សុភាសិត 27

27
1 កុំ​អួត​អំពី​រឿង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​អ្នក​មិន​ដឹង​ថា ថ្ងៃ​នេះ​មាន​រឿង​អ្វី​កើត​ឡើង​ផង។
2កុំ​សរសើរ​ខ្លួន​ឯង​ឡើយ ត្រូវ​ទុក​ឲ្យ​អ្នក​ដទៃ​សរសើរ​ពី​អ្នក​វិញ គឺ​ដាច់​ខាត​កុំ​សរសើរ​ខ្លួន​ឯង។
3ថ្ម​ក៏​ធ្ងន់ ហើយ​ដី​ខ្សាច់​ក៏​ធ្ងន់​ដែរ ប៉ុន្តែ កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ​រឹត​តែ​ធ្ងន់​លើស​នេះ​ទៅ​ទៀត។
4កំរោល​របស់​មនុស្ស​ឃោរ‌ឃៅ​ណាស់ ហើយ​កំហឹង​របស់​មនុស្ស​ប្រៀប​បាន​នឹង​ទឹក​ជន់​បាក់​ទំនប់ រីឯ​ចិត្ត​ប្រច័ណ្ឌ​វិញ តើ​នរណា​អាច​ទប់​ទល់​បាន។
5រិះគន់​ដោយ​ចំហ​ប្រសើរ​ជាង​លាក់​សេចក្ដី​ស្រឡាញ់។
6ពាក្យ​ស្ដី​បន្ទោស​របស់​មិត្ត​សម្លាញ់ ផុស​ចេញ​ពី​ចិត្ត​ភក្ដី‌ភាព រីឯ​ពាក្យ​ស្និទ្ធ‌ស្នាល​របស់​សត្រូវ ផុស​ចេញ​ពី​ចិត្ត​បោក​បញ្ឆោត។
7អ្នក​ឆ្អែត​ឃើញ​ទឹក​ឃ្មុំ​ក៏​ណាយ​ដែរ រីឯ​អ្នក​ឃ្លាន អ្វីៗ​ដែល​ល្វីង​ជូរ​ចត់​ក៏​ផ្អែម​ដែរ។
8មនុស្ស​វង្វេង​ឆ្ងាយ​ពី​ស្រុក​កំណើត ប្រៀប​ដូច​ជា​សត្វ​ចាប​ហើរ​វង្វេង​សំបុក។
9ប្រេង​ក្រអូប និង​ទឹក​អប់ រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ រីឯ​យោបល់​របស់​មិត្ត​សម្លាញ់​ដ៏​ស្លូត‌បូត​រឹង‌រឹត​តែ​ប្រសើរ​លើស​នេះ​ទៅ​ទៀត។
10កុំ​បោះ‌បង់​មិត្ត​របស់​អ្នក ឬ​មិត្ត​របស់​ឪពុក​អ្នក​ចោល​ឡើយ។ នៅ​ថ្ងៃ​មាន​អាសន្ន កុំ​រត់​ទៅ​ពឹង​បងប្អូន​បង្កើត របស់​អ្នក​ឲ្យ​សោះ ដ្បិត​អ្នក​ជិត​ខាង​ដែល​ស្និទ្ធ‌ស្នាល​ប្រសើរ​ជាង​បងប្អូន​បង្កើត​ដែល​នៅ​ឆ្ងាយ​ទៅ​ទៀត។
11កូន​អើយ ចូរ​មាន​ប្រាជ្ញា​ឡើង នោះ​ឪពុក​នឹង​សប្បាយ​ចិត្ត ហើយ​បើ​មាន​នរណា​ដៀល​ឪពុក នោះ​ឪពុក​អាច​នឹង​ឆ្លើយ​វិញ​បាន។
12កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត​ឱន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។
13បើ​មាន​គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់ ចូរ​ទារ​យក​អាវ​ធំ​របស់​គេ​ទុក​ជា​របស់​បញ្ចាំ ព្រោះ​គេ​បាន​ធានា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។
14បើ​មាន​នរណា​ម្នាក់​ស្រែក​ឲ្យ​ពរ​អ្នក​ជិត​ខាង​របស់​ខ្លួន តាំង​ពី​ព្រឹក​ព្រលឹម គេ​ចាត់​ទុក​ពរ​បែប​នេះ​ជា​បណ្ដាសា​ទៅ​វិញ។
15ស្ត្រី​ពូកែ​ឈ្លោះ​ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​ឈប់ នៅ​ថ្ងៃ​មាន​ភ្លៀង។ 16នរណា​ចង់​ឃាត់​នាង ក៏​ដូច​ជា​ចង់​ឃាត់​ខ្យល់ ឬ​ចង់​យក​ដៃ​ចាប់​ប្រេង​ដែរ។
17ដែក​រមែង​សំលៀង​ដែក​យ៉ាង​ណា មនុស្ស​ក៏​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។
18អ្នក​ថែ​ដើម​ឧទុម្ពរ​នឹង​បាន​បរិភោគ​ផ្លែ រីឯ​អ្នក​យក​ចិត្ត​ទុក​ដាក់​បម្រើ​ចៅហ្វាយ នឹង​ទទួល​កិត្តិយស។
19មនុស្ស​អាច​ឆ្លុះ​មើល​ឃើញ​មុខ​របស់​ខ្លួន​នៅ​ក្នុង​ទឹក ហើយ​អាច​ឃើញ​ចិត្ត​របស់​ខ្លួន​ដោយ​សម្លឹង​មើល​អ្នក​ដទៃ។
20ស្ថាន​មនុស្ស​ស្លាប់ និង​រណ្ដៅ​មច្ចុរាជ តែងតែ​ទទួល​យក​ជីវិត​មនុស្ស​មិន​ចេះ​ស្កប់​យ៉ាង​ណា ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ក៏​មិន​ចេះ​ស្កប់​យ៉ាង​នោះ​ដែរ។
21គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ​ដុត​ក្នុង​ភ្លើង រីឯ​មនុស្ស​វិញ គេ​អាច​ស្គាល់​តម្លៃ​ដោយ‌សារ​កេរ្តិ៍​ឈ្មោះ។
22ទោះ​បី​ដាក់​មនុស្ស​ខ្លៅ​នៅ​ក្នុង​ត្បាល់ ហើយ​យក​អង្រែ​មក​បុក​ដូច​គេ​បុក​អង្ករ​ក៏​ដោយ ក៏​គេ​ពុំ​អាច​យក​ភាព​ខ្លៅ​ចេញ​ពី​អ្នក​នោះ​បាន​ដែរ។
23ចូរ​ស្គាល់​ចៀម​នីមួយៗ​របស់​អ្នក​ឲ្យ​បាន​ច្បាស់ ចូរ​ថែ​ទាំ​ហ្វូង​សត្វ​របស់​អ្នក​ឲ្យ​បាន​ដិត​ដល់។
24ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​គង់‌វង្ស​រហូត​ទេ រីឯ​កិត្តិយស​ក៏​មិន​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។
25ចូរ​កាត់​ស្មៅ​នៅ​ក្នុង​ចម្ការ ទុក​ជា​ចំណី​សម្រាប់​សត្វ។ ពេល​ស្មៅ​ថ្មី​កំពុង​ដុះ ត្រូវ​ទៅ​ប្រមូល​ស្មៅ​ពី​ភ្នំ​មក​ទុក។ 26អ្នក​អាច​មាន​សម្លៀក‌បំពាក់ ដោយ‌សារ​រោម​ចៀម​របស់​អ្នក ហើយ​អ្នក​អាច​ទិញ​ចម្ការ​ថ្មី​ដោយ‌សារ​លក់​ចៀម​ឈ្មោល។
27ចូរ​យក​ទឹក​ដោះ​ដ៏​បរិបូណ៌​របស់​ពពែ ធ្វើ​ជា​អាហារ​ចិញ្ចឹម​ជីវិត​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក។

ទើបបានជ្រើសរើសហើយ៖

សុភាសិត 27: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល