ភីលីព 4
4
1បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំចង់ជួបបងប្អូនខ្លាំងណាស់ បងប្អូនជាអំណរសប្បាយ និងជាកិត្តិយសរបស់ខ្ញុំ! បងប្អូនជាទីស្រឡាញ់អើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន រួមជាមួយព្រះអម្ចាស់ដូច្នេះតរៀងទៅ!
សេចក្ដីដាស់តឿនផ្សេងៗ
2ខ្ញុំសូមទូន្មាននាងអ៊ើរ៉ូឌា និងនាងស៊ុនទីចថា ចូរមានចិត្តគំនិតតែមួយ ឲ្យសមជាអ្នករួមរស់ជាមួយព្រះអម្ចាស់។ 3រីឯអ្នកវិញ មិត្តដ៏ស្មោះត្រង់អើយ សូមជួយនាងទាំងពីរនាក់នេះផង ដ្បិតនាងធ្លាប់បានតយុទ្ធរួមជាមួយខ្ញុំ ព្រោះតែដំណឹងល្អ* ជាមួយលោកក្លេមេន ព្រមទាំងជាមួយអ្នកឯទៀតៗ ដែលបានធ្វើការជាមួយខ្ញុំ ហើយដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះផងដែរ។
4ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង! 5ចូរសម្តែងឲ្យមនុស្សម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បងប្អូន ព្រះអម្ចាស់ជិតយាងមកដល់ហើយ។ 6សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយអធិស្ឋាន* និងទូលអង្វរ ទាំងអរព្រះគុណព្រះអង្គផង។ 7ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រិស្តយេស៊ូមិនខាន។
8ជាទីបញ្ចប់ បងប្អូនអើយ សូមបងប្អូនគិតតែអំពីអ្វីៗដែលពិត ថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរឲ្យស្រឡាញ់ គួរឲ្យគោរព និងគំនិតណាដែលល្អឥតខ្ចោះ គួរឲ្យកោតសរសើរ។ 9សេចក្ដីដែលបងប្អូនបានរៀន បានទទួល និងបានឮពីខ្ញុំ ហើយការអ្វីដែលបងប្អូនបានឃើញខ្ញុំធ្វើនោះ ចូរបងប្អូនប្រព្រឹត្តតាមទៅ។ ធ្វើដូច្នេះ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តនឹងគង់ជាមួយបងប្អូនមិនខាន។
លោកប៉ូលអរគុណគ្រិស្តបរិស័ទនៅក្រុងភីលីព
10ខ្ញុំមានអំណរក្នុងព្រះអម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បងប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុន បងប្អូនក៏បាននឹកគិតដល់ខ្ញុំដែរ តែបងប្អូនគ្មានឱកាសនឹងសម្តែងទឹកចិត្តរបស់បងប្អូនចំពោះខ្ញុំ។ 11ខ្ញុំនិយាយដូច្នេះ មិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្ត ក្នុងគ្រប់កាលៈទេសៈ។ 12ទោះបីទ័លក្រក្ដី មានបរិបូណ៌ក្ដី ក៏ខ្ញុំចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្តក្នុងគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង គឺថា ទោះបីបរិភោគឆ្អែតក្ដី អត់ឃ្លានក្ដី មានបរិបូណ៌ក្ដី ឬខ្វះខាតក្ដី ខ្ញុំស្កប់ចិត្តជានិច្ច។ 13ខ្ញុំអាចទ្រាំបានទាំងអស់ ដោយរួមជាមួយព្រះអង្គដែលប្រទានកម្លាំងឲ្យខ្ញុំ។ 14ទោះជាយ៉ាងណាក្ដី បងប្អូនរួមជាមួយខ្ញុំក្នុងពេលខ្ញុំមានទុក្ខវេទនាដូច្នេះ ជាការប្រសើរណាស់។
15 បងប្អូននៅក្រុងភីលីពអើយ បងប្អូនជ្រាបស្រាប់ហើយថា តាំងពីខ្ញុំបានចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អ គឺតាំងពីខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ ក្រៅពីបងប្អូន គ្មានក្រុមជំនុំ*ណាបានជួយខ្ញុំ ក្នុងការចំណាយ ឬចំណូលឡើយ។ 16 កាលខ្ញុំនៅក្រុងថេស្សាឡូនិក បងប្អូនបានផ្ញើប្រាក់ទៅជួយ តាមសេចក្ដីត្រូវការរបស់ខ្ញុំដល់ទៅពីរបីលើក។ 17ត្រង់ណេះ មិនមែនមានន័យថា ខ្ញុំប្រាថ្នាចង់បានជំនួយពីបងប្អូនទេ តែខ្ញុំចង់ឲ្យបងប្អូនបានទទួលព្រះពរ ដ៏បរិបូណ៌។ 18 ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះ ខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូន តាមរយៈលោកអេប៉ាប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាយញ្ញបូជាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ និងយល់ព្រមទទួល។ 19ព្រះរបស់ខ្ញុំនឹងបំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដោយរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ។ 20សូមលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់យើង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
អវសានកថា
21សូមជម្រាបសួរប្រជាជនដ៏វិសុទ្ធ*គ្រប់ៗរូប ក្នុងអង្គព្រះគ្រិស្ត*យេស៊ូឲ្យខ្ញុំផង។
22បងប្អូនដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូនទាំងអស់គ្នា។ បងប្អូនទាំងអស់ដែលជាប្រជាជនដ៏វិសុទ្ធ* ជាពិសេស បងប្អូនដែលជាអ្នករាជការរបស់ព្រះចៅអធិរាជ ក៏សូមជម្រាបសួរមកបងប្អូនដែរ។
23សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើងស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន!។
ទើបបានជ្រើសរើសហើយ៖
ភីលីព 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.