ជនគណនា 29
29
យញ្ញបូជាសម្រាប់ថ្ងៃបុណ្យជយឃោស
1«នៅថ្ងៃទីមួយនៃខែទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ ព្រោះអ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យជយឃោស។ 2ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 3ត្រូវថ្វាយម្សៅម៉ដ្ដលាយនឹងប្រេងចំនួនបីភាគដប់នៃអេផា សម្រាប់គោ ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោល 4និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។ 5ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា 6ថែមពីលើតង្វាយដុតប្រចាំខែ និងតង្វាយម្សៅដែលត្រូវថ្វាយជាមួយតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ ដូចមានកំណត់ទុកក្នុងក្បួនតម្រា។ នេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។
យញ្ញបូជាសម្រាប់ថ្ងៃបុណ្យរំដោះបាប
7 «នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរនេះ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយតមអាហារ។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ 8ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 9ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយជាមួយប្រេង សម្រាប់គោ ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោល 10និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។ 11ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយសុំរំដោះបាប តង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ»។
យញ្ញបូជាសម្រាប់បុណ្យបារាំ
12«នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ គឺត្រូវធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។ 13ចូរយកគោស្ទាវឈ្មោលដប់បី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះ ចំនួនដប់បួន មកថ្វាយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 14ត្រូវថ្វាយម្សៅម៉ដ្ដបីភាគដប់នៃអេផា លាយជាមួយប្រេង សម្រាប់គោនីមួយៗ ក្នុងចំណោមគោទាំងដប់បី ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោលនីមួយៗ ក្នុងចំណោមចៀមឈ្មោលទាំងពីរ 15និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងដប់បួន។ 16ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
17នៅថ្ងៃទីពីរ ត្រូវយកគោស្ទាវឈ្មោលដប់ពីរ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន 18មកថ្វាយជាមួយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ 19ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
20នៅថ្ងៃទីបី ត្រូវយកគោស្ទាវឈ្មោលដប់មួយ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន 21មកថ្វាយជាមួយម្សៅ និងស្រាតាមចំនួនគោចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ 22ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
23នៅថ្ងៃទីបួន ត្រូវយកគោស្ទាវឈ្មោលដប់ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន 24មកថ្វាយជាមួយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ 25ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
26នៅថ្ងៃទីប្រាំត្រូវយកគោស្ទាវឈ្មោលប្រាំបួន ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន 27មកថ្វាយជាមួយម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ 28ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវថ្វាយជាមួយ។
29នៅថ្ងៃទីប្រាំមួយ ត្រូវយកគោស្ទាវឈ្មោលប្រាំបី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន 30មកថ្វាយជាមួយម្សៅ និងស្រា តាមចំនួនគោចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ 31ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
32នៅថ្ងៃទីប្រាំពីរ ត្រូវយកគោស្ទាវឈ្មោលប្រាំពីរ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនដប់បួន 33មកថ្វាយជាមួយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ 34ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រា ដែលត្រូវច្រួចជាមួយ។
35នៅថ្ងៃទីប្រាំបីជាថ្ងៃបុណ្យធំ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ 36ត្រូវយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 37ត្រូវថ្វាយជាមួយតង្វាយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ 38ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
39នេះជាតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះអម្ចាស់ ក្នុងឱកាសពិធីបុណ្យធំរបស់អ្នករាល់គ្នា ថែមពីលើតង្វាយដុតទាំងមូល តង្វាយម្សៅ និងស្រា ព្រមទាំងយញ្ញបូជាមេត្រីភាព សម្រាប់លាបំណន់ ឬតង្វាយស្ម័គ្រចិត្ត»។
40លោកម៉ូសេថ្លែងប្រាប់ជនជាតិអ៊ីស្រាអែលនូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 29: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.