អ្នកស្រឡាញ់ការចេះដឹង តែងតែចូលចិត្តទទួលការទូន្មាន រីឯអ្នកដែលមិនព្រមទទួលការរិះគន់ ជាមនុស្សល្ងីល្ងើ។ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងមនុស្សសប្បុរស តែព្រះអង្គដាក់ទោសមនុស្សមានល្បិច។ គ្មាននរណាពង្រឹងអំណាចរបស់ខ្លួន ដោយអំពើឃោរឃៅបានទេ តែមនុស្សសុចរិតនឹងមិនត្រូវរង្គើឡើយ។ ភរិយាថ្លៃថ្នូរតែងតែផ្ដល់កិត្តិយសឲ្យស្វាមី រីឯប្រពន្ធថោកទាប ប្រៀបដូចជាជំងឺមហារីកនៅក្នុងឆ្អឹងរបស់ប្ដី។ មនុស្សសុចរិតគិតតែពីធ្វើអ្វីដែលស្របច្បាប់ រីឯមនុស្សអាក្រក់គិតតែពីធ្វើអំពើល្មើសច្បាប់។ ពាក្យសម្ដីរបស់មនុស្សអាក្រក់សុទ្ធតែជាអន្ទាក់សម្លាប់គេ រីឯសម្ដីរបស់មនុស្សទៀងត្រង់តែងតែសង្គ្រោះគេវិញ។ បើមនុស្សអាក្រក់រលំ គេគ្មាននៅសល់អ្វីឡើយ តែពូជពង្សរបស់មនុស្សសុចរិតនៅស្ថិតស្ថេរជានិច្ច។ មនុស្សដែលចេះត្រិះរិះពិចារណាតែងតែមានគេសរសើរ រីឯមនុស្សមានចិត្តវៀចវេរតែងតែមានគេមើលងាយ។ រស់នៅជាមនុស្សសាមញ្ញ ហើយមានអ្នកបម្រើតែម្នាក់ នោះប្រសើរជាងវាយឫកហ៊ឺហា តែខ្វះអង្ករច្រកឆ្នាំង។ មនុស្សសុចរិតតែងតែថែទាំសត្វពាហនៈរបស់ខ្លួន រីឯមនុស្សអាក្រក់វិញ គ្មានចិត្តមេត្តាករុណាទាល់តែសោះ។ អ្នកខំប្រឹងធ្វើស្រែចម្ការរមែងមានអាហារបរិភោគឆ្អែត រីឯអ្នកចូលចិត្តព្រោកប្រាជ្ញជាមនុស្សខ្វះការពិចារណា។ មនុស្សពាលតែងតែលោភចង់បានទ្រព្យសម្បត្តិរបស់មនុស្សអាក្រក់ រីឯអ្វីៗដែលមនុស្សសុចរិតធ្វើ រមែងចម្រើនឡើង។ មនុស្សអាក្រក់ជាប់អន្ទាក់ ដោយសារតែពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សសុចរិតតែងតែរួចពីទុក្ខកង្វល់។ មនុស្សម្នាក់ៗរកបានសុភមង្គល ដោយសារពាក្យសម្ដីដូចគេរកប្រាក់បាន ដោយសារខំប្រឹងប្រែងធ្វើការដែរ។ មនុស្សខ្លៅគិតស្មានថាខ្លួនប្រព្រឹត្តត្រូវ រីឯមនុស្សដែលសុខចិត្តទទួលយោបល់ពីអ្នកដទៃ ជាមនុស្សមានប្រាជ្ញា។ មនុស្សខ្លៅឆាប់ច្រឡោតខឹង រីឯមនុស្សឆ្លាតតែងតែចេះទប់ចិត្ត។ មនុស្សនិយាយការពិតរមែងធ្វើឲ្យមានយុត្តិធម៌ រីឯសាក្សីក្លែងក្លាយតែងតែធ្វើឲ្យមានអយុត្តិធម៌។ អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ រីឯពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។ ពាក្យពិតនៅមានតម្លៃរហូត រីឯពាក្យភូតភរស្ថិតនៅតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់តែងតែលាក់ចិត្តវៀចវេរជានិច្ច រីឯអ្នកកសាងសន្តិភាពតែងតែមានអំណរ។ គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ រីឯមនុស្សអាក្រក់វិញ តែងតែជួបប្រទះនឹងទុក្ខលំបាក។ ព្រះអម្ចាស់ស្អប់មនុស្សកុហក តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សដែលកាន់ពាក្យសច្ចៈ។
អាន សុភាសិត 12
ស្ដាប់នូវ សុភាសិត 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 12:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ