ជនគណនា 6
6
ក្រឹត្យវិន័យស្ដីអំពីពួកណាសារីត
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើបុរស ឬស្ត្រីណាម្នាក់ សម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត*ថ្វាយព្រះអម្ចាស់ 3 អ្នកនោះត្រូវតមសុរា និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះធ្វើអំពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះធ្វើពីគ្រឿងស្រវឹងផ្សេងទៀត ហើយក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ បរិភោគផ្លែទំពាំងបាយជូរស្រស់ ឬក្រៀមដែរ។ 4ក្នុងពេលញែកខ្លួនជាអ្នកណាសារីត គេមិនត្រូវបរិភោគអ្វីដែលជាផលរបស់ដើមទំពាំងបាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបករបស់ផ្លែទំពាំងបាយជូរ ក៏មិនត្រូវប៉ះពាល់ជាដាច់ខាត។ 5ក្នុងពេលគេញែកខ្លួនជាអ្នកណាសារីត មិនត្រូវកាត់សក់ឡើយ។ ក្នុងអំឡុងពេលគេញែកខ្លួនថ្វាយព្រះអម្ចាស់ គេជាមនុស្សដ៏វិសុទ្ធ គេត្រូវទុកឲ្យសក់ដុះវែងរហូតទាល់តែផុតចំនួនថ្ងៃដែលគេបានកំណត់ទុក។ 6ក្នុងពេលគេញែកខ្លួនថ្វាយព្រះអម្ចាស់ គេមិនត្រូវចូលទៅជិតសាកសពឡើយ 7សូម្បីតែសពឪពុកម្ដាយ និងបងប្អូនប្រុសស្រីរបស់ខ្លួន ក៏មិនត្រូវចូលទៅជិត នាំឲ្យខ្លួនសៅហ្មងដែរ ដ្បិតគេបានញែកខ្លួនថ្វាយព្រះអម្ចាស់ ដូចមានសក់របស់គេជាសញ្ញាសម្គាល់ស្រាប់។ 8ក្នុងអំឡុងពេលញែកខ្លួនជាអ្នកណាសារីតនោះ គេញែកខ្លួនជាវិសុទ្ធថ្វាយព្រះអម្ចាស់។
9ប្រសិនបើមាននរណាម្នាក់ស្លាប់ភ្លាមៗនៅក្បែរគាត់ ទោះបីគាត់ញែកខ្លួនថ្វាយព្រះអម្ចាស់ក្ដី ក៏គាត់ក្លាយទៅជាសៅហ្មងដែរ។ ដូច្នេះ គាត់ត្រូវកោរសក់នៅថ្ងៃជម្រះខ្លួនឲ្យបរិសុទ្ធ គឺកោរសក់នៅថ្ងៃទីប្រាំពីរ។ 10នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរ និងព្រាបជំទើរពីរ មកជូនបូជាចារ្យ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 11បូជាចារ្យយកសត្វមួយធ្វើយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជម្រះអ្នកនោះឲ្យរួចពីបាប ព្រោះតែបានប៉ះពាល់សាកសព។ ធ្វើដូច្នេះ នៅថ្ងៃនោះ អ្នកណាសារីតញែកខ្លួនជាសក្ការៈសាជាថ្មី។ 12គាត់ត្រូវចាប់ផ្ដើមញែកខ្លួនថ្វាយព្រះអម្ចាស់ ដោយគិតពេលវេលាសាជាថ្មី គឺថ្វាយកូនចៀមមួយអាយុមួយខួប ជាតង្វាយសុំលើកលែងទោស។ ពេលវេលាពីមុនត្រូវចាត់ទុកជាអាសាបង់ ព្រោះគាត់បានក្លាយទៅជាសៅហ្មង ក្នុងអំឡុងដែលគាត់ញែកខ្លួនជាអ្នកណាសារីតកាលពីមុននោះ។
13 រីឯក្រឹត្យវិន័យស្ដីអំពីអ្នកណាសារីត មានដូចតទៅ: នៅថ្ងៃគាត់បញ្ចប់ពេលកំណត់ដែលត្រូវញែកខ្លួនជាអ្នកណាសារីតហើយ គេនាំគាត់មកមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 14គាត់ត្រូវយកកូនចៀមល្អឥតខ្ចោះមួយ អាយុមួយខួប មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល កូនចៀមញីល្អឥតខ្ចោះមួយ អាយុមួយខួប មកថ្វាយជាតង្វាយរំដោះបាប និងចៀមឈ្មោលល្អឥតខ្ចោះមួយ មកថ្វាយជាយញ្ញបូជាមេត្រីភាព។ 15គាត់ក៏ត្រូវយកល្អីមួយដែលមានដាក់នំប៉័ងឥតមេ នំធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង នំក្រៀបធ្វើពីម្សៅឥតមេលាបប្រេងពីលើ ព្រមទាំងតង្វាយម្សៅ និងស្រាទំពាំងបាយជូរ សម្រាប់ច្រួចលើយញ្ញបូជា មកជាមួយផង។ 16បូជាចារ្យយកតង្វាយទាំងនោះទៅថ្វាយព្រះអម្ចាស់ ព្រមទាំងថ្វាយយញ្ញបូជារំដោះបាប និងតង្វាយដុតទាំងមូល។ 17លោកថ្វាយចៀមឈ្មោលទៅព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព ថែមពីលើល្អីនំប៉័ងឥតមេ។ បូជាចារ្យក៏ត្រូវថ្វាយតង្វាយម្សៅ និងធ្វើពិធីច្រួចស្រាទំពាំងបាយជូរដែរ។ 18ពេលនោះ អ្នកណាសារីតត្រូវកោរសក់សក្ការៈរបស់ខ្លួន នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ រួចយកសក់សក្ការៈរបស់ខ្លួនទៅដុតក្នុងភ្លើងស្ថិតនៅពីក្រោមអាសនៈ ដែលគេថ្វាយយញ្ញបូជាមេត្រីភាព។ 19បូជាចារ្យយកសាច់ចំឡករបស់ចៀមឈ្មោលដែលដុតចម្អិនរួចហើយ ព្រមទាំងយកនំធ្វើពីម្សៅឥតមេ និងនំក្រៀបធ្វើពីម្សៅឥតមេពីក្នុងល្អីនោះ មកដាក់ក្នុងដៃអ្នកណាសារីត ដែលទើបនឹងកោរសក់សក្ការៈ។ 20បូជាចារ្យត្រូវធ្វើពិធីលើកតង្វាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ តង្វាយទាំងនោះត្រូវរាប់ជាសក្ការៈ ហើយញែកជូនបូជាចារ្យថែមពីលើសាច់ទ្រូង និងសាច់ភ្លៅ។ បន្ទាប់មក អ្នកណាសារីតអាចបរិភោគស្រាទំពាំងបាយជូរបាន។
21នេះជាក្រឹត្យវិន័យស្ដីអំពីអ្នកដែលសម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត ស្ដីអំពីតង្វាយដែលគេត្រូវថ្វាយព្រះអម្ចាស់ ក្នុងពេលញែកខ្លួនជាអ្នកណាសារីត ប្រសិនបើគេមានលទ្ធភាពនោះ គេអាចថ្វាយតង្វាយផ្សេងទៀត។ គេត្រូវធ្វើតាមពាក្យដែលខ្លួនបានបន់ ស្របតាមក្រឹត្យវិន័យសម្រាប់ពួកណាសារីត»។
គំរូពាក្យជូនពរ
22 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 23«ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ:
24“សូមព្រះអម្ចាស់ប្រទានពរ និងថែរក្សាអ្នក។
25សូមព្រះអម្ចាស់ទតមកអ្នក
ដោយព្រះហឫទ័យមេត្តាករុណា
សូមព្រះអង្គប្រណីសន្ដោសអ្នក។
26សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរស
ចំពោះអ្នក និងប្រទានឲ្យអ្នក
បានប្រកបដោយសេចក្ដីសុខសាន្ត”។
27ពេលពួកបូជាចារ្យឲ្យពរជនជាតិអ៊ីស្រាអែលក្នុងនាមយើងដូច្នេះ យើងនឹងឲ្យពរពួកគេ»។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 6: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.