ជនគណនា 30
30
ក្រឹត្យវិន័យស្ដីអំពីបំណន់
1លោកម៉ូសេមានប្រសាសន៍ទៅកាន់មេដឹកនាំនៃកុលសម្ព័ន្ធនានារបស់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់បង្គាប់មកដូចតទៅ:
2 ពេលអ្នកណាម្នាក់បន់ព្រះអម្ចាស់ ឬស្បថអំពីរឿងអ្វីមួយ អ្នកនោះត្រូវតែគោរពពាក្យសម្ដីរបស់ខ្លួន គឺត្រូវធ្វើសព្វគ្រប់ទាំងអស់តាមពាក្យដែលខ្លួនបានស្បថ។
3ប្រសិនបើស្ត្រីណាម្នាក់បន់ព្រះអម្ចាស់ ឬសន្យាអំពីរឿងអ្វីមួយ ក្នុងគ្រាដែលនាងនៅក្មេង ហើយរស់នៅជាមួយឪពុករបស់ខ្លួន 4ប្រសិនបើឪពុករបស់នាងបានដឹងពីបំណន់នេះ តែគាត់នៅស្ងៀម នោះនាងត្រូវជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់។ 5ផ្ទុយទៅវិញ នៅថ្ងៃដែលឪពុកនាងបានដឹង ហើយប្រសិនបើគាត់មិនយល់ស្របទេ នាងនឹងមិនជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់នោះឡើយ។
6ប្រសិនបើនាងរៀបការ ក្រោយពេលនាងបានបន់ និងជំពាក់បំណន់នោះ 7ហើយនៅថ្ងៃដែលប្ដីនាងដឹង តែនៅស្ងៀម នោះនាងត្រូវជំពាក់បំណន់ដែលខ្លួនបានបន់។ 8ផ្ទុយទៅវិញ នៅថ្ងៃដែលប្ដីនាងបានដឹង ប្រសិនបើគាត់មិនយល់ស្របទេ នោះគាត់អាចចាត់ទុកបំណន់ដែលនាងបានបន់ ជាអសារបង់ ហើយព្រះអម្ចាស់មិនប្រកាន់ទោសនាងឡើយ។
9រីឯស្ត្រីមេម៉ាយប្ដីស្លាប់ ឬស្ត្រីមេម៉ាយប្ដីលែងវិញ បើនាងបន់អំពីរឿងអ្វីមួយ នាងនឹងជំពាក់បំណន់នោះ។
10រីឯស្ត្រីដែលរស់នៅជាមួយប្ដីបន់ ឬស្បថអំពីរឿងអ្វីមួយ 11ពេលប្ដីរបស់នាងដឹង តែនៅស្ងៀមមិនជំទាស់ទេ នោះនាងជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានស្បថ។ 12ក៏ប៉ុន្តែ នៅថ្ងៃដែលប្ដីរបស់នាងដឹង ប្រសិនបើគាត់ជំទាស់ នោះនាងនឹងមិនជំពាក់បំណន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានបន់ និងស្បថឡើយ។ ដោយប្ដីចាត់ទុកបំណន់ និងសម្បថរបស់នាងជាអសារបង់ ព្រះអម្ចាស់មិនប្រកាន់ទោសនាងទេ។ 13ប្ដីរបស់នាងអាចរក្សាទុក ឬចាត់ទុកជាអសារបង់នូវបំណន់ទាំងប៉ុន្មានដែលនាងបានបន់ និងសម្បថទាំងប៉ុន្មានដែលនាងបានស្បថថា តមធ្វើការអ្វីមួយ។ 14នៅថ្ងៃដែលប្ដីបានឮដំណឹង ប្រសិនបើគាត់នៅស្ងៀមរហូតដល់ថ្ងៃបន្ទាប់ បានសេចក្ដីថាគាត់រក្សាទុកគ្រប់បំណន់ និងអ្វីៗទាំងប៉ុន្មានដែលនាងបានសន្យា។ ដោយគាត់នៅស្ងៀមក្នុងថ្ងៃដែលគាត់ឮដំណឹង បានសេចក្ដីថាគាត់យល់ស្រប។ 15មួយថ្ងៃក្រោយបានដឹងដំណឹង ប្រសិនបើប្ដីចាត់ទុកបំណន់របស់នាងជាអសារបង់ គាត់ត្រូវទទួលទោសជំនួសប្រពន្ធ»។
16នេះជាច្បាប់ដែលព្រះអម្ចាស់ប្រគល់មកលោកម៉ូសេ ស្ដីអំពីទំនាក់ទំនងរវាងប្ដី និងប្រពន្ធ រវាងឪពុក និងកូនស្រីមិនទាន់រៀបការ ដែលរស់នៅជាមួយឪពុកនៅឡើយ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 30: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.