ភីលីព 1

1
សេចក្ដី​ផ្ដើម
1 យើង​ខ្ញុំ ប៉ូល និង​ធីម៉ូថេ ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ត*​យេស៊ូ សូម​ជម្រាប​មក​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ ដែល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​អភិបាល និង​អ្នក​ជំនួយ សូម​ជ្រាប។ 2សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។
ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​ទូល‌អង្វរ
3ពេល​ណា​ខ្ញុំ​នឹក​គិត​ដល់​បងប្អូន ខ្ញុំ​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច 4គឺ​គ្រប់​ពេល ខ្ញុំ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​សម្រាប់​បងប្អូន​ទាំង​អស់​គ្នា ខ្ញុំ​ទូល‌អង្វរ​ដោយ​ចិត្ត​រីក‌រាយ​ជា​ដរាប 5ព្រោះ​បងប្អូន​រួម​ចំណែក​ក្នុង​ការ​ផ្សាយ​ដំណឹង‌ល្អ តាំង​ពី​ថ្ងៃ​ដំបូង​រហូត​មក​ទល់​សព្វ​ថ្ងៃ។ 6ខ្ញុំ​ជឿ​ជាក់​ថា ព្រះអង្គ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បងប្អូន ព្រះអង្គ​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ ​ព្រះ‌គ្រិស្ត​យេស៊ូ​យាង​មក។ 7ខ្ញុំ​មាន​ចិត្ត​គំនិត​បែប​នេះ​ចំពោះ​បងប្អូន​ទាំង​អស់​គ្នា ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ចិត្ត​ខ្ញុំ​នៅ​ជាប់​ជំពាក់​នឹង​បងប្អូន​ជានិច្ច ហើយ​ទោះ‌បី​ខ្ញុំ​នៅ​ជាប់​ឃុំ‌ឃាំង​ក្ដី ឬ​ពេល​ខ្ញុំ​និយាយ និង​ពង្រឹង​ដំណឹង‌ល្អ*​ក្ដី បងប្អូន​ទាំង​អស់​គ្នា​ក៏​បាន​រួម​ចំណែក​ជា​មួយ​ខ្ញុំ ក្នុង​កិច្ចការ​ដែល​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំពេញ​នេះ​ដែរ។ 8ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បងប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​អាណិត​មេត្តា​មក​ពី​ព្រះគ្រិស្ត‌យេស៊ូ។
9ខ្ញុំ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ដូច​ត​ទៅ​នេះ គឺ​សូម​ឲ្យ​បងប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើស‌លុប​កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​បងប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់ 10ដើម្បី​ឲ្យ​បងប្អូន​ចេះ​ពិចារណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ។ ដូច្នេះ នៅ​ថ្ងៃ​ព្រះ‌គ្រិស្ត​យាង​មក បងប្អូន​នឹង​បាន​បរិសុទ្ធ* ឥត​មាន​កំហុស​អ្វី​ឡើយ 11ហើយ​បងប្អូន​នឹង​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត ដែល​មក​ពី​ព្រះ‌យេស៊ូ​គ្រិស្ត សម្រាប់​លើក​តម្កើង​សិរី‌រុងរឿង និង​កោត​សរសើរ​ព្រះ‌ជាម្ចាស់។
លោក​ប៉ូល​ជាប់​ឃុំ‌ឃាំង
12បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​ខ្ញុំ​នោះ បែរ​ជា​ជួយ​ដំណឹង‌ល្អ​វិញ​ទេ 13 គឺ​នៅ​ក្នុង​សាលា​កាត់​ក្ដី​ទាំង​មូល និង​នៅ​គ្រប់​ទី​កន្លែង​ឯ​ទៀតៗ មនុស្ស‌ម្នា​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌គ្រិស្ត។ 14ដោយ​ឃើញ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ដូច្នេះ បងប្អូន​ភាគ​ច្រើន​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ហើយ​រឹត​តែ​មាន​ចិត្ត​ក្លាហាន​ប្រកាស​ព្រះ‌បន្ទូល​ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។ 15មាន​បងប្អូន​ខ្លះ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ត ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស ចង់​ប្រណាំង​ប្រជែង តែ​បងប្អូន​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​ឆន្ទៈ​ល្អ 16បងប្អូន​ទាំង​នេះ​ប្រកាស​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​ដឹង​ថា​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ការពារ​ដំណឹង‌ល្អ។ 17រីឯ​អ្នក​ដែល​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ត ដោយ​គំនិត​ប្រកួត​ចង់​ឈ្នះ​នោះ​វិញ គេ​មាន​គោល​បំណង​មិន​បរិសុទ្ធ*​ទេ គឺ​គេ​ស្មាន​ថា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រឹង‌រឹត​តែ​វេទនា​ក្នុង​ទី​ឃុំ‌ឃាំង​ថែម​ទៀត។ 18មិន​ថ្វី​ទេ! ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​គេ​មាន​គំនិត​វៀច‌វេរ​ក្ដី ស្មោះ​សរ​ក្ដី ក៏​គេ​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ត​ដែរ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ការ​នេះ ហើយ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ត​ទៅ​មុខ​ទៀត 19ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ការ​សង្គ្រោះ​ទៅ​វិញ​ទេ ដោយ​បងប្អូន​អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ខ្ញុំ ហើយ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត​ជួយ​ខ្ញុំ​ដែរ។ 20ខ្ញុំ​ទន្ទឹង​រង់‌ចាំ​យ៉ាង​ខ្លាំង​អស់​ពី​ចិត្ត និង​សង្ឃឹម​លើ​ព្រះអង្គ ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​មុខ​ត្រង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ត​រឹង‌ប៉ឹង ឥត​រង្គើ ទោះ‌បី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌គ្រិស្ត​ក្នុង​រូប​កាយ​ខ្ញុំ។ 21ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ 22ប៉ុន្តែ បើ​ខ្ញុំ​រស់​ក្នុង​លោក​នេះ​ត​ទៅ​ទៀត ធ្វើ​ឲ្យ​កិច្ចការ​របស់​ខ្ញុំ​បាន​ផល ខ្ញុំ​មិន​ដឹង​ជា​ជ្រើស​រើស​យក​ផ្លូវ​ណា​ឡើយ!។ 23ចិត្ត​ខ្ញុំ​រារែក​ទាំង​សង​ខាង គឺ​ម្យ៉ាង ខ្ញុំ​ប៉ង‌ប្រាថ្នា​ចង់​លា​ចាក​លោក​នេះ​ទៅ​នៅ​ជា​មួយ​ព្រះ‌គ្រិស្ត នោះ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់ 24ម្យ៉ាង​ទៀត បើ​ខ្ញុំ​នៅ​រស់​ក្នុង​លោក​នេះ​ត​ទៅ​មុខ នោះ​មាន​ប្រយោជន៍​ជាង​សម្រាប់​បងប្អូន។ 25ខ្ញុំ​ជឿ​ជាក់ និង​ដឹង​ថា ខ្ញុំ​នឹង​នៅ​រស់ ហើយ​ស្នាក់​នៅ​ជា​មួយ​បងប្អូន​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​បងប្អូន​បាន​ចម្រើន​ឡើង ទាំង​មាន​អំណរ​មក​ពី​ជំនឿ 26និង​ដើម្បី​ឲ្យ​បងប្អូន​រឹង‌រឹត​តែ​ខ្ពស់​មុខ​ថែម​ទៀត ដោយ​បាន​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ព្រោះ​តែ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​វិល​មក​ជួប​បងប្អូន​វិញ។
ការ​តស៊ូ​ស្វិត‌ស្វាញ​ក្នុង​ជំនឿ
27សូម​បងប្អូន​កាន់​កិរិយា​មារយាទ​ឲ្យ​បាន​សមរម្យ​នឹង​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត​ផង ទោះ​បី​ខ្ញុំ​មក​ឃើញ​បងប្អូន​ក្ដី ឬ​នៅ​ឆ្ងាយ​បាន​ឮ​ដំណឹង​ពី​បងប្អូន​ក្ដី សូម​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា បងប្អូន​មាន​ជំហរ​មាំ‌មួន​ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ព្រម​ទាំង​រួម​ចិត្ត​ថ្លើម​គ្នា​តយុទ្ធ ដើម្បី​ជំនឿ​លើ​ដំណឹង‌ល្អ ទៀត​ផង 28គឺ​បងប្អូន​មិន​ញ‌ញើត​នឹង​ពួក​អ្នក​ប្រឆាំង ត្រង់​ប្រការ​ណា​មួយ​ឡើយ ជា​ភស្តុតាង​ស​ឲ្យ​ឃើញ​ថា ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ រីឯ​បងប្អូន​វិញ បងប្អូន​នឹង​ទទួល​ការ​សង្គ្រោះ។ ការ​នេះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ 29ដ្បិត​ព្រះអង្គ​ប្រណី‌សន្ដោស​បងប្អូន​ឲ្យ​បម្រើ​ព្រះ‌គ្រិស្ត ដោយ​មិន​គ្រាន់​តែ​ជឿ​លើ​ព្រះអង្គ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រង​ទុក្ខ​លំបាក ដើម្បី​ព្រះអង្គ​ទៀត​ផង។ 30 បងប្អូន​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ដូច​បងប្អូន​ធ្លាប់​បាន​ឃើញ​ខ្ញុំ​តយុទ្ធ​ស្រាប់​ហើយ ហើយ​ដូច​បងប្អូន​ឮ​ថា​ខ្ញុំ​កំពុង​តែ​តយុទ្ធ​នៅ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ភីលីព 1: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល