ជនគណនា 27:12-17

ជនគណនា 27:12-17 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបា‌រីម ហើយ​សម្លឹង​មើល​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។ អ្នក​មើល​ឃើញ​ស្រុក​នេះ ប៉ុន្តែ អ្នក​ត្រូវ​ទទួល​មរណ‌ភាព ទៅ​ជួប‌ជុំ​នឹង​សាច់‌ញាតិ​របស់​អ្នក​វិញ ដូច​អើរ៉ុន​ជា​បង​របស់​អ្នក​ដែរ ព្រោះ​អ្នក​ទាំង​ពីរ​បាន​ប្រឆាំង​នឹង​បញ្ជា​របស់​យើង ក្នុង​ពេល​ដែល​សហគមន៍​នាំ​គ្នា​បះ‌បោរ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​សម្តែង​ឲ្យ​ពួក​គេ​ឃើញ​ភាព​វិសុទ្ធ​របស់​យើង នៅ​ពេល​ប្រជា‌ជន​បះ‌បោរ​អំពី​រឿង​ទឹក​ឡើយ»។ ប្រជា‌ជន​បាន​បះ‌បោរ​អំពី​រឿង​ទឹក​នេះ​នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន។ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្យល់​ដង្ហើម​របស់​សត្វ​លោក​ទាំង​អស់ មេត្តា​តែង‌តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​សហគមន៍​អ៊ីស្រា‌អែល​ផង។ អ្នក​នោះ​នឹង​នាំ​មុខ​ប្រជា‌ជន​ចេញ​ទៅ​ច្បាំង ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ដើម្បី​កុំ​ឲ្យ​សហគមន៍​របស់​ព្រះ‌អម្ចាស់​ប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។