សុភាសិត 2:1-22

សុភាសិត 2:1-22 គខប

កូន​អើយ ចូរ​ចង​ចាំ​ដំបូន្មាន​របស់​ឪពុក កុំ​ភ្លេច​សេចក្ដី​ដែល​ឪពុក​ផ្ដែផ្ដាំ​នេះ​ឡើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ពិចារណា​ឲ្យ​យល់។ ចូរ​យក​តម្រិះ​មក​ធ្វើ​ជា​ជំនួយ ហើយ​យក​ការ​ដឹង​ខុស​ត្រូវ​មក​ធ្វើ​ជា​ទី​ពឹង។ ចូរ​ខំ​ប្រឹង​ស្វែង​រក​ប្រាជ្ញា ដូច​ស្វែង​រក​ប្រាក់ និង​ដូច​ជីក​ដី​រក​កំណប់។ ធ្វើ​ដូច្នេះ ទើប​កូន​យល់​អំពី​ការ​គោរព កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​អាច​ស្គាល់​ព្រះអង្គ​បាន​ទៀត​ផង។ មាន​តែព្រះ‌អម្ចាស់​ទេ​ដែល​ប្រទាន​ប្រាជ្ញា។ ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវ សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់។ ព្រះអង្គ​ជួយ​មនុស្ស​ទៀង​ត្រង់ ហើយ​ធ្វើ​ជា​ខែល​ការពារ អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ។ ព្រះអង្គ​ជួយ​ការពារ អស់​អ្នក​ដែល​ដើរ​តាម​គន្លង​ធម៌ ហើយ​ថែ‌រក្សា​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។ ប្រសិន​បើ​កូន​ស្ដាប់​ឪពុក កូន​នឹង​យល់​អំពី​មាគ៌ា​ដ៏​សុចរិត ទៀង​ត្រង់ និង​ត្រឹម​ត្រូវ ពោល​គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​មក​នូវ​សុភមង្គល។ ដូច្នេះ កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​នឹង​មាន​ចិត្ត​ត្រេក‌អរ​ដោយ​ចេះ​ដឹង។ ការ​ចេះ​គិត​ពិចារណា​នឹង​ការពារ​កូន ហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែ‌រក្សា​កូន មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​មាគ៌ា​អាក្រក់ ឬ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដែល​ពោល​ពាក្យ​ខិល‌ខូច ឬ​មនុស្ស​ដែល​បោះ‌បង់​ផ្លូវ​ទៀង​ត្រង់ ហើយ​បែរ​ទៅ​រក​ផ្លូវ​ងងឹត​នោះ​ឡើយ។ ជន​ទាំង​នោះ​សប្បាយ​ចិត្ត​តែ​នឹង ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ត្រេក‌ត្រអាល​តែ​នឹង​អំពើ​ខិល‌ខូច។ អ្វីៗ​ដែល​គេ​ធ្វើ សុទ្ធ​តែ​វៀច‌វេរ មាគ៌ា​របស់​គេ​មិន​ដែល​ត្រង់​ទាល់​តែ​សោះ។ ធ្វើ​ដូច្នេះ កូន​នឹង​មិន​ចាញ់​ពាក្យ​ផ្អែម‌ល្ហែម របស់​ស្ត្រី​ដទៃ ដែល​មិន​មែន​ជា​ភរិយា​របស់​កូន គឺ​ស្ត្រី​ផិត​ប្ដី​របស់​ខ្លួន និង​ក្បត់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់។ អាកប្ប​កិរិយា​របស់​ស្ត្រី​បែប​នេះ រមែង​បណ្ដាល​ឲ្យ​គ្រួសារ​របស់​ខ្លួន​ស្លាប់ និង​នាំ​គេ​ឯង​ឲ្យ​វិនាស​បាត់‌បង់។ ជន​ណា​ភប់‌ប្រសព្វ​ជា​មួយ​ស្ត្រី​នេះ ក៏​ត្រូវ​អន្តរាយ​រួម​ជា​មួយ​នាង​ដែរ គឺ​រក​ផ្លូវ​ទៅ​កាន់​ជីវិត​មិន​ឃើញ​ទេ។ ដូច្នេះ ចូរ​កូន​រើស​យក​មាគ៌ា​របស់​មនុស្ស​ល្អ និង​យក​តម្រាប់​តាម​មនុស្ស​សុចរិត ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ ហើយ​មនុស្ស​ឥត​កំហុស នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ រីឯ​មនុស្ស​ពាល​វិញ ព្រះ‌ជាម្ចាស់​នឹង​កាត់‌កាល់​ពួក​គេ​ចេញ​ពី​ស្រុក ហើយ​ព្រះអង្គ​ក៏​ដក​មនុស្ស​ល្មើស​វិន័យ ចេញ​ពី​ស្រុក​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង សុភាសិត 2:1-22

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ