ជនគណនា 34

34
ព្រំ‌ប្រទល់​ស្រុក​កាណាន
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ត​ទៅ: ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ទឹក​ដី​ដែល​ត្រូវ​បាន​ជា​ចំណែក​មត៌ក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​កាណាន មាន​ព្រំ‌ដែន​ដូច​ត​ទៅ: 3ប៉ែក​ខាង​ត្បូង​គិត​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម​ទៅ។ ព្រំ‌ដែន​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ពី​ចុង​សមុទ្រ​អំបិល ឆ្ពោះ​ទៅ​ខាង​កើត។ 4បន្ទាប់​មក ព្រំ‌ដែន​របស់​អ្នក​រាល់​គ្នា​បត់​ទៅ​ខាង​ត្បូង​ផ្លូវ​ឡើង​ទៅ​អេក្រា‌ប៊ីម ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ស៊ីន ទៅ​ដល់​ខាង​ត្បូង​កាដេស-‌បារនា។ បន្ទាប់​មក ព្រំ‌ដែន​នេះ​កាត់​តាម​ហាសារ-‌អាដា និង​អាស‌ម៉ូន។ 5ពី​អាស‌ម៉ូន ព្រំ‌ដែន​បត់​ទៅ​រក​ស្ទឹង​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ។ 6សមុទ្រ​មេឌី‌ទែរ៉ាណេ​ជា​ព្រំ‌ដែន​ខាង​លិច​របស់​អ្នក​រាល់​គ្នា។ 7ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា លាត​សន្ធឹង​ចាប់​ពី​សមុទ្រ​មេឌី‌ទែរ៉ាណេ រហូត​ដល់​ភ្នំ​ហោរ។ 8ពី​ភ្នំ​ហោរ ត្រូវ​កំណត់​ព្រំ‌ដែន​ត្រឹម​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ហើយ​បង្ហួស​ទៅ​ដល់​សេដាដ។ 9ព្រំ‌ដែន​នេះ​ត្រូវ​បន្ត​ទៅ​ដល់​ស៊ីប្រុន បង្ហួស​ទៅ​ដល់​ហាសារ-‌អេណាន។ នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា។ 10ត្រូវ​កំណត់​ព្រំ‌ដែន​ខាង​កើត​របស់​អ្នក​រាល់​គ្នា ចាប់​ពី​ហាសារ-‌អេណាន​ទៅ​សេផាម។ 11ព្រំ‌ដែន​នេះ​ត្រូវ​ចុះ​ពី​សេផាម​ទៅ​រីម‌ឡា ដែល​នៅ​ខាង​កើត​អា‌យ៉ីន ចុះ​ទៅ​ដល់​ត្រើយ​ខាង​កើត​សមុទ្រ​គេនេ‌សារ៉ែត។ 12បន្ទាប់​មក ព្រំ‌ប្រទល់​ចុះ​តាម​ទន្លេ​យ័រដាន់​ទៅ​ដល់​សមុទ្រ​អំបិល។ នេះ​ហើយ​ជា​កំណត់​ព្រំ‌ដែន​នៃ​ស្រុក​របស់​អ្នក​រាល់​គ្នា»។
13 លោក​ម៉ូសេ​នាំ​យក​ព្រះ​បញ្ជា​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ហើយ​ជា​ស្រុក ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ប្រគល់​ដល់​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​គ្នា ដោយ​ចាប់​ឆ្នោត 14ដ្បិត​កុល‌សម្ព័ន្ធ​រូបេន តាម​អំបូរ​របស់​ពួក​គេ និង​កុល‌សម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​រួច​ហើយ។ រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត ក៏​បាន​ទទួល​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ហើយ​ដែរ។ 15កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​ទល់​មុខ​នឹង​ក្រុង​យេរីខូ»។
ព្រះ‌បញ្ជា​បែង​ចែក​ទឹក​ដី
16 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖ 17«អ្នក​ដែល​ត្រូវ​ចាត់​ចែង​បែង​ចែក​ទឹក​ដី គឺ​បូជា‌ចារ្យ​អេឡាសារ និង​យ៉ូស្វេ​ជា​កូន​របស់​នូន។ 18ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​ឲ្យ​មេ​ដឹក​នាំ​មួយ​រូប​ជួយ​បែង​ចែក​ទឹក​ដី​ដែរ។ 19អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ដូច​ត​ទៅ កាលែប ជា​កូន​របស់​យេភូ‌នេ តំណាង​កុល‌សម្ព័ន្ធ​យូដា។
20សាំយូ‌អែល ជា​កូន​របស់​អាំមី‌ហ៊ូដ តំណាង​កុល‌សម្ព័ន្ធ​ស៊ីម្មាន។
21អេលី‌ដាដ ជា​កូន​របស់​គីស‌ឡូន តំណាង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។
22ប៊ូគី ជា​កូន​របស់​យុក‌លី តំណាង​កុល‌សម្ព័ន្ធ​ដាន់។
23ហានាល ជា​កូន​របស់​អេផូដ តំណាង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ជា​កូន​របស់​លោក​យ៉ូសែប។
24កេម‌យួល ជា​កូន​របស់​ស៊ីបតាន តំណាង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។
25អេលី‌សាផាន ជា​កូន​របស់​ប៉ាណាក់ តំណាង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។
26ប៉ាល‌ទាល ជា​កូន​របស់​អាស្សាន តំណាង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ។
27អហ៊ី‌ហ៊ូដ ជា​កូន​របស់​សេឡូ‌មី តំណាង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ។
28ពេដា‌ហិល ជា​កូន​របស់​អាំមី‌ហ៊ូដ តំណាង​កុល‌សម្ព័ន្ធ​ណែប‌ថាលី»។
29គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​បែង‌ចែង​ស្រុក​កាណាន ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល។

ទើបបានជ្រើសរើសហើយ៖

ជនគណនា 34: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល