ជនគណនា 31
31
ជ័យជម្នះលើជនជាតិម៉ាឌាន
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរវាយប្រហារជនជាតិម៉ាឌាន ដើម្បីសងសឹកឲ្យជនជាតិអ៊ីស្រាអែល។ បន្ទាប់មក អ្នកនឹងចែកស្ថានទៅជួបជុំជាមួយដូនតារបស់អ្នក»។
3លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរឲ្យអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារៀបចំខ្លួនប្រដាប់អាវុធ ចេញទៅវាយប្រហារជនជាតិម៉ាឌាន ដើម្បីសងសឹកនឹងពួកគេ ក្នុងនាមព្រះអម្ចាស់។ 4ក្នុងកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល ត្រូវចាត់ពលទាហានមួយពាន់នាក់។ 5ត្រូវជ្រើសរើសទាហានមួយពាន់នាក់ពីកុលសម្ព័ន្ធនីមួយៗ ក្នុងកងពលអ៊ីស្រាអែល គឺកងទ័ពទាំងមូល មានទាហានមួយម៉ឺនពីរពាន់នាក់»។ 6លោកម៉ូសេចាត់ទាហានទាំងនោះទៅច្បាំង ហើយចាត់បូជាចារ្យភីនេហាស ជាកូនរបស់លោកអេឡាសារ ជាអ្នកកាន់គ្រឿងសក្ការៈ និងត្រែសម្រាប់ផ្លុំប្រកាសសឹក ទៅជាមួយដែរ។ 7ពួកគេលើកទ័ពទៅវាយប្រហារជនជាតិម៉ាឌាន តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ពួកគេប្រហារជីវិតប្រុសៗទាំងអស់។ 8ក្នុងពេលនោះ ពួកគេបានប្រហារស្ដេចម៉ាឌានទាំងប្រាំ គឺស្ដេចអេវី ស្ដេចរេគេម ស្ដេចស៊ើរ ស្ដេចហើរ និងស្ដេចរេបា ហើយគេក៏បានសម្លាប់លោកបាឡាម ជាកូនរបស់លោកបេអ៊រ ដោយមុខដាវដែរ។ 9កងទ័ពអ៊ីស្រាអែលបាននាំយកស្ត្រីរបស់ជនជាតិម៉ាឌាន និងកូនៗរបស់គេមកជាឈ្លើយសឹក ព្រមទាំងរឹបអូសយកហ្វូងសត្វតូចធំ និងទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។ 10កងទ័ពអ៊ីស្រាអែលដុតកម្ទេចទីក្រុង និងជំរំទាំងប៉ុន្មានរបស់ជនជាតិម៉ាឌាន។ 11បន្ទាប់មក ពួកគេប្រមូលជយភណ្ឌដែលពួកគេរឹបអូសយកបាន ទាំងមនុស្សទាំងសត្វ 12ហើយនាំឈ្លើយសឹក និងជយភណ្ឌដែលពួកគេរឹបអូសបាន មកជូនលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
13លោកម៉ូសេ បូជាចារ្យអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។ 14លោកម៉ូសេខឹងនឹងពួកមេទ័ព ពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ដែលវិលមកពីច្បាំងនោះ។ 15លោកមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតឲ្យស្ត្រីទាំងនេះ? 16 គឺស្ត្រីទាំងនេះហើយដែលបានធ្វើតាមពាក្យលោកបាឡាម និងទាក់ទាញអ៊ីស្រាអែលឲ្យក្បត់ចិត្តព្រះអម្ចាស់ នៅពេអរ បណ្ដាលឲ្យគ្រោះកាចកើតមានចំពោះសហគមន៍របស់ព្រះអម្ចាស់។ 17ឥឡូវនេះ ចូរសម្លាប់ក្មេងប្រុសទាំងអស់ ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្ត្រីទាំងប៉ុន្មានដែលធ្លាប់បានរួមរស់ជាមួយប្រុសៗ 18ប៉ុន្តែ ត្រូវទុកជីវិតឲ្យស្ត្រីក្រមុំ សម្រាប់អ្នករាល់គ្នា គឺស្ត្រីដែលពុំបានរួមរស់ជាមួយបុរសណានៅឡើយ។ 19ចំណែកឯអ្នករាល់គ្នាវិញ ចូរបោះជំរំនៅខាងក្រៅនេះ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលបានសម្លាប់នរណាម្នាក់ ឬអស់អ្នកដែលបានប៉ះពាល់សាកសព ត្រូវធ្វើពិធីជម្រះកាយនៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ គឺទាំងអ្នករាល់គ្នា ទាំងឈ្លើយសឹក។ 20ត្រូវធ្វើពិធីជម្រះសម្លៀកបំពាក់ទាំងអស់ វត្ថុទាំងប៉ុន្មានធ្វើពីស្បែក និងពីរោមចៀម ព្រមទាំងគ្រឿងបរិក្ខារធ្វើពីឈើ»។
21លោកបូជាចារ្យអេឡាសារមានប្រសាសន៍ទៅកាន់ពួកទាហានដែលបានចេញទៅធ្វើសឹកថា៖ «ក្នុងក្រឹត្យវិន័យដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ មានចែងដូចតទៅ: 22មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និងសំណ 23គឺវត្ថុទាំងប៉ុន្មានដែលដុតមិនឆេះ ចូរដុតជម្រះឲ្យបានបរិសុទ្ធ។ រីឯវត្ថុទាំងឡាយណាដែលពុំអាចដុត ត្រូវលាងនៅក្នុងទឹកសម្រាប់ធ្វើពិធីលាងជម្រះឲ្យបរិសុទ្ធ។ 24ត្រូវលាងជម្រះសម្លៀកបំពាក់របស់អ្នករាល់គ្នា នៅថ្ងៃទីប្រាំពីរ នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ បន្ទាប់មក អ្នករាល់គ្នាអាចចូលមកក្នុងជំរំវិញ»។
25 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 26«ចូរអ្នក និងបូជាចារ្យអេឡាសារ ព្រមទាំងមេដឹកនាំរបស់សហគមន៍ នាំគ្នារាប់ចំនួនជយភណ្ឌដែលរឹបអូសបានក្នុងសង្គ្រាម ព្រមទាំងចំនួនមនុស្ស និងសត្វ។ 27បន្ទាប់មក ចូរបែងចែកជយភណ្ឌនេះឲ្យអ្នកដែលបានចេញទៅច្បាំង និងសហគមន៍ទាំងមូល។ 28ចូរញែកជយភណ្ឌ ដែលត្រូវបានជាចំណែករបស់អ្នកទៅច្បាំងមួយផ្នែក ថ្វាយព្រះអម្ចាស់ ពោលគឺក្នុងចំណោមមនុស្សប្រាំរយនាក់ ត្រូវញែកទុកម្នាក់ ហើយក្នុងចំណោមហ្វូងគោ ហ្វូងលា និងហ្វូងចៀមប្រាំរយក្បាល ក៏ត្រូវញែកទុកមួយក្បាលដែរ។ 29ចូរយកចំណែកដែលញែកចេញពីជយភណ្ឌរបស់ពួកដែលចេញទៅច្បាំង ប្រគល់ឲ្យបូជាចារ្យអេឡាសារ ទុកជាតង្វាយថ្វាយព្រះអម្ចាស់។ 30រីឯជយភណ្ឌដែលត្រូវបានជាចំណែករបស់កូនចៅអ៊ីស្រាអែល ត្រូវយកមួយភាគហាសិបពីចំនួនមនុស្ស មួយភាគហាសិបពីហ្វូងគោ ហ្វូងលា ហ្វូងចៀម និងសត្វទាំងអស់ រួចប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារនៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់»។ 31លោកម៉ូសេ និងបូជាចារ្យអេឡាសារ បានធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ 32ជយភណ្ឌដែលកងទ័ពរឹបអូសយកបាន មាននៅសល់ចៀមចំនួន ៦៧៥ ០០០ក្បាល 33គោ ៧២ ០០០ក្បាល 34លាចំនួន ៦១ ០០០ក្បាល 35និងស្ត្រីព្រហ្មចារី ៣២ ០០០នាក់។
36ចំនួនពាក់កណ្ដាលនៃជយភណ្ឌនេះបានទៅលើពួកទាហានដែលចេញទៅច្បាំង គឺ ចៀម ៣៣៧ ៥០០ក្បាល 37ក្នុងចំនួននេះ ៦៧៥ក្បាលថ្វាយព្រះអម្ចាស់ 38គោ ៣៦ ០០០ក្បាល ក្នុងចំនួននេះ ៧២ក្បាលថ្វាយព្រះអម្ចាស់ 39លា ៣០ ៥០០ក្បាល ក្នុងចំនួននេះ ៦១ក្បាលថ្វាយព្រះអម្ចាស់ 40និងមនុស្ស ១៦ ០០០នាក់ ក្នុងចំនួននេះ ៣២នាក់ថ្វាយព្រះអម្ចាស់។ 41លោកម៉ូសេប្រគល់ជយភណ្ឌដែលញែកជាតង្វាយរបស់ព្រះអម្ចាស់ ទៅបូជាចារ្យអេឡាសារ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោក។
42រីឯជយភណ្ឌចំនួនពាក់កណ្ដាលទៀតដែលត្រូវបានទៅប្រជាជនអ៊ីស្រាអែល លោកម៉ូសេញែកទុកដោយឡែកពីជយភណ្ឌ ដែលត្រូវបានទៅពួកទាហាន។ 43ជយភណ្ឌនេះត្រូវបានជាចំណែករបស់សហគមន៍ គឺចៀម ៣៣៧ ៥០០ក្បាល 44គោ ៣៦ ០០០ក្បាល 45លា ៣០ ៥០០ក្បាល 46និងមនុស្ស ១៦ ០០០នាក់។ 47ក្នុងចំនួនពាក់កណ្ដាលនៃជយភណ្ឌដែលត្រូវបានទៅប្រជាជនអ៊ីស្រាអែលនេះ លោកម៉ូសេយកមនុស្សម្នាក់ ឬសត្វមួយក្បាល ពីចំណោមមនុស្ស ឬសត្វហាសិប ប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារព្រះពន្លារបស់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកលោក។
48ពួកមេទ័ព មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច នាំគ្នាចូលមកជិតលោកម៉ូសេ 49ជម្រាបលោកថា៖ «យើងខ្ញុំប្របាទបានរាប់ចំនួនទាហាន ដែលស្ថិតនៅក្រោមបញ្ជារបស់យើងខ្ញុំ ពុំឃើញមានបាត់នរណាម្នាក់សោះឡើយ។ 50យើងខ្ញុំសូមយកគ្រឿងអលង្ការធ្វើពីមាស គឺមានខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល និងបន្តោងខ្សែក មកថ្វាយព្រះអម្ចាស់ ទុកជាតង្វាយរំដោះបាប សម្រាប់យើងខ្ញុំទាំងអស់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអង្គ»។ 51លោកម៉ូសេ និងបូជាចារ្យអេឡាសារ ក៏ទទួលយកគ្រឿងអលង្ការធ្វើពីមាសទាំងនោះពីពួកគេ។ 52មាសដែលពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកមកថ្វាយព្រះអម្ចាស់ មានទម្ងន់ទាំងអស់ប្រាំពាន់ចិតសិបប្រាំតម្លឹង។ 53រីឯពលទាហានវិញ ម្នាក់ៗបានរឹបអូសយកជយភណ្ឌទុកសម្រាប់ខ្លួនឯងផ្ទាល់។ 54លោកម៉ូសេ និងបូជាចារ្យអេឡាសារ បានទទួលមាសរបស់ពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកទៅដាក់នៅក្នុងពន្លាជួបព្រះអម្ចាស់ ទុកជាទីរំឭករបស់ជនជាតិអ៊ីស្រាអែល នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 31: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.