ជនគណនា 29

29
យញ្ញ‌បូជា​សម្រាប់​ថ្ងៃ​បុណ្យ​ជយ‌ឃោស
1«នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ជយ‌ឃោស។ 2ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់3ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​លាយ​នឹង​ប្រេង​ចំនួន​បី​ភាគ​ដប់​នៃ​អេផា សម្រាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល 4និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។ 5ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា 6ថែម​ពី​លើ​តង្វាយ​ដុត​ប្រចាំ​ខែ និង​តង្វាយ​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ ដូច​មាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា។ នេះ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់»។
យញ្ញ‌បូជា​សម្រាប់​ថ្ងៃ​បុណ្យ​រំដោះ​បាប
7 «នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ហើយ​តម​អាហារ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ 8ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់9ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង សម្រាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល 10និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។ 11ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​សុំ​រំដោះ​បាប តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។
យញ្ញ‌បូជា​សម្រាប់​បុណ្យ​បារាំ
12«នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ គឺ​ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ 13ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ចំនួន​ដប់‌បួន មក​ថ្វាយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់14ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សម្រាប់​គោ​នីមួយៗ ក្នុង​ចំណោម​គោ​ទាំង​ដប់​បី ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល​នីមួយៗ ក្នុង​ចំណោម​ចៀម​ឈ្មោល​ទាំង​ពីរ 15និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ដប់‌បួន។ 16ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។
17នៅ​ថ្ងៃ​ទី​ពីរ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់‌ពីរ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន 18មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 19ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។
20នៅ​ថ្ងៃ​ទី​បី ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​មួយ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន 21មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ​ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 22ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។
23នៅ​ថ្ងៃ​ទី​បួន ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន 24មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 25ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។
26នៅ​ថ្ងៃ​ទី​ប្រាំ​ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​បួន ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន 27មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 28ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ថ្វាយ​ជា​មួយ។
29នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន 30មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ​ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 31ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។
32នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ‌ពីរ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន 33មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 34ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ។
35នៅ​ថ្ងៃ​ទី​ប្រាំ​បី​ជា​ថ្ងៃ​បុណ្យ​ធំ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ 36ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់37ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 38ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។
39នេះ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ឱកាស​ពិធី​បុណ្យ​ធំ​របស់​អ្នក​រាល់​គ្នា ថែម​ពី​លើ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ស្រា ព្រម​ទាំង​យញ្ញ‌បូជា​មេត្រី‌ភាព សម្រាប់​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត»។
40លោក​ម៉ូសេ​ថ្លែង​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក។

ទើបបានជ្រើសរើសហើយ៖

ជនគណនា 29: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល