ​ឯង​នឹង​មិន​ចំពប់​ឡើយ។ ចូរ​តោង​ជាប់​តាម​ដំបូន្មាន កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ ជា​ជីវិត​របស់​ឯង។ កុំ​ឲ្យ​ចូល​ក្នុង​ផ្លូវ​របស់​មនុស្ស​អា‌ក្រក់​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ដែរ។ ចូរ​ចៀស​ចេញ កុំ​ឲ្យ​ដើរ​ជិត​ផ្លូវ​នោះ​ឲ្យ​សោះ ត្រូវ​ឲ្យ​ងាក​ចេញ ហើយ​បង្ហួស​ទៅ​ឲ្យ​ផុត។ ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ។ ព្រោះ​គេ​បរិ‌ភោគ​អាហារ ជា​ផល​នៃ​ការ​អាក្រក់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ផល​នៃ​ការ​ច្រឡោត។ តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កម្លាំង។ ឯ​ផ្លូវ​របស់​មនុស្ស​អា‌ក្រក់ នោះ​ធៀប​ដូច​ជា​សេចក្ដី​ងងឹត​វិញ គេ​មិន​ដឹង​ថា​ចំពប់​នឹង​អ្វី​ទេ។ កូន​អើយ ចូរ​ប្រុង​ស្តាប់​អស់​ទាំង​ពាក្យ​របស់​យើង ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី ដែល​យើង​ពោល​ទាំង​អម្បាល‌ម៉ាន។ កុំ​ឲ្យ​សេចក្ដី​ទាំង​នោះ​ឃ្លាត​បាត់​ពី​ភ្នែក​ឯង​ឡើយ ត្រូវ​ឲ្យ​រក្សា​ទុក​នៅ​កណ្ដាល​ដួង​ចិត្ត​ឯង​វិញ។ ដ្បិត​សេចក្ដី​ទាំង​នោះ ជា​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ស្វែង​រក​បាន ក៏​ជា​សេចក្ដី​សុខ​ស្រួល ដល់​ខ្លួន​ប្រាណ​ទាំង​មូល​ផង។ ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក។ ចូរ​បោះ‌បង់​ចោល​មាត់ ដែល​ពោល​ពាក្យ​វៀច​ចេញ​ពី​ឯង​ទៅ ព្រម​ទាំង​បបូរ​មាត់​ខូច​ឲ្យ​នៅ​ឆ្ងាយ​ពី​ឯង​ផង ចូរ​ឲ្យ​ភ្នែក​ឯង​មើល​ចំ​ទៅ​មុខ ហើយ​ត្របក​ភ្នែក​ឯង​ទៅ​ត្រង់​ទៅ​មុខ​ដែរ។ ត្រូវ​ឲ្យ​ពិចារ‌ណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់​ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង បាន​ត្រឹម​ត្រូវ​ចុះ ។ កុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ត្រូវ​ឲ្យ​ជើង​ឯង​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​វិញ។

ចែក​រំលែក
អាន សុភាសិត 4

សុភាសិត 4:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក ចូរ​ប្រុង​ស្មារតី នោះ​កូន​នឹង​បាន​យល់​អំពី​ការ​ចេះ​ដឹង ដ្បិត​ឪពុក​បង្រៀន​កូន​អំពី​គោល​គំនិត​ដ៏​ល្អ កុំ​បោះ‌បង់​ចោល​ដំបូន្មាន​របស់​ឪពុក​ឡើយ។ ពី​ដើម ឪពុក​ធ្លាប់​ស្ដាប់​ជីតា​របស់​ឯង ហើយ​ឪពុក​ក៏​ជា​កូន​សំណព្វ​របស់​ជី​ដូន​ឯង​ដែរ។ ជីតា​ឯង​បាន​បង្រៀន​ឪពុក​ថា៖ «ចូរ​កូន​ចង​ចាំ​ពាក្យ​របស់​ឪពុក​ទុក​ក្នុង​ចិត្ត ចូរ​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ឪពុក នោះ​កូន​នឹង​មាន​ជីវិត។ ចូរ​រក​ប្រាជ្ញា និង​ការ​ចេះ​ដឹង​ឲ្យ​បាន។ មិន​ត្រូវ​បំភ្លេច ឬ​ងាក​ចេញ​ពី​ពាក្យ​របស់​ឪពុក​ឡើយ។ កុំ​បោះ‌បង់​ប្រាជ្ញា​ឲ្យ​សោះ នោះ​ប្រាជ្ញា​នឹង​ការពារ​កូន ចូរ​ស្រឡាញ់​ប្រាជ្ញា នោះ​ប្រាជ្ញា​នឹង​ថែ‌រក្សា​កូន។ រីឯ​ប្រភព​នៃ​ប្រាជ្ញា​ចាប់​ផ្ដើម​ដូច​ត​ទៅ: គឺ​ត្រូវ​រក​ប្រាជ្ញា​ឲ្យ​បាន ហើយ​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​កូន​មាន ដើម្បី​រក​ឲ្យ​បាន​ការ​ចេះ​ដឹង។ ចូរ​ឱប​រឹត​ប្រាជ្ញា​ឲ្យ​ជាប់​ក្នុង​ដួង​ចិត្ត នោះ​ប្រាជ្ញា​នឹង​លើក​តម្កើង​កូន​ឡើង​យ៉ាង​ថ្លៃ‌ថ្នូរ។ ប្រាជ្ញា​នឹង​ផ្ដល់​ឲ្យ​កូន​បាន​រុងរឿង គឺ​ប្រៀប​ដូច​ជា​មកុដ និង​ជា​គ្រឿង​អលង្ការ​ដ៏​ថ្លៃ​បំផុត សម្រាប់​កូន»។ កូន​អើយ ចូរ​ស្ដាប់​ពាក្យ​របស់​ឪពុក នោះ​កូន​នឹង​មាន​អាយុ​វែង។ ឪពុក​បាន​ណែ‌នាំ​កូន​ឲ្យ​ស្គាល់​របៀប​រស់​នៅ​ប្រកប​ដោយ​ប្រាជ្ញា និង​បាន​អប់រំ​កូន​ឲ្យ​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់។ បើ​កូន​ប្រកាន់​យក​មាគ៌ា​នេះ នឹង​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​កូន​ឲ្យ​ជំពប់​ដួល​ឡើយ។ ចូរ​កាន់​តាម​ដំបូន្មាន​ឪពុក ដោយ​ឥត​លះ‌បង់​ចោល​ឡើយ ចូរ​ថែ‌រក្សា​ឲ្យ​ជាប់ ដ្បិត​ដំបូន្មាន​នេះ​ជា​ជីវិត​របស់​កូន។ មិន​ត្រូវ​ចូល​រួម​ក្នុង​ផ្លូវ​របស់​មនុស្ស​ពាល​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​តម្រាប់​តាម​មនុស្ស​អាក្រក់​ដែរ។ ចូរ​ចៀស‌វាង​ដើរ​តាម​ផ្លូវ​នោះ ត្រូវ​ដើរ​វាង​ឲ្យ​ឆ្ងាយ។ អ្នក​ទាំង​នោះ​មិន​ចូល​ដំណេក​ទេ ដរាប​ទាល់​តែ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មុន​សិន គឺ​ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​ទុក្ខ​ទោស​អ្នក​ផ្សេង​ទេ​នោះ គេ​ដេក​មិន​លក់​ឡើយ ដ្បិត​គេ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​អំពើ​ទុច្ចរិត ហើយ​គេ​ផឹក​ស្រា​ដែល​បាន​មក​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ។ មាគ៌ា​របស់​មនុស្ស​សុចរិត​ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណ‌រះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កម្ដៅ។ រីឯ​ផ្លូវ​របស់​ជន​ពាល​វិញ ប្រៀប​បាន​នឹង​ភាព​ងងឹត​អន្ធការ គឺ​ពួក​គេ​មិន​អាច​មើល​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ជំពប់​ដួល​នោះ​ឃើញ​ឡើយ។ កូន​អើយ ចូរ​ផ្ទៀង​ត្រចៀក ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទូន្មាន និង​ឱវាទ​របស់​ឪពុក។ កុំ​បំភ្លេច​ពាក្យ​ឪពុក គឺ​ត្រូវ​រក្សា​ទុក​ឲ្យ​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​ជានិច្ច។ ដ្បិត​ឱវាទ​នេះ​នឹង​ផ្ដល់​ជីវិត និង​សុខ‌ភាព​ដល់​អស់​អ្នក​ដែល​សុខ​ចិត្ត​ទទួល។ ចូរ​កូន​ថែ‌រក្សា​ចិត្ត​គំនិត​ដោយ​ប្រុង​ប្រយ័ត្ន ដ្បិត​ចិត្ត​គំនិត​របស់​កូន​យ៉ាង​ណា ជីវិត​របស់​កូន​ក៏​យ៉ាង​នោះ​ដែរ។ ចូរ​ទប់​មាត់​កុំ​ឲ្យ​ពោល​ពាក្យ​អាស្រូវ​ឡើយ ហើយ​ក៏​កុំ​គ្រលាស់​អណ្ដាត​ពោល​ពាក្យ​មួល​បង្កាច់​គេ​ដែរ។ ចូរ​សម្តែង​ឲ្យ​មនុស្ស​លោក​ឃើញ​ទឹក​ចិត្ត​ស្មោះ​ត្រង់​របស់​កូន គឺ​កុំ​មើល​ទៅ​នរណា​ដោយ​ចិត្ត​វៀច‌វេរ​ឡើយ។ ចូរ​រៀបចំ​ផ្លូវ​ដែល​កូន​ត្រូវ​ដើរ​ឲ្យ​ត្រង់ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្លូវ​នោះ​បាន​ត្រឹម​ត្រូវ កុំ​ងាក​ស្ដាំ ងាក​ឆ្វេង ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់។

ចែក​រំលែក
អាន សុភាសិត 4

សុភាសិត 4:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ដំបូន្មាន​របស់​ម្នាក់​ដែល​ជា​ឪពុក ចូរ​ផ្ចង់​ចិត្ត​ឲ្យ​បាន​ស្គាល់​យោបល់ ដ្បិត​អញ​ឲ្យ​លទ្ធិ​ដ៏​ល្អ​ដល់​ឯង​រាល់​គ្នា ដូច្នេះ​កុំ​ឲ្យ​បោះ‌បង់​ចោល​ឱវាទ​អញ​ឡើយ ដ្បិត​ពី​ដើម​អញ​ជា​កូន​របស់​ឪពុក​អញ​ដែរ គឺ​ជា​កូន​ទន់​ខ្ចី ជា​ទី​ស្រឡាញ់​បណ្តាច់​ដល់​ម្តាយ​អញ ឪពុក​បាន​បង្រៀន​អញ​ដោយ​ពាក្យ​ថា ចូរ​ឲ្យ​ចិត្ត​កូន​រក្សា​ទុក​អស់​ទាំង​ពាក្យ​របស់​ឪពុក​ចុះ ចូរ​រក្សា​អស់​ទាំង​បណ្តាំ​របស់​អញ ដើម្បី​ឲ្យ​កូន​បាន​រស់​នៅ ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា ចូរ​ខំ​ឲ្យ​បាន​យោបល់ កុំ​ឲ្យ​ភ្លេច​ឡើយ ក៏​កុំ​ឲ្យ​បែរ​ចេញ​ពី​ពាក្យ​ដែល​មាត់​អញ​ពោល​ដែរ កុំ​ឲ្យ​ចោល​ប្រាជ្ញា​ឡើយ នោះ​នឹង​ការ‌ពារ​ឯង ចូរ​ស្រឡាញ់​ប្រាជ្ញា​ចុះ នោះ​នឹង​ទំនុក​បំរុង​ឯង ប្រាជ្ញា​ជា​សំខាន់​លេខ​១ ដូច្នេះ​ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ អើ កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង ចូរ​ដំកើង​ប្រាជ្ញា​ឲ្យ​ខ្ពស់​ឡើង នោះ​នឹង​ឲ្យ​ឯង​ខ្ពស់​ឡើង​ដែរ ក៏​នឹង​នាំ​ឲ្យ​ឯង​បាន​កិត្តិសព្ទ ដោយ​ឯង​ឱប​ក្រសោប​ជាប់ ប្រាជ្ញា​នឹង​បំពាក់​គ្រឿង​ដ៏​វិសេស​លើ​ក្បាល​ឯង ហើយ​នឹង​ឲ្យ​ឯង​ពាក់​សិរី‌ល្អ​ទុក​ជា​មកុដ។ ចូរ​ស្តាប់ កូន​អើយ ហើយ​ទទួល​ពាក្យ​របស់​អញ​ចុះ នោះ​ឆ្នាំ​នៃ​អាយុ​ឯង​នឹង​បាន​យឺន‌យូរ អញ​បាន​បង្រៀន​ឯង​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា អញ​បាន​នាំ​ឯង​ទៅ​ក្នុង​អស់​ទាំង​ផ្លូវ​ច្រក​នៃ​សេចក្ដី​ទៀង​ត្រង់ កាល​ណា​ឯង​ដើរ​ទៅ នោះ​ជំហាន​ឯង​នឹង​មិន​ទើស‌ទាល់ ហើយ​កាល​ណា​ឯង​រត់ នោះ​ឯង​នឹង​មិន​ចំពប់​ឡើយ ចូរ​តោង​ជាប់​តាម​សេចក្ដី​ដំបូន្មាន កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ​ជា​ជីវិត​របស់​ឯង កុំ​ឲ្យ​ចូល​ក្នុង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ដែរ ចូរ​ចៀស​ចេញ កុំ​ឲ្យ​ដើរ​ជិត​ផ្លូវ​នោះ​ឲ្យ​សោះ ត្រូវ​ឲ្យ​ងាក​ចេញ ហើយ​បង្ហួស​ទៅ​ឲ្យ​ផុត ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ ពី​ព្រោះ​គេ​បរិភោគ​អាហារ ជា​ផល​នៃ​ការ​អាក្រក់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ផល​នៃ​ការ​ច្រឡោត តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​សេចក្ដី​ងងឹត​វិញ គេ​មិន​ដឹង​ជា​ចំពប់​នឹង​អ្វី​ទេ។ កូន​អើយ ចូរ​ប្រុង​ស្តាប់​អស់​ទាំង​ពាក្យ​របស់​អញ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី ដែល​អញ​ពោល​ទាំង​អំបាល‌ម៉ាន កុំ​ឲ្យ​សេចក្ដី​ទាំង​នោះ​ឃ្លាត​បាត់​ពី​ភ្នែក​ឯង​ឡើយ ត្រូវ​ឲ្យ​រក្សា​ទុក​នៅ​កណ្តាល​ដួង​ចិត្ត​ឯង​វិញ ដ្បិត​សេចក្ដី​ទាំង​នោះ ជា​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ស្វែង​រក​បាន ក៏​ជា​សេចក្ដី​សុខ​ស្រួល ដល់​ខ្លួន​ប្រាណ​ទាំង​មូល​ផង ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក ចូរ​បោះ‌បង់​ចោល​មាត់​ដែល​ពោល​ពាក្យ​វៀច​ចេញ​ពី​ឯង​ទៅ ព្រម​ទាំង​បបូរ​មាត់​ខូច​ឲ្យ​នៅ​ឆ្ងាយ​ពី​ឯង​ផង ចូរ​ឲ្យ​ភ្នែក​ឯង​មើល​ចំ​ទៅ​មុខ ហើយ​ត្របក​ភ្នែក​ឯង​ត្រង់​ទៅ​មុខ​ដែរ ត្រូវ​ឲ្យ​ពិចារណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់‌ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង​បាន​ត្រឹម‌ត្រូវ​ចុះ កុំ​ឲ្យ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ត្រូវ​ឲ្យ​ជើង​ឯង​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​វិញ។

ចែក​រំលែក
អាន សុភាសិត 4